(កណ្តាល)៖ ក្នុងថ្ងៃបិទបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ដែលត្រូវថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣នេះ លោកបណ្ឌិត កែវ បេងវឌ្ឍន៍ ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈអចិន្ត្រៃយ៍ក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ព្រែកអំពិល និងសង្កាត់ព្រែកលួង បានដឹកនាំសមាជិក សមាជិកាគណបក្សប្រមាណជិត ២៥០០នាក់ ដង្ហែក្បូនបិទយុទ្ធនាការឃោសនាបោះឆ្នោតនៅក្នុងនៅសង្កាត់ព្រែកអំពិល និងសង្កាត់ព្រែកលួង ក្រុងអរិយក្សត្រ។

សមាជិក សមាជិកាទាំងអស់សុទ្ធតែបានប្រកាស អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានសញ្ញាទេវតាបាចផ្កា លេខរៀងទី១៨ ដើម្បីគាំទ្រសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៅអាណត្តិទី៧ និងគាំទ្របណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត ដើម្បីបន្តដឹកនាំប្រទេសឆ្ពោះទៅកាន់សុខសន្តិភាព និងការអភិវឌ្ឍ។

បន្ទាប់ពីកម្មវិធីសំណេះសំណាល សមាជិក-សមាជិកា បានដង្ហែក្បួនយុទ្ធនាការឃោសនាបោះឆ្នោត ទៅតាមមូលដ្ឋានរៀងៗខ្លួន។

សូមបញ្ជាក់ថា សម្រាប់យុទ្ធនាការឃោសនា បោះឆ្នោតជ្រើសរើសតំណាងរាស្រ្តអាណត្តិទី៧ រយៈពេល២១ថ្ងៃ ដែលបានចាប់ផ្តើមកាលពីថ្ងៃទី១ ខែកក្កដា  ឆ្នាំ២០២៣ត្រូវបិទបញ្ចប់នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣នេះ ដោយជាទូទៅយុទ្ធនាការ ក្នុងរយៈពេលជាង២០ថ្ងៃកន្លងទៅនេះ បានប្រព្រឹត្តិទៅក្រោមបរិយាកាសល្អប្រសើរ គ្មានអំពើហិង្សាកើតឡើងឡើយ៕