(កណ្តាល)៖ យុទ្ធនាការឃោសនារកសំឡេងឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឈានដល់ថ្ងៃបិទបញ្ចប់ហើយនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣នេះ។
ថ្ងៃបិទយុទ្ធនាការឃោសនារកសំឡេងឆ្នោតនេះ អ្នកឧកញ៉ា ទ្រី ភាព ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈពង្រឹងមូលដ្ឋានឃុំត្បែង បានចុះដឹកនាំដង្ហែក្បួនបិទយុទ្ធនាការនៅក្នុងឃុំត្បែង ស្រុកកណ្តាលស្ទឹង។ ក្បួនដង្ហែបិទយុទ្ធនាការក្នុងឃុំត្បែងនេះ មានអ្នកចូលរួមសរុបជិត ៧០០នាក់។
ក្នុងពិធីជួបជុំមុននឹងក្បួនដង្ហែទៅកាន់បណ្តាភូមិនានានោះ អ្នកឧកញ៉ា ទ្រី ភាព បានថ្លែងអំណរគុណដល់ក្រុមការងារ និងសមាជិក សមាជិកាទាំងអស់ ដែលបានចូលរួមធ្វើសកម្មភាពយ៉ាងសស្រាក់សស្រាំក្នុងរយៈពេល២០ថ្ងៃកន្លងទៅ ចុះពន្យល់ចុះបង្រៀនប្រជាពលរដ្ឋពីរបៀបគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ ក៏ដូចជាការផ្សព្វផ្សាយពីគោលនយោបាយគណបក្សប្រជាជនកម្ពុជា។
ក្នុងពិធីជួបជុំនោះ អ្នកឧកញ៉ា ទ្រី ភាព ក៏បានឆ្លៀតគូសរំលេចពីកិច្ចប្រឹងប្រែងកសាងសង្គមជាតិ ក៏ដូចជាមូលដ្ឋានស្រុកកណ្តាលស្ទឹង ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ។ សមិទ្ធផលធំរបស់គណបក្សប្រជាជនកម្ពុជា ដែលអ្នកឧកញ៉ាបានសង្កត់ធ្ងន់នាពេលនោះ គឺសុខសន្តិភាព។
អ្នកឧកញ៉ា បានលើកឡើងថា សុខសន្តិភាពនេះ គឺមានគុណតម្លៃមិនអាចកាត់ថ្លៃបាន គ្មានសុខសន្តិភាព គឺគ្មានអ្វីទាំងអស់។
ក្រៅពីលើកឡើងបង្ហាញស្នាដៃនៃការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាហើយនោះ អ្នកឧកញ៉ា បានអំពាវនាវដល់សមាជិក សមាជិកាបក្សប្រជាជនកម្ពុជា ក៏ដូចជាពលរដ្ឋក្នុងឃុំត្បែងអញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឱ្យបានគ្រប់គ្នានៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ គាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត។
ជាមួយគ្នានោះអ្នកឧកញ៉ា ទ្រី ភាព ក៏បានអំពាវនាវប្រជាពលរដ្ឋកុំស្តាប់តាមការញុះញង់របស់ជនក្បត់ជាតិ៣ជំនាន់ សម រង្ស៉ី គូសបំផ្លាញសន្លឹកឆ្នោត។ អ្នកឧកញ៉ា បានក្រើនរំលឹកថា គូសបំផ្លាញសន្លឹកឆ្នោត គឺជាទង្វើខុសនឹងច្បាប់។
បន្ទាប់ពីជួបជុំគ្នាហើយនោះ ថ្នាក់ដឹកនាំក្រុមការងារបក្សឃុំត្បែង ព្រមទាំងសមាជិក សមាជិកា ក៏បានចេញក្បួនដង្ហែទៅតាមភូមិនានា ដោយទឹកមុខរីករាយ៕