(ភ្នំពេញ)៖ លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅប្រទេសកម្ពុជា បានបង្ហាញនូវជំនឿជឿជាក់ថា ដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ ឆ្នាំ២០២៣ នឹងប្រព្រឹត្តទៅដោយរលូន មានយុត្តិធម៌ និងតម្លាភាព ហើយអាចទទួលយកបាន។

ការលើកឡើងរបស់លោកឯកអគ្គរដ្ឋទូត បានធ្វើឡើងក្នុងឱកាសអញ្ជើញជាភ្ញៀវពិសេស ចុះពិនិត្យការឃោសនាស្វែងរកសំឡេងឆ្នោត នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣នេះ ដែលជាថ្ងៃចុងក្រោយ ជាមួយលោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។

លោក វ៉ាង វិនធាន បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំពិតជាមានកិត្តិយសណាស់ ដែលបានធ្វើជាសាក្សីក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ អាណត្តិទី៧។ ហើយក្នុងយុទ្ធនាការឃោសនា ខ្ញុំមើលឃើញថា គ្រប់គណបក្សដែលបានធ្វើសកម្មភាពឃោសនាយ៉ាងរលូន ហើយមានសេរីភាព ប្រជាជនអាចបង្ហាញជំហររបស់ខ្លួនដោយសេរី។ ខ្ញុំជឿជាក់ថា នេះពិតជាការបោះឆ្នោតដែលមានសន្ដិភាព តម្លាភាព និងយុត្តិធម៌ ហើយប្រជាជនទាំងអស់អាចជ្រើសរើសគណបក្សដោយឆន្ទៈរបស់ខ្លួន»

ឯកអគ្គរដ្ឋទូតរបស់មហាអំណាចចិនរូបនេះ បានឲ្យដឹងថា សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ ឆ្នាំ២០២៣នេះ ខ្លួនបានដាក់អ្នកសង្កេតការណ៍ចំនួន១២នាក់ ក្នុងនោះមកពីគណបក្សកុម្មយនីស្ដចិន, រដ្ឋាភិបាល និងអង្គការក្រៅរបស់រដ្ឋាភិបាលរបស់ចិនផងដែរ។

គួរជម្រាបថា នេះជាលើកទី១ហើយ ដែលឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ក្នុងឋានៈជាភ្ញៀវពិសេស បានចុះពិនិត្យដោយផ្ទាល់ក្នុងដំណើរការឃោសនាបោះឆ្នោតនៅកម្ពុជា ខណៈអាណត្តិកន្លងទៅមិនដែលមានបែបនេះឡើយ។

ការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ មានរយៈពេល២១ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ ខណៈការបោះឆ្នោតនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដែលមានគណបក្សនយោបាយចំនួន១៨ចូលរួម។ ក្នុងដំណើរការបោះឆ្នោតនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចទទួលស្គាល់ជាផ្លូវការ អ្នកសង្កេតការណ៍ជាតិ សរុបចំនួន ៧៤,៣៤១នាក់ ដើម្បីចូលរួមសង្កេតមើលដំណើរការបោះឆ្នោត៕