(ព្រះវិហារ)៖ លោក ស្រី ឌឹក សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានស្រុកជាំក្សាន្ត ខេត្តព្រះវិហារ និងភរិយា នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣នេះ បានអញ្ជើញដឹកនាំ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាប្រមាណ២០០០នាក់ ដង្ហែរក្បួនបិទយុទ្ធនាការឃោសនា បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ជាមួយនឹងការអំពាវនាវឱ្យសមាជិក និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋកម្ពុជា អញ្ជើញទៅចូលរួមបោះឆ្នោតទាំងអស់គ្នានៅថ្ងៃទី២៣ ខែកក្កដា ខានស្អែកនេះ។
ពិធីដង្ហែក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នាឱកាសនោះ មានការចូលរួមពីលោក លោកស្រី ជាអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកជាំក្សាន្ត លោក លោកស្រី ជាប្រធាន អនុប្រធាន ក្រុមការងារខេត្តចុះជួយស្រុកជាក្សាន្ត ចុះជួយឃុំ លោកប្រធាន អនុប្រធាន គណបក្សស្រុក ឃុំ ភូមិ និងសមាជិក សមាជិកា គណបក្សប្រជាជនប្រមាណ២០០០នាក់។
លោក ស្រី ឌឹក បានថ្លែងប្រាប់សមាជិកបក្សទាំងអស់ និងប្រជាពលរដ្ឋស្រុកជាំក្សាន្ត ត្រូវថែរក្សាសុខភាពឱ្យបានល្អ ត្រៀមខ្លួន ត្រៀមអត្តសញ្ញាណបណ្ណ និងឯកសារពាក់ព័ន្ធដែលអាចបម្រើការងារបោះឆ្នោតបាន ត្រូវទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៃរដ្ឋសភា នៅថ្ងៃអាទិត្យទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខានស្អែកនេះ ជូនគណបក្សប្រជាជនកម្ពុជាដែលមានលេខរៀងទី១៨ ដើម្បីគណបក្សប្រជាជនកម្ពុជា បន្តដឹកនាំប្រទេសឆ្ពោះទៅកាន់សុខសន្តិភាព និងការអភិវឌ្ឍតទៅទៀត។
ពិធីដង្ហែក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោតនៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ក្រោមវត្តមានលោក ស្រី ឌឹក នាឱកាសនេះ គឺបានរៀបចំធ្វើពិធីជួបជុំគ្នាទីនៅស្នាក់ការគណបក្សបក្សស្រុកជាំក្សាន្ត និងបានដង្ហែរមកជួបជុំគ្នានៅរង្វង់មូលស្រអែម ក្រោមបរិយាកាសសប្បាយរីករាយក្រៃលែង៕