(សៀមរាប)៖ សម្តេចពិជ័យសេនាទៀ បាញ់ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តសៀមរាប បានដឹកនាំសមាជិកបក្សបិទបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៅខេត្តសៀមរាប នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣នេះ។
សម្តេចពិជ័យសេនាទៀ បាញ់ អនុប្រធានគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា កម្ពុជាកំពុងបោះជំហានទៅមុខជាមួយភាពរីកចម្រើនគ្រប់វិស័យ ដែលកាណ៍ទាំងអស់នេះ បានកើតឡើងពីការខិតខំយ៉ាងយកចិត្ត ទុកដាក់របស់ថ្នាក់ដឹកនាំ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តនូវគោលនយោបាយឈ្នះៗ នាំមកនូវសុខសន្តិភាពជូនជាតិទាំងមូល និងមានសមិទ្ធផលជាច្រើន ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ជូនជាតិមាតុភូមិ។
សម្តេចពិជ័យសេនា បានបន្តថា ចាប់តាំងពីផ្តួលរំលំរបបប្រល័យពូជសាសន៍ កាលពីថ្ងៃទី៧ មករា ១៩៧៩ ក្នុងរយៈពេល៤៤ឆ្នាំមកនេះ ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា បានខិតខំរួមសុខរួមទុក្ខជាមួយប្រជាជនកម្ពុជា ដើម្បីអភិវឌ្ឍប្រទេសឲ្យរីកចម្រើនលើកគ្រប់វិស័យដូចបានស្តែងចេញឲ្យឃើញដូចសព្វនេះ។ សម្តេចបន្តថា ក្នុងចំណោមសមិទ្ធផលដែលសម្រេចបានទាំងនោះ សុខសន្តិភាព ជាសមិទ្ធផលធំជាងគេ ព្រោះវាជាគ្រឹះក្នុងការអភិវឌ្ឍ។
សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បាននាំនូវការផ្តាំផ្ញើនឹករលឹករបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាជូនចំពោះបងប្អូនជាសមាជិក សមាជិកាបក្ស និងប្រជាពលរដ្ឋទាំងអស់ នៅខេត្តសៀមរាប នឹងថ្លែងអំណរគុណដល់ក្រុមការងារចុះជួយស្រុកនីមួយៗដែលបានយកចិត្តទុកដាក់កន្លងមក និងបងប្អូនប្រជាពលរដ្ឋទាំងអស់ បានបន្ដគាំទ្រគណបក្សប្រជាជន។ សម្តេចបានបន្តថា ដើម្បីឲ្យប្រទេសជាតិទទួលបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ មានការអភិវឌ្ឍលើគ្រប់វិស័យ សូមឲ្យបងប្អូនប្រជាពលរដ្ឋទៅចូលរួមបោះឆ្នោត ដើម្បីគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និង ជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ នៅគ្រប់កាលៈទេសៈណាមានសម្តេចតេជោ ហ៊ុន សែន គឺមិនអនុញ្ញាតឲ្យកើតមានសង្រ្គាមនៅកម្ពុជាឡើយ។
សម្តេចបានបញ្ជាក់ ពីសភាពការណ៍នយោបាយក្នុង និង ក្រៅប្រទេស ព្រមទាំងបងប្អូនសូមកុំឲ្យចាញ់ឧបាយកល់ជនអគតិមួយចំនួន ដែលមានគោលបំណងចង់បំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា និងសន្តិភាពនៅកម្ពុជា បម្រើតែមហិច្ឆិតាបរេទស តាមរយៈការឃោសនាមិនឲ្យប្រជាពលរដ្ឋទៅចូលរួមការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅថ្ងៃទី៥ខាងមុខនេះ។
សម្តេចពិជ័យសេនា បានជម្រុញឲ្យបងប្អូនសមាជិករបស់គណបក្សប្រជាជន ដែលនៅតាមភូមិ ឃុំ សង្កាត់ គ្រប់ទីកន្លែង ដែលមានតួនាទីនៅក្នុងជួរមន្ត្រីរាជការ ដូចជាលោកមេឃុំ ចៅសង្កាត់ លោកមេភូមិ និងក្រុមប្រឹក្សាឃុំ ត្រូវខិតខំបម្រើសេវាសាធារណៈនៅតាមមូលដ្ឋានរបស់ខ្លួន ទាំងសេវាតម្រូវការ សេវាចាំបាច់ ជាពិសេសលិខិតស្នាមផ្សេងៗ ដែលបម្រើឲ្យផលប្រយោជន៍ប្រជាពលរដ្ឋ ក្នុងការរស់នៅប្រចាំថ្ងៃ ឲ្យបានប្រសើរឡើងថែមទៀត។
សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានលើកឡើងផងដែរ អំពីគោលនយោបាយរបស់គណបក្សប្រជាជន ដែលជាមូលដ្ឋានគ្រឹះមួយដ៏រឹងមាំរបស់គណបក្ស ដោយឈរលើស្មារតីសាមគ្គីភាពផ្ទៃក្នុងបានល្អ ហ៊ានថា គឺហ៊ានធ្វើ មិនចេះសន្យាទេ។ កត្តាសំខាន់នោះ គឺការផ្សព្វផ្សាយជម្រុញដល់យុវជន និង ប្រជាជននៅតាមមូលដ្ឋានឲ្យបានទៅបោះឆ្នោតគ្រប់ៗគ្នា នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ខាងមុខនេះ ជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបទេវតាបាចផ្កា និងស្ថិតនៅលេខរៀងទី១៨ ។
សម្តេចបញ្ជាក់ថា ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានោះ គឺដើមី្បគាំទ្របេក្ខភាព សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដើម្បីរក្សាការពារបានសន្តិភាព នឹងការអភិវឌ្ឍមូលដ្ឋានរបស់យើងផងដែរ៕