(ភ្នំពេញ)៖ អាជ្ញាធរខណ្ឌច្បារអំពៅ នៅរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៦នេះ បាននិងកំពុងចុះស្រង់ស្ថិតិប្រជាពលរដ្ឋ ក្នុងតំបន់បុរី ប៉េង ហួត បឹងស្នោរ ស្ថិតក្នុងភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ។
លោក ញាណ ចាន់សោភា នាយករងរដ្ឋបាលខណ្ឌច្បារអំពៅ បានបញ្ជាក់ថា យុទ្ឋនាការនេះធ្វើក្នុងរយៈពេល២ថ្ងៃ គឺថ្ងៃទី ៣០-៣១ ខែកក្កដា ឆ្នាំ២០១៦ នៅក្នុងគម្រោងទី២ និងគម្រោងទី៤ ដោយឡែក គម្រោងផ្សេងទៀត គឺចុះជំរឿនដោយមន្រ្តីនគរបាលប៉ុស្តិ៍ និងអាជ្ញាធរភូមិ-សង្កាត់។
អាស្រ័យហេតុនេះ រដ្ឋបាលខណ្ឌច្បារអំពៅ សូមសំណូមពរដល់ម្ចាស់លំនៅដ្ឋាន ដែលកំពុងរស់នៅគម្រោងទី២ និងទី៤ ទាំងអស់ សូមមេត្តាចូលរួមសហការរៀបចំ និងផ្តល់ឯកសារ តាមសេចក្តីជូនដំណឹងរបស់ សាលាខណ្ឌច្បារអំពៅ ឲ្យបានគ្រប់គ្រាន់ ដើម្បីងាយស្រួលដល់ក្រុមការងារ យើងខ្ញុំបំពេញឲ្យបានត្រឹមត្រូវ៕