(ពោធិ៍សាត់)៖ បន្ទាប់ពីធ្វើការចុះឃោសនារកសម្លេងគ្រាំទ្រ ពីប្រជាពលរដ្ឋអស់រយៈពេល២១ថ្ងៃ ក្នុងមូលដ្ឋានខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣នេះ គណបក្សប្រជាជនកម្ពុជា ខេត្តពោធិ៍សាត់ បានរៀបចំដង្ហែក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោត នៅគ្រប់មូលដ្ឋានក្រុង-ស្រុកទាំង៧ និងគ្រប់ឃុំ-សង្កាត់ទាំងអស់ ដោយមានសមាជិកប្រមូលផ្តុំចាប់ពី ១០០០នាក់ឡើងទៅ តាមទីតាំងនីមួយៗ។
ក្នុងនោះដែរ លោក ស៊ុយ សែម ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តពោធិ៍សាត់ និងលោកស្រី ជា ខេង បានអញ្ជើញដឹកនាំដង្ហែក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោត នៅមូលដ្ឋានឃុំស្នាមព្រះ ស្រុកបាកានដោយមានសមាជិកគណបក្សចូលរួមប្រមាណ ១៥០០នាក់ រថយន្តប្រមាណ១០០គ្រឿង ចេញដំណើរពីទីស្នាក់ការគណបក្សឃុំស្នាមព្រះ ឆ្ពោះទៅបូជនីយដ្ឋានប្រវត្តិសាស្ត្រលោកឧកញ្ញា ឃ្លាំង ម៉ឿង រួចបន្តដង្ហែរកាត់តាមភូមិនានានៃឃុំស្នាមព្រះ។
នាឱកាសនោះ លោក ស៊ុយ សែម បានមានប្រសាសន៍លើកឡើងថា សមាជិកម្នាក់ គឺជាសន្លឹកឆ្នោតមួយសន្លឹករបស់គណបក្ស ដូចនេះយើងរួមគ្នាដើម្បីគណបក្សយើងទទួលបានជោគជ័យ សម្រាប់ថ្ងៃទី២៣ ខាងមុខនេះ ដើម្បីបន្តដឹកនាំប្រទេសអោយកាន់តែរីកចម្រើន បន្តថែរក្សាសុខសន្តិភាព បន្តការគាំពារសង្គមជូនដល់ប្រជាពលរដ្ឋ សម្រាប់៥ឆ្នាំបន្តទៀត។
សូមបញ្ជាក់ដែរថា ក្នុងខេត្តពោធិ៍សាត់ មានគណបក្សឈរឈ្មោះបោះឆ្នោតសរុបចំនួន១១ ក្នុងនោះគណបក្សចំនួន០៧បានចុះធ្វើសកម្មភាពឃោសនារកសម្លេងគ្រាំទ្រ។ ហើយប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសរុបចំនួន៣០ម៉ឺន៣២៨នាក់ មានការិយាល័យបោះឆ្នោតចំនួន៧៤៤។
មានកម្លាំងការពារសន្តិសុខតាមការិយាល័យបោះឆ្នោត សរុប១៤៦១នាក់ មានអ្នកសង្កេតការណ៍សរុបចំនួន២៥៣៦នាក់ មកពីបណ្តាល សមាគម អង្គការ សង្គមស៊ីវិល នានាចំនួន១៧ស្ថាប័ន។
ស្ថានភាពទូទៅក្នុងរយះពេលល២១ថ្ងៃនៃការឃោសនាបោះឆ្នោត ប្រព្រឹត្តទៅយ៉ាងល្អប្រសើរ ទាំងផ្នែកសន្តិសុខសុវត្ថិភាព ឥរិយាបថ ក្រមសិលធម៌របស់គណបក្សនានា ដោយគោរពទៅតាមច្បាប់ បទបញ្ជានីតិវិធីនៃការ បោះឆ្នោតក្នុងស្មារតីទទួលខុស និងយោគយល់ អធ្យាស្រ័យគ្នាទៅវិញទៅមក៕