(ក្រចេះ)៖ លោក ឆាន់ សុផាន់ ប្រធានក្រុមការងាររាដ្ឋាភិបាលចុះមូលដ្ឋានស្រុកឆ្លូង ខេត្តក្រចេះ នៅព្រឹកថ្ងៃទី២១ ខែកក្តដា ឆ្នាំ២០២៣ បានដឹកនាំសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាចំនួន៨១៥០នាក់ នៅស្រុកឆ្លូង ដង្ហែក្បូនបិទយុទ្ធនាការឃោសនារកសំឡេងឆ្នោតដើម្បីបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៧ ដែលជាថ្ងៃឃោសនាស្វែងរកសំឡេងឆ្នោតជាថ្ងៃចុងក្រោយ។
លោក ឆាន់ សុផាន់ បានថ្លែងអំណរគុណ និងអគុណចំពោះសមាជិកសមាជិកាទាំងអស់ ដែលតែងតែគាំទ្រ និងផ្ដល់ជំនឿចិត្តដល់គណបក្សប្រជាជនកម្ពុជា ជាពិសេសការប្ដេចជ្ញាចិត្តក្នុងការគាំទ្រគណបក្សប្រជាជនបន្តទៀត នៅសល់ពេលតែ២ថ្ងៃទៀត និងដល់ថ្ងៃបោះឆ្នោត ថ្ងៃនោះហើយជាថ្ងៃបញ្ជាក់លិទ្ធិប្រធិបតេយ្យនៅកម្ពុជា ព្រោះថាការបោះឆ្នោតនៅប្រទេសកម្ពុជា គឺជាការអនុវត្តលិទ្ធិប្រជាធិបតេយ្យពិតប្រាកដ គ្មានការបង្ខិតបង្ខំ និងគំរាមកំហែង ប្រជាពលរដ្ឋមានសិទ្ធិបោះឆ្នោតដោយសេរីតាមការសម្រេចចិត្តរបស់ខ្លួន តាមឆន្ទៈ និងការគាំទ្ររបស់ខ្លួនទៅលើគណបក្សនយោបាយនីមួយៗ។
លោកបានអំពាវនាវដល់សមាជិកសមាជិកាទាំងអស់ឲ្យទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឲ្យបានគ្រប់ៗគ្នា ដើម្បីបន្តគាំទ្រសម្ដេចតេជោ ដឹកនាំប្រទេសបន្តសុខសន្តិភាព និងការអភិវឌ្ឍគ្រប់វិស័យ។
ក្នុងការហែក្បូនបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៧ បានប្រព្រឹត្តិទៅតាមរដ្ឋបាលស្រុករបស់ខ្លួនយ៉ាងអធិកអធមតាមរថយន្ដតូច ធំ ម៉ូតូជាច្រើនគ្រឿង ដោយមានការលាយឡំសម្លេង ឃោសនសព្វ និងសម្រែកឃោសនា។
សូមបញ្ជាក់ថា សម្រាប់យុទ្ធនាការឃោសនា បោះឆ្នោតជ្រើសរើសតំណាងរាស្រ្តអាណត្តិទី៧ រយៈពេល២១ថ្ងៃ ដែលបានចាប់ផ្តើមកាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣ ត្រូវបិទបញ្ចប់នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣នេះ ដោយជាទូទៅយុទ្ធនាការ ក្នុងរយៈពេលជាង២០ថ្ងៃកន្លងទៅនេះ បានប្រព្រឹត្តិទៅក្រោមបរិយាកាសល្អប្រសើរ គ្មានអំពើហិង្សាកើតឡើងឡើយ៕