(ព្រះវិហារ)៖ លោក ចាន់ នន់វិទ្យា សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានស្រុកសង្គមថ្មី ខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣នេះ បានអញ្ជើញដឹកនាំសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាប្រមាណ១,៥០០នាក់ ដង្ហែក្បួនបិទយុទ្ធនាការឃោសនា បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ជាមួយនឹងការអំពាវនាវឲ្យសមាជិក និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋកម្ពុជា អញ្ជើញទៅចូលរួមបោះឆ្នោតទាំងអស់គ្នានៅថ្ងៃទី២៣ ខែកក្កដា ខានស្អែកនេះ។

ពិធីដង្ហែក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា ស្រុកសង្គមថ្មី ខេត្តព្រះវិហារ នាឱកាសនោះ មានការចូលរួមពីលោក លោកស្រី ជាអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុក លោក លោកស្រី ជាប្រធាន អនុប្រធាន ក្រុមការងារខេត្តចុះជួយស្រុកសង្គមថ្មី ចុះជួយឃុំ លោកប្រធាន អនុប្រធាន គណបក្សស្រុក ឃុំ ភូមិ និងសមាជិក សមាជិកា គណបក្សប្រជាជនប្រមាណ១,៥០០នាក់។

លោក ចាន់ នន់វិទ្យា បានថ្លែងប្រាប់សមាជិកបក្សទាំងអស់ និងប្រជាពលរដ្ឋស្រុកជាំក្សាន្ត ត្រូវថែរក្សាសុខភាពឲ្យបានល្អ ត្រៀមខ្លួន ត្រៀមអត្តសញ្ញាណបណ្ណ និងឯកសារពាក់ព័ន្ធដែលអាចបម្រើការងារបោះឆ្នោតបាន ត្រូវទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៃរដ្ឋសភា នៅថ្ងៃអាទិត្យទី២៣ ខែកក្កដា ឆ្នាំ២០២៣ខានស្អែកនេះ ជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ ដើម្បីគណបក្សប្រជាជនកម្ពុជា បន្តដឹកនាំប្រទេសឆ្ពោះទៅកាន់សុខសន្តិភាព និងការអភិវឌ្ឍតទៅទៀត៕