(កំពង់ស្ពឺ)៖ លោកកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន សមាជិកអចិន្រ្តៃយ៍ និងជាប្រធានក្រុមការងារគណបក្សចុះជួយខេត្តកំពង់ស្ពឺ លោក ហ៊ុន ម៉ានី អនុប្រធានទី១ និងលោក លោកស្រីអនុប្រធាន សមាជិក សមាជិកាក្រុមការងារចុះជួយខេត្ត ក្រុង-ស្រុក បានអញ្ជើញចូលរួមក្នុងពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោត នៃការជ្រើសតាំងតំណាងរាស្រ្តនិតិកាលទី៧ ឆ្នាំ២០២៣ ជាមួយសមាជិកសមាជិកាគណបក្សប្រមាណ ៥ពាន់នាក់ នៅទីលានវិមានឯករាជ្យខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣។
នាឱកាសនោះ លោក ហ៊ុន ម៉ានី បានថ្លែងអំណរគុណ និងកោតសរសើរចំពោះថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ដែលបានចូលរួមអនុវត្តការងារយ៉ាងយកចិត្តទុកដាក់ ក្នុងនោះក្នុងរយះពេល ២០ថ្ងៃពេញ ក្រុមការងារចុះជួយក្រុមជាន់ថ្នាក់ បានចុះតាមខ្នងផ្ទះ ដើម្បីណែនាំសល់ប្រជាពលរដ្ឋពី ពេលវេលា ទីតាំង ឯកសារដែលត្រូវយកទៅបោះឆ្នោត។
ជាមួយគ្នានេះ លោកបានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ ក្រុមគ្រួសារគណបក្សប្រជាជនទាំងអស់ ដែលបានចូលរួមជីវភាពជាមួយគណបក្សប្រជាជន ផ្តល់ទំនុកចិត្ត និងភាពជឿជាក់មកលើគណបក្សប្រជាជន រួមទាំងចេញទៅបោះឆ្នោតជូនគណបក្សប្រជាជន។
ជាមួយគ្នានោះលោកបានគូសបញ្ជាក់ថា ការដឹកនាំរបស់គណបក្សប្រជាជន គឺដឹកនាំប្រកបដោយគោលនយោបាយច្បាស់លាស់ ចក្ខុវិស័យវែងឆ្ងាយ ដោយពឹងផ្អែកលើបទពិសោធន៍ដឹកនាំ។ រយៈពេល ៤៤ឆ្នាំចុងក្រោយនេះ គណបក្សប្រជាជនកម្ពុជា បាននាំនូវការអភិវឌ្ឍ និងការរីកចម្រើនបន្ទាប់ពីកម្ពុជាបានឆ្លងកាត់បទពិសោធដ៏ជូរចត់កន្លងមក។
លោក ហ៊ុន ម៉ានី បានបន្ថែមថា រាជរដ្ឋាភិបាលដែលដឹកនាំដោយ CPP គឺបេជ្ញាចិត្តបម្រើប្រជាជន និងបន្តអនុវត្តគោលនយោបាយបក្សដើម្បីផលប្រយោជន៍ប្រទេសជាតិ។
លោលបានរំលេចថា ក្រោមម្លប់នៃសន្តិភាព គណបក្សបក្សប្រជាជនបានប្រើឱកាសបន្ថែមដើម្បីលើកស្ទួយជីវភាពប្រជាជនទូទៅមិនថា បងប្អូនកម្មករ កម្មការិនី មន្រ្តីរាជការ អាជីវករជាដើម។ល។
លោកបានលើកឡើងថា «វត្តមានបងប្អូនប្រជាពលរដ្ឋកំពង់ស្ពឺនាឱកាសបិទយុទ្ធនាការបោះឆ្នោតនេះមានគោលបំណងតែមួយគត់គឺ ពាក់ Logo គណបក្សប្រជាជនកម្ពុជា ដើម្បីគាំទ្រគណបក្សប្រជាជនកម្ពុជាឱ្យបន្តដឹកនាំប្រទេសជាតិទៅមុខ » ដោយនឹងចេញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។
លោក ហ៊ុន ម៉ានី បានបន្តថា ការបោះឆ្នោត ១ សន្លឹកជូនគណបក្សប្រជាជនកម្ពុជា គឺធានាដល់អត្ថប្រយោជន៍ដល់បងប្អូនប្រជាពលរដ្ឋ និងក្រុមគ្រួសារ។
លោកបានអំពាវនាវដល់ឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ចេញទៅបោះឆ្នោតទាំងអស់គ្នា ជូនគណបក្សប្រជាជនកម្ពុជា លេខរៀងទី ១៨ ដោយគូសបញ្ជាក់ថា «ការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា គឺជាការដឹកនាំប្រកបដោយការឯកភាពផ្ទៃក្នុង សាមគ្គីភាព ភាពចាស់ទុំ ភាពទទួលខុសត្រូវចំពោះជោគវាសនាប្រទេសជាតិ»។
លោកបានបន្ថែមថា «បើសិនគណបក្សប្រជាជនកម្ពុជាទទួលបានជ័យជម្នះគឺ អត្ថប្រយោជន៍ទាំងអស់របស់ប្រជាជននឹងថែរក្សា រួមទាំងកើនឡើងបន្ថែមទៀត»៕