(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់ស្វាយ ដឹកនាំសមាជិកគណបក្សប្រជាជនប្រមាណ ១២០០នាក់ ដង្ហែក្បួនបិទយុទ្ធនាការឃោសនារកសំឡេងឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ក្នុងមូលដ្ឋានស្រុកំពង់ស្វាយ នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣។

ក្នុងឱកាសនោះ លោកស្រី ឃួន ឃុនឌី មានប្រសាសន៍ថា ប្រទេសជាតិមានសន្តិភាព មានការអភិវឌ្ឍ រហូតដល់បច្ចុប្បន្ននេះ ក៏ដោយសារការប្រឹងប្រែងរបស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយបញ្ញាញាណរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងនាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្តេចធ្លាប់បានយកជីវិតធ្វើដើមទុន ឆ្ពោះទៅរកការរំដោះជាតិ នាំយកនូវសន្តិភាពពេញលេញ ជូនជាតិមាតុភូមិកម្ពុជា ក៏ដូចជាប្រជាជនខ្មែរទូទាំងប្រទេស ជាពិសេសសម្តេច មានទស្សនៈវិស័យវែងឆ្ងាយ ក្នុងការគ្រប់គ្រង បង្ការទប់ស្កាត់បានប្រកបដោយប្រសិទ្ធិភាពនូវជំងឺកូវីដ១៩ និងសូមឲ្យបងប្អូនប្រជាពលរដ្ឋមានជំហរ ច្បាស់លាស់ សម្រេចចិត្តឲ្យបានត្រឹមត្រូវក្នុងការបោះឆ្នោត ដើម្បីកំណត់នូវជោគវាសនារបស់ប្រទេសជាតិ ក៏ដូចជាកំណត់នូវជោគវាសនារបស់ខ្លួនឯងផងដែរ។

លោកស្រីបានបន្តថា សូមប្រជាពលរដ្ឋម្ចាស់ឆ្នោតទាំងអស់ កុំជឿតាមការឃោសនារបស់ក្រុមប្រឆាំង ក៏ដូចជាក្រុមអគតិទាំងនោះ ដែលញុះញង់មិនឱ្យប្រជាពលរដ្ឋទៅបោះឆ្នោត ប្រសិនបើប្រជាពលរដ្ឋជាម្ចាស់ឆ្នោត ជាម្ចាស់ប្រទេសមិនទៅបោះឆ្នោត ដល់ពេលប្រទេសជាតិខ្លួនឯង ពេលមានបញ្ហាណាមួយ ក្រុមជនអគតិទាំងនោះមិនបានមកជួយដោះស្រាយបញ្ហាជាមួយប្រជាពលរដ្ឋឡើយ ដូច្នេះសូមកុំទោរទន់ទៅនឹងការឃោសនា ពីមជ្ឈដ្ឋានខាងក្រៅ និងផ្តាំផ្ញើដល់សមាជិកាគណបក្ស និងប្រជាពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមពិនិត្យ ត្រៀមអត្តសញ្ញាណបណ្ណរបស់ខ្លួន និងឯកសារបម្រើឱ្យការបោះឆ្នោតឱ្យបានរួចរាល់ ដើម្បីទៅចូលរួមបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្តដា ឆ្នាំ២០២៣ នាពេលខាងមុខនេះ។

លោកស្រីក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់សូមអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ជាពិសេសសូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញាទេវតាបាចផ្កា ស្ថិតនៅលេខរៀងទី១៨ លើសន្លឹកឆ្នោត ដើម្បីសន្តិភាព និងការអភិវឌ្ឍន៍៕