(ភ្នំពេញ)៖ លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអះអាងថា ដំណើរការបោះឆ្នោតនៅកម្ពុជាពីមួយអាណត្តិ ទៅមួយអាណត្តិ កាន់តែដំណើរការទៅយ៉ាងរលូន និងល្អប្រសើរជាលំដាប់។
ក្នុងឱកាសចុះពិនិត្យមើលដំណើរការឃោសនាបោះឆ្នោតថ្ងៃចុងក្រោយ នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣នេះ រួមជាមួយលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ក្នុងឋានៈជាភ្ញៀវពិសេស, លោក ប្រាជ្ញ ចន្ទ បានអះអាងថា ដំណើរការកាន់តែប្រព្រឹត្តទៅល្អ ដោយសារគណបក្សនយោបាយនៅកម្ពុជា កាន់តែមានភាពចាស់ទុំ និងគោរពគ្នាទៅវិញទៅមក។
លោក ប្រាជ្ញ ចន្ទ បានថ្លែងយ៉ាងដូច្នេះថា «នយោបាយនីមួយៗ កាន់តែយល់ដឹង កាន់តែមានពិសោធន៍ កាន់តែចាស់ទុំ គោរពគ្នាទៅវិញទៅមក មានក្របសីលធម៌ អញ្ចឹងមិនមានបញ្ហាអ្វីនាំឲ្យប៉ះពាល់គ្នានោះទេ។ បើមើលទៅបរិយាកាសកាន់តែល្អប្រសើរ ពីមួយអាណត្តិទៅមួយអាណត្តិកាន់តែល្អប្រសើរ ទាំងយុទ្ធនាការឃោសនាបោះឆ្នោតរបស់បណ្ដាគណបក្សនយោបាយ និងការរៀបចំរបស់គ.ជ.ប កាន់តែមានពិសោធន៍ល្អ ដោយគោរពតាមច្បាប់ បទបញ្ជា នៃការបោះឆ្នោត»។
សម្រាប់ក្នុងយុទ្ធនាការឃោសនាស្វែងរកសំឡេងឆ្នោត ២០ថ្ងៃកន្លងទៅនេះ ក៏ប្រព្រឹត្តទៅដោយរលូនដូចគ្នាផងដែរ ដែលបណ្ដាគណបក្សនយោបាយទាំង១៨ គឺធ្វើសកម្មភាពឃោសនាទៅតាមមូលដ្ឋានរបស់ខ្លួនរៀងៗខ្លួន។ ក្រៅពីដង្ហែក្បូនតាមដងផ្លូវហើយនោះ បណ្ដាគណបក្សនយោបាយតែងតែជួបប្រជុំជាមួយមហាជន និងមានការចុះតាមខ្នងផ្ទះប្រជាពលរដ្ឋ ការចែកខិតប័ណ្ណ និងការសម្ដែងសិល្បៈផ្សេងៗជាដើម ដើម្បីបង្ហាញពីគោលនយោបាយរបស់គណបក្សនីមួយៗ។
ប្រធាន គ.ជ.ប បានអះអាងទៀតថា ជារួម បរិយាកាសនៃការយុទ្ធនាការឃោសនាស្វែងរកសំឡេងឆ្នោត បើគិតមកដល់ថ្ងៃទី២១ ខែកក្កដានេះ មានលក្ខណៈល្អប្រសើរ សន្ដិសុខល្អណាស់ សណ្ដាប់ធ្នាប់ក៏រក្សាបានល្អ ដោយសារកិច្ចសហការរវាងគណៈកម្មការបោះឆ្នោតគ្រប់ថ្នាក់ ជាមួយអាជ្ញាធរមានសមត្ថកិច្ចបង្កលក្ខណៈបានល្អជូនគណបក្សនយោបាយ ចែកវេនគ្នាដើម្បីធ្វើសកម្មភាព។
ដោយឡែក ពាក់ព័ន្ធបណ្ដឹងរបស់បណ្ដាគណបក្សនយោបាយវិញ លោក ប្រាជ្ញ ចន្ទ បានឲ្យដឹងថា គ.ជ.ប ក៏ទទួលបានបណ្ដឹងប្រមាណ៣០បណ្ដឹង ដែលភាគច្រើនតាមប្រព័ន្ធអនឡាញ ដោយសារការឃោសនាតាមបណ្ដាញសង្គមមួយចំនួន បានបំពានច្បាប់ស្ដីពីការបោះឆ្នោត ពិសេសក្រោយការធ្វើវិសោធនកម្មច្បាប់ស្ដីពីការបោះឆ្នោតតែម្ដង។ បណ្ដឹងទាំងអស់នោះ មានមកពីប្រជាពលរដ្ឋ និងគណបក្សនយោបាយដែលមិនពេញចិត្ត។
ជាមួយគ្នានេះ លោក ប្រាជ្ញ ចន្ទ ក៏បានបញ្ជាក់អំពីចំនួនអ្នកសង្កេតការណ៍អន្ដរជាតិ ដែលចូលរួមសង្កេតការណ៍បោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ ឆ្នាំ២០២៣នេះ មានប្រមាណជាង៤០០នាក់ មកពីបណ្ដាស្ថាប័នចំនួន៦០ នៅទូទាំងពិភពលោក ក្នុងនោះមានទាំងនាយករដ្ឋមន្ដ្រី ប្រធានសភា និងអតីតឥស្សរជនជាន់ខ្ពស់ នៃបណ្ដាប្រទេសទាំងអស់នោះផងដែរ។
សូមជម្រាបជូនថា ការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ មានរយៈពេល២១ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ ខណៈការបោះឆ្នោតនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។ ក្នុងដំណើរការបោះឆ្នោតនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចទទួលស្គាល់ជាផ្លូវការ អ្នកសង្កេតការណ៍ជាតិ សរុបចំនួន ៧៤,៣៤១នាក់ ដើម្បីចូលរួមសង្កេតមើលដំណើរការបោះឆ្នោត៕