(កណ្តាល)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន, ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្ដាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងអរិយក្សត្រ, ស្រុកខ្សាច់កណ្ដាល, ស្រុកល្វាឯម និងស្រុកកៀនស្វាយ នៅព្រឹកថ្ងៃទី ២១ ខែ កក្កដា ឆ្នាំ ២០២៣ នេះ, បានអញ្ជើញចុះសំណេះសំណាល និងដឹកនាំហែក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតីកាលទី ៧ នៅស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលមានសមាជិក-សមាជិកាចូលរួមប្រមាណ ៥ ០០០នាក់។
ថ្លែងទៅកាន់មហាជន និងយុវជនយ៉ាងច្រើនកុះករ ដែលបានចូលរួមក្នុងក្បួនឃោសនា, អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានអំពាវនាវប្រជាពលរដ្ឋម្ចាស់ឆ្នោតទាំងអស់ ទៅចូលរួមបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី ១៨ នៅលើសន្លឹកឆ្នោត នៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ ខាងមុខ ដើម្បីរក្សាសុខសន្តិភាព និងជំរុញការអភិវឌ្ឍបន្ថែមទៀត។
អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ក៏បានយកឱកាសនៃថ្ងៃបិទយុទ្ធនាការ សម្តែងនូវអំណរគុណ, ការកោតសរសើរ និងការវាយតម្លៃខ្ពស់ចំពោះក្រុមការងារគណបក្សគ្រប់លំដាប់ថ្នាក់, សមាជិក-សមាជិកា បក្ស និងប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈទូទាំងខេត្តកណ្តាល, ជាពិសេស ក្នុងស្រុកកៀនស្វាយផ្ទាល់, ដែលបានខិតខំចូលរួមក្នុងការឃោសនា ជូនគណបក្សប្រជាជនកម្ពុជា ចាប់តាំងពីថ្ងៃបើកយុទ្ធនាការ រហូតដល់ថ្ងៃបិទបញ្ចប់យុទ្ធនាការ។
បន្ទាប់ពីមានមតិសំណេះសំណាលរួច, អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានបន្តដឹកនាំហែក្បួនឃោសនាបោះឆ្នោតតាមឃុំនានាទូទាំងស្រុក និងបានជួបប្រាស្រ័យជាមួយសមាជិក-សមាជិកាបក្ស នៅតាមមណ្ឌលសកម្មភាពជាច្រើន នៅក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាលផងដែរ។
ជាមួយគ្នានេះ លោក គង់ សោភ័ណ្ឌ សូមអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា រូបសញ្ញាទេវតាបាចផ្កា លេខរៀងទី១៨ នៃសន្លឹកឆ្នោត។ សូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សដែលបានរំដោះប្រជាជនចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងបង្រួមបង្រួមជាតិ បង្កើតសន្តិភាពពេញលេញឱ្យកម្ពុជា។
លោកថា «សូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ជាគណបក្សដែលបាននាំឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដែលត្រូវធ្វើឱ្យកាន់តែធូរធារប្រសើរឡើង។ សូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលបានផ្តល់ សិទ្ធិសេរីភាពជូនប្រជាពលរដ្ឋ ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងខិតខំស្វែងរកកិត្តិយសឱ្យប្រជាជនកម្ពុជា និងប្រទេសកម្ពុជានៅលើឆាកអន្តរជាតិ»។
គួរបញ្ជាក់ថា សម្រាប់យុទ្ធនាការឃោសនា បោះឆ្នោតជ្រើសរើសតំណាងរាស្រ្តអាណត្តិទី៧ រយៈពេល២១ថ្ងៃ ដែលបានចាប់ផ្តើមកាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣ ត្រូវបិទបញ្ចប់នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣នេះ ដោយជាទូទៅយុទ្ធនាការ ក្នុងរយៈពេលជាង២០ថ្ងៃកន្លងទៅនេះ បានប្រព្រឹត្តិទៅក្រោមបរិយាកាសល្អប្រសើរ គ្មានអំពើហិង្សាកើតឡើងឡើយ៕