(ត្បូងឃ្មុំ)៖ ក្នុងថ្ងៃបិទបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ដែលត្រូវថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣នេះ លោក វង សូត ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានដឹកនាំ សមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាជាង៥០០០នាក់ ចូលរួមបិទយុទ្ធនការឃោសនារកសំឡងឆ្នោត។

សមាជិក សមាជិកាទាំងអស់សុទ្ធតែបានប្រកាស អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានសញ្ញាទេវតាបាចផ្កា លេខរៀងទី១៨ ដើម្បីគាំទ្រសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៅអាណត្តិទី៧ និងគាំទ្របណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត ដើម្បីបន្តដឹកនាំប្រទេសឆ្ពោះទៅកាន់សុខសន្តិភាព និងការអភិវឌ្ឍ។

ថ្លែងក្នុងឱកាសនោះ លោក វង សូត បានលើកឡើងថា យុទ្ធនាការរបស់យើងបានធ្វើឲ្យប្រជាជន មហាជន យល់ថាការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនិតីកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ គឺជាព្រឹត្តិការណ៍នយោបាយជាប្រវត្ថិសាស្រ្តមួយដែលមានសារៈសំខាន់ជាទីបំផុត។ ការសម្រេចចិត្តខាងនយោបាយរបស់ប្រជាពលរដ្ឋ នៅក្នុងការបោះឆ្នោតនេះ ដើម្បីជ្រើសរើសគណបក្សណាមួយឲ្យបន្តដឹកនាំប្រទេស គឺមានលក្ខណៈកំណត់ចំពោះជោគវាសនា អនាគតជាតិ និងប្រជាជនយើង។

ក្នុងនាមជាប្រធានក្រុមការងារ គណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានខេត្ត លោក វង សូត សូមប្រកាសជាថ្មី និងសូមការគាំទ្រពីជនរួមជាតិនៅក្នុងទូទាំងខេត្តត្បូងឃ្មុំ បន្តគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។

សូមបញ្ជាក់ថា សម្រាប់យុទ្ធនាការឃោសនា បោះឆ្នោតជ្រើសរើសតំណាងរាស្រ្តអាណត្តិទី៧ រយៈពេល២១ថ្ងៃ ដែលបានចាប់ផ្តើមកាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣ត្រូវបិទបញ្ចប់នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣នេះ ដោយជាទូទៅយុទ្ធនាការ ក្នុងរយៈពេលជាង២០ថ្ងៃកន្លងទៅនេះ បានប្រព្រឹត្តិទៅក្រោមបរិយាកាសល្អប្រសើរ គ្មានអំពើហិង្សាកើតឡើងឡើយ៕