(ភ្នំពេញ)៖ សហភាពសហជីពការងារកម្មករកម្ពុជា (CWLCU) ដែលជាសហជីពឯករាជ្យមួយនៅកម្ពុជា បានអំពាវនាវដល់សមាជិក សមាជិកា កម្មករនិយោជិត និងប្រជាពលរដ្ឋទាំងអស់ ទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះឱ្យបានគ្រប់ៗគ្នា។
ក្នុងសេចក្តីអំពាវនាវនោះ សហភាពសហជីពការងារកម្មករកម្ពុជា បានគូសរំលេចថា សន្លឹកឆ្នោតរបស់ប្រជាពលរដ្ឋមួយសន្លឹកៗ គឺពិតជាមានតម្លៃបំផុតក្នុងការពង្រឹងលទ្ធិប្រជាធិបតេយ្យ ប្រព័ន្ធយុត្តិធម៌នីតិរដ្ឋ និងយន្តការចរចាដំឡើងប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករ និយោជិតឆ្នាំ២០២៤ ខាងមុខនេះ និងដើម្បីកែប្រែអនាគតខ្លួន ក៏ដូចជាប្រទេសជាតិឆ្ពោះទៅរកការអភិវឌ្ឍស្មើមុខស្មើមាត់នឹងប្រទេសជិតខាង និងអន្តរជាតិ តាមរយៈការបោះឆ្នោតនេះ។
សហភាពសហជីពការងារកម្មករកម្ពុជា បានលើកឡើងដែរថា ការចូលរួមបោះឆ្នោតរបស់សមាជិក សមាជិកា កម្មករនិយោជិត និងប្រជាពលរដ្ឋទាំងអស់ គឺបានឆ្លុះបញ្ចាំងពីមនសិកាស្រលាញ់ជាតិ មាតុភូមិរបស់ខ្លួន ស្រលាញ់សុខសន្តិភាព និងកិត្យានុភាពជាតិ៕