(ព្រះវិហារ)៖ លោក មាស សុភា សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តព្រះវិហារ និងភរិយា នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣នេះ បានអញ្ជើញដឹកនាំ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាជាង៣០០០នាក់ ដង្ហែក្បួនបិទយុទ្ធនាការឃោសនា បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ នៅខេត្តព្រះវិហារ ជាមួយនឹងការអំពាវនាវឱ្យសមាជិក និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋកម្ពុជា អញ្ជើញទៅចូលរួមបោះឆ្នោតទាំងអស់គ្នានៅថ្ងៃទី២៣ ខែកក្កដា ខានស្អែកនេះ។
ពិធីដង្ហែក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ នាឱកាសនោះ មានការចូលរួមពីលោកស្រី ចឹក ហេង សមាជិកព្រឹទ្ធសភា លោក ប្រាក់ សុវណ្ណ ប្រធានគណៈកម្មាធិការគណបក្ស ប្រជាជនកម្ពុជាខេត្តព្រះវិហារ លោក គីម រិទ្ធី អនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត ព្រមទាំងថ្នាក់ដឹកនាំគណបក្សខេត្ត ក្រុង ស្រុក ក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តព្រះវិហារ ក្រុងព្រះវិហារ ស្រុកត្បែងមានជ័យ ជាច្រើនរូបទៀត។
លោក មាស សុភា បានថ្លែងប្រាប់សមាជិកបក្សទាំងអស់ក្នុងខេត្តព្រះវិហារ ត្រូវថែរក្សាសុខភាពឱ្យបានល្អ ត្រៀមខ្លួន ត្រៀមអត្តសញ្ញាណបណ្ណ និងឯកសារពាក់ព័ន្ធដែលអាចបម្រើការងារបោះឆ្នោតបាន ត្រូវទៅចូលរួមបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៃរដ្ឋសភា នៅថ្ងៃអាទិត្យទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខានស្អែកនេះ ជូនគណបក្សប្រជាជនកម្ពុជាដែលមានលេខរៀងទី១៨ ដើម្បីគណបក្សប្រជាជនកម្ពុជា បន្តដឹកនាំប្រទេសឆ្ពោះ ទៅកាន់សុខសន្តិភាព និងការអភិវឌ្ឍតទៅទៀត៕