(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអនុញ្ញាតឲ្យលោក តាន់ស៊្រីដាតុ ហ្សហារី ប៊ីនអាប់ឌុល ប្រធានសភាម៉ាឡេស៊ី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងខណៈលោកអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីចូលរួមសង្កេកការណ៍ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។

សម្តេចតេជោ ហ៊ុន សែន បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះការអញ្ជើញរបស់លោកប្រធានសភាម៉ាឡេស៊ី ដែលជាការផ្តល់នូវមហាកិត្តិយស និងវត្តមានដ៏មានតម្លៃ ក្នុងការពង្រឹងនូវទំនាក់ទំនងទ្វេភាគី ក៏ដូចជាបានធ្វើជាសាក្សីនៃដំណើរការប្រជាធិបតេយ្យ នៃការបោះឆ្នោតជ្រើសរើសសមាជិកសភា អាណត្តិទី៧ ដែលកំពុងដំណើរការប្រកបដោយភាពល្អប្រសើរ។

លោក តាន់ស៊្រីដាតុ ហ្សហារី ប៊ីនអាប់ឌុល ប្រធានសភាម៉ាឡេស៊ី បានថ្លែងអំណរគុណ ចូនចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានទទួលជួបលោក បើទោះបីជាសម្តេចមានពេលវេលា និងការងារយ៉ាងមមាញឹកយ៉ាងណាក៏ដោយ។ លោកបានបញ្ចេញចំណាប់អារម្មណ៍ចំពោះការរីកចម្រើនរបស់ប្រទេសកម្ពុជា ក្រោយពេលដែលលោកបានអញ្ជើញមកដល់ព្រលានយន្តហោះ ដែលរូបលោកធ្លាប់បានអញ្ជើញមកក្នុងរយៈពេលជាង២០ឆ្នាំកន្លងមក ដែលមានភាពល្អប្រសើរ និងរីកចម្រើនលូតលាស់មានអគារខ្ពស់ៗ និងផ្លូវគមនាគមន៍ខ្វាត់ខ្វែង ដែលរូបលោកស្ទើរតែមិនជឿថា នេះគឺជាទីក្រុងភ្នំពេញ នៃប្រទេសកម្ពុជានោះឡើយ។

លោកបានរំលឹកពីដំណើរកាលពីឆ្នាំ២០០០ ពេលនោះលោកបានធ្វើដំណើរទៅខេត្តកំពង់ចាម មានផ្លូវដ៏រលាក់ដែលលោកប្រៀបជាការធ្វើដំណើរតាមទូក លើទឹកដែលមានរលកដូច្នេះដែរ។ លោកបានរៀបរាប់ពីការអានសៀវភៅជាច្រើន ពីប្រវត្តិរបស់សម្តេច និងបានយល់ថា ដំណើរការតស៊ូដ៏ស្វិតស្វាញ់ ការឆ្លងកាត់ការលំបាក ការបែកបាក់គ្រួសារ ដើម្បីរំដោះប្រទេសជាតិពីរបបខ្មែរក្រហម និងបានដឹកនាំប្រទេសឲ្យមានការរីកចម្រើន ឲ្យមានការឯកភាពជាតិ ដែលមេដឹកនាំបណ្តាប្រទេសអាស៊ាន គួរអនុវត្តន៍ និងរៀនសូត្រតាម។

ក្នុងឱកាសនោះ សម្តេចតេជោនាយករដ្ឋមន្រ្តី មានប្រសាសន៍ថ្លែងអំណរគុណ ជូនចំពោះចំណាប់អារម្មណ៍ប្រកបដោយភាពវិជ្ជមានរបស់ប្រធានសភាម៉ាឡេស៊ី និងបានគូសបញ្ជាក់បន្ថែមថា រូបសម្តេចផ្ទាល់បានខិតខំធ្វើការដោយលំបាកលំបិនបំផុត មានប្រវត្តឈឺចាប់ និងបានកសាងប្រទេសពីបាតដៃទទេរ បន្តិចម្តងៗ ដោយចាប់ផ្តើមពីការបញ្ចប់សង្រ្គាម ដែលជាឱកាសមាសសម្រាប់កម្ពុជា ក្នុងរយៈពេល២៤ឆ្នាំចុងក្រោយ ដោយបានបង្រួបបង្រួមប្រទេសឲ្យមានការឯកភាពទឹកដីតែមួយ គ្មានការរើសអើងជាតិសាសន៍ សាសនា មានសិទ្ធសេរីភាព មានប្រជាធិបតេយ្យ និងបានធ្វើឲ្យសេដ្ឋកិច្ចមានកំណើនជាលំដាប់។ បើទោះបីជាកម្ពុជា ជួបប្រទះនូវវិបត្តិសេដ្ឋកិច្ចជាបន្តបន្ទាប់ ជំងឺរាតត្បាតកូវីដ១៩ និងបច្ចុប្បន្នសង្រ្គាមរវាងរុស្សី និងអ៊ុយក្រែនក៏ដោយ ក៏កម្ពុជាអាចរក្សាបាននូវកំណើនមួយដ៏ល្អ ពោលគឺកាលពីឆ្នាំ២០២២កន្លងមក កម្ពុជារក្សាបានកំណើនប្រមាណជាង៥ភាគរយ ហើយសង្ឃឹមថា និងរក្សាបានកំណើន ៥,៦ភាគរយ នៅក្នុងឆ្នាំ២០២៣។

សម្តេចតេជោ ហ៊ុន សែន បានបន្តថា កម្ពុជាក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា កម្ពុជារក្សាបាននូវសុខដុមរមនាគ្រប់សាសនាទាំងអស់ ជនជាតិម៉ូស្លីមមានសិទ្ធសេរីភាព មានការរីកចម្រើន មិនមានការរើសអើង និងត្រូវបានយកចិត្តទុកដាក់ មានតួនាទីនៅក្នុងស្ថាប័ន ថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ បានទទួលការហ្វឹកហ្វីន ដែលបច្ចុប្បន្នបងប្អូនម៉ូស្លីមនៅកម្ពុជា មានបញ្ញាវន្តជាច្រើន និងបានបម្រើការងារនៅគ្រប់លំដាប់ថ្នាក់ ក្នុងរាជរដ្ឋាភិបាល ព្រឹទ្ធសភា រដ្ឋសភា និងអ្នកការទូត ដែលកាន់តួនាទីជាឯកអគ្គរាជទូត នៅតាមបណ្តាប្រទេសអារ៉ាប់មួយចំនួនផងដែរ។

នៅលើទំនាក់ទំនងទ្វេភាគី សម្តេចតេជោមានប្រសាសន៍ថា ទំនាក់ទំនងទ្វេភាគី នៃប្រទេសទាំងពីរ បានឆ្លងកាត់ការផ្លាស់ប្តូរទស្សនកិច្ចជាបន្តបន្ទាប់ មានការរីកចម្រើនលើគ្រប់វិស័យ ពិសេសវិស័យពាណិជ្ជកម្ម។ សម្តេចបន្តថា យើងបានធ្វើការផ្លាស់ប្តូរទស្សនកិច្ចនានាកន្លងមក ពិសេសទស្សនកិច្ចរបស់លោកនាយករដ្ឋមន្រ្តីម៉ាឡេស៊ី អ៊ីនវ៉ា អ៊ីប្រាហ៊ីម មកកាន់កម្ពុជាកាលពីដើមឆ្នាំ២០២៣ បានពង្រឹងនិងពង្រីកទំនាក់ទំនងទ្វេភាគីបន្ថែមទៀត។

សម្តេចតេជោនាយករដ្ឋមន្រ្តី និងប្រធានសភា នៃប្រទេសម៉ាឡេស៊ី បានឯកភាពគ្នាក្នុងការពង្រឹងនិងពង្រីកបន្ថែមទៀត ក្នុងក្របខណ្ឌអាស៊ាន ដែលយើត្រូវជួយគ្នាទៅវិញទៅមក ពិសេសនៅលើបញ្ហាបម្រែបម្រួលាកាសធាតុ បញ្ហាសសន្តិសុខស្បៀង បង្កើនការតភ្ជាប់រវាងបណ្តាប្រទេសនានា នៅក្នុងវិស័យថាមពល ការប្រើប្រាស់ឡើងវិញនូវថាមពលកកើតឡើងវិញ និងកិច្ចសហប្រតិបត្តិការលើការផលិតស្បៀងផ្គត់ផ្គង់ស្បៀងនៅក្នុងតំបន់ ប្រកបដោយស្ថេរភាព។

សម្តេចតេជោបន្តថា កន្លងមកអាស៊ានហាក់បានមើលទៅខាងក្រៅជាផ្ទៃក្នុងរបស់ខ្លួន តែសភាពការណ៍នៅក្នុងសម័យកូវីដ បានជំរុញដល់បណ្តាប្រទេសាស៊ាន មកគិតគូរក្នុងទំនាក់ទំនងនិងការផ្លាស់ប្តូរ ជួយគ្នាទៅវិញទៅមក នៅក្នុងក្របខណ្ឌអាស៊ាន ពិសេសនៅក្នុវិស័យអាស៊ានអាស្តារ។

លោកប្រធានសភាម៉ាឡេស៊ី បានជូនពរសម្តេចតេជោនាយករដ្ឋមន្រ្តី និងគណបក្សប្រជាជនកម្ពុជា ទទួលបានជោគជ័យសម្រាប់ការបោះឆ្នោត ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៣ ខែកក្កដាខាងមុខ៕