(បាត់ដំបង)៖ ក្នុងថ្ងៃបិទបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ដែលត្រូវថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣នេះ លោកសន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងារគណបក្ស ប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកបាណន់ ខេត្តបាត់ដំបង បានដឹកនាំការហែក្បូនបិទបញ្ចប់ការឃោសនាបោះឆ្នោតនៅតាមមូលដ្ឋានស្រុក ដោយមានសមាជិកចូលរួម២៥០០នាក់។
សមាជិក សមាជិកាទាំងអស់សុទ្ធតែបានប្រកាស អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានសញ្ញាទេវតាបាចផ្កា លេខរៀងទី១៨ ដើម្បីគាំទ្រសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៅអាណត្តិទី៧ និងគាំទ្របណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត ដើម្បីបន្តដឹកនាំប្រទេសឆ្ពោះទៅកាន់សុខសន្តិភាព និងការអភិវឌ្ឍ។
លោកបានលើកឡើងថា សុខសន្តិភាពនេះ គឺមានគុណតម្លៃមិនអាចកាត់ថ្លៃបាន គ្មានសុខសន្តិភាព គឺគ្មានអ្វីទាំងអស់។
ក្រៅពីលើកឡើងបង្ហាញស្នាដៃនៃការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាហើយនោះ លោកសន្តិបណ្ឌិត សុខ ផល បានអំពាវនាវដល់សមាជិក សមាជិកាបក្សប្រជាជនកម្ពុជា ក៏ដូចជាពលរដ្ឋក្នុងឃុំត្បែងអញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឱ្យបានគ្រប់គ្នានៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ គាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត។
ជាមួយគ្នានោះលោកក៏បានអំពាវនាវប្រជាពលរដ្ឋកុំស្តាប់តាមការញុះញង់របស់ជនក្បត់ជាតិ៣ជំនាន់ សម រង្ស៉ី គូសបំផ្លាញសន្លឹកឆ្នោត។ លោកបានក្រើនរំលឹកថា គូសបំផ្លាញសន្លឹកឆ្នោត គឺជាទង្វើខុសនឹងច្បាប់។
សូមបញ្ជាក់ថា សម្រាប់យុទ្ធនាការឃោសនា បោះឆ្នោតជ្រើសរើសតំណាងរាស្រ្តអាណត្តិទី៧ រយៈពេល២១ថ្ងៃ ដែលបានចាប់ផ្តើមកាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣ត្រូវបិទបញ្ចប់នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣នេះ ដោយជាទូទៅយុទ្ធនាការ ក្នុងរយៈពេលជាង២០ថ្ងៃកន្លងទៅនេះ បានប្រព្រឹត្តិទៅក្រោមបរិយាកាសល្អប្រសើរ គ្មានអំពើហិង្សាកើតឡើងឡើយ៕