(កំពង់ធំ)៖ លោក ថោង ខុន អនុប្រធានទី១ក្រុមការងារគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ និងជាប្រធានក្រុមការងារចុះជួយស្រុកបារាយណ៍និងស្រុកតាំងគោក នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣នេះ បានដឹកនាំសមាជិក សមាជិកាគណបក្ស បិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រេីសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅស្រុកបារាយណ៍ និងស្រុកតាំងគោក ដោយមានសមាជិកបក្សចូលរួម ៦០០០នាក់។
* សម្រាប់ការដង្ហែរក្បូនបិទយុទ្ធនាការឃោសនាបោះឆ្នោតនៅស្រុកបារាយណ៍មានអ្នកចូលរួមជាង ៣០០០នាក់ ចាប់ដង្ហែពីភូមិ ឃុំ រៀងៗខ្លួន និងជួបគ្នានៅបឹងសំរឹទ្ធ។
* សម្រាប់ការដង្ហែក្បូនបិទយុទ្ធនាការនៅស្រុកតាំងគោក មានអ្នកចូលរួមជាង ៣០០០នាក់ ចាប់ដង្ហែពីវត្តថ្លា ដល់មុខវត្តស្វាយជីអោក (មណ្ឌលអភិវឌ្ឍន៍តេជោ ហ៊ុន សែន ទី៥)។
លើកនាឱកាសនោះ លោកបណ្ឌិត ថោង ខុន ក្នុងនាមសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក៏ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមានរបស់ក្រុមការងារចុះជួយខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងប្រជាពលរដ្ឋទាំងអស់ដែលបាន និងកំពុងសកម្មប្រឹងប្រែងចូលរួមក្នុងយុទ្ធនាការឃោសនាបោះឆ្នោតទាំងថ្ងៃទាំងយប់ ដោយបានយកអស់កម្លាំងកាយចិត្ត សម្ភារ ថវិកា ពេលវេលា សំដៅធ្វើឲ្យសម្រេចជោគជ័យក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ខាងមុខនេះ។
លោកបណ្ឌិត ថោង ខុន បានបន្ថែមថា សម្តេចតេជោគឺជានិមិត្តរូបនៃការផ្លាស់ប្តូរដ៏ធំធេង៖ ការផ្លាស់ប្តូរពីវាលពិឃាតមកការរស់រានមានជីវិត ការផ្លាស់ប្តូរពីសង្គ្រាម មកកាន់សុខសន្តិភាព ការផ្លាស់ប្តូរពីភាពក្រីក្រតោកយ៉ាក មកការអភិវឌ្ឍន៍លើគ្រប់វិស័យ និងមានកិត្តិនាមស្មើមុខស្មើមាត់លើឆាកអន្តរជាតិ។ សម្តេចតេជោ គឺជានិមិត្តរូបនៃសន្តិភាពនិងការអភិវឌ្ឍន៍ ជានិមិត្តរូបនៃភាពជោគជ័យ និងភាពអង់អាចក្លាហាន។
លោកបណ្ឌិត សង្ឃឹមជឿជាក់ថា ប្រជាពលរដ្ឋេខេត្តកំពង់ធំនឹងបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាបានចំនួនច្រើនជាអតិបរមា ដើម្បីឲ្យគណបក្សប្រជាជនកម្ពុជា បន្តដឹកនាំប្រទេស ហើយគណបក្សប្តេជ្ញាអនុវត្តឲ្យបាននូវគោលការណ៍ទាំង ០៨ចំណុច ដែលគណបក្សបានដាក់ចេញ តាមគោលនយោបាយកសាង និងការពារមាតុភូមិ ឆ្នាំ២០២៣-២០២៨ ។
សូមជម្រាបថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា ការឃោសនាបោះឆ្នោតត្រូវប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ សរុបមានរយៈពេល២១ថ្ងៃ ខណៈការបោះឆ្នោតនិងធ្វើឡើងនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣៕