(កំពង់ឆ្នាំង)៖ នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ ជាថ្ងៃចុងក្រោយហើយ នៃយុទ្ធានាការឃោសនាបោះឆ្នោត សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាអ្នកតំណាងរាស្ត្រ មណ្ឌលកំពង់ឆ្នាំង បានអញ្ជើញជាអធិបតី ក្នុងពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នៃរដ្ឋសភាឆ្នាំ២០២៣ នៅក្នុងក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។
ពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោត នៅក្នុងខេត្តកំពង់ឆ្នាំង នាឱកាសនោះ មានការអញ្ជើញចូលរួមអមដំណើរដោយលោក គុយ សុផល អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ខេត្តកំពង់ឆ្នាំង និងលោកស្រី សុខ នារី គុយ សុផល ព្រមទាំងមានការចូលរួមពីលោក លោកស្រី ជាថ្នាក់ដឹកនាំគណបក្សខេត្ត គណបក្សក្រុងកំពង់ឆ្នាំង ក្រុមការងារថ្នាក់កណ្តាល ថ្នាក់ខេត្តចុះជួយក្រុងកំពង់ឆ្នាំង និងសមាជិក សមាជិកា ប្រមាណជាង ៣០,០០0នាក់។
សូមជម្រាបជូនថា យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ចាប់ផ្តើមធ្វើឡើងរយៈពេល២១ថ្ងៃ ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២១កក្កដានេះ បានប្រារព្ធទៅដោយរលូន និងគ្មានអំពើហិង្សា។ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នឹងប្រារព្វធ្វើឡើង នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ដោយមានគណបក្សនយោបាយចំនួន១៨ចូលរួម ក្នុងនោះគណបក្សប្រជាជនកម្ពុជា ស្ថិតនៅលេខរៀង១៨ ក្នុងសន្លឹកឆ្នោត៕