(ស្វាយរៀង)៖ លោក ខ្វាន់ ស៊ាម ប្រធានក្រុមការងារចុះមូលដ្ឋានស្រុករំដួល ខេត្តស្វាយរៀង និងលោកបណ្ឌិត សៅ សុវណ្ណី អនុប្រធានក្រុមការងារចុះជួយស្រុក នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ បានដឹកនាំយុទ្ធនការបិទឃោសនា បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ឆ្នាំ២០២៣ ដោយមានសមាជិកចូលរួមជិត១ពាន់នាក់។
លោក ខ្វាន់ ស៊ាម បានថ្លែងអំពាវនាវឲ្យប្រជាពលរដ្ឋអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលស្ថិតក្នុងលេខរៀងទី១៨ ដែលមានរូបទេវតាបាចផ្កា ជាសញ្ញាសំគាល់លើ សន្លឹកឆ្នោត ដោយយកភ្ជាប់ជាមួយខ្លួននូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតបញ្ជាក់អត្តសញ្ញាណ។
នៅក្នុងឱកាសនោះលោកបានដង្ហែក្បួនឃោសនារកសំឡេងឆ្នោតនៅតាមបណ្ដាឃុំនានាក្នុងស្រុករំដួល ដែលមានសមាជិក សមាជិកាបក្ស ជាច្រើនបានចេញមកទទួលតាមដងផ្លូវ ដោយមានទឹកមុខ សប្បាយរីករាយគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រធានគណបក្សបានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ។
សូមបញ្ជាក់ថា សម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ មានរយៈពេល២១ថ្ងៃ ដែលបានចាប់ផ្តើមកាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣ នឹងត្រូវបិទបញ្ចប់ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣នេះ។
ខេត្តស្វាយរៀងមាន ៨ ក្រុង/ស្រុក និង ៨០ឃុំ/សង្កាត់, មានអាសនៈចំនួន ៥អាសនៈ, មានការិយាល័យបោះឆ្នោតចំនួន ៩៨៤ការិយាល័យ, មានគណបក្សនយោបាយចំនួន ១៣ ក្នុងចំណោម១៨ ដែលបានចូលរួមប្រគួត ប្រជែងក្នុងការរកសម្លេងគាំទ្រ, ប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតមានចំនួន ៤១៥.៩១៩នាក់ ចំណែកឯ សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា មានចំនួន ៣២០.៨៦៦នាក់។
ជាទូទៅយុទ្ធនាការ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះបាន ប្រព្រឹត្តិទៅក្រោមបរិយាកាសល្អប្រសើរ គ្មានអំពើហិង្សាកើតឡើងឡើយ ស្របតាមលទ្ធិប្រជាធិបតេយ្យ សេរី និងពហុបក្ស៕