(ភ្នំពេញ)៖ សាលាគណរាជធានីភ្នំពេញ សូមប្រគេនព្រះគ្រូអនុគណ និងព្រះចៅអធិការគ្រប់វត្ដ ព្រះមេត្តានិមន្ត ភិក្ខុ សាមណេរ ដែលមានសិទ្ធិបោះឆ្នោត គង់នៅតាមបណ្តាវត្តក្នុងខណ្ឌនីមួយៗ ឱ្យទៅចូលរួមបោះឆ្នោតគ្រប់ៗរូប។
សាលាគណរាជធានីភ្នំពេញ សូមប្រគេនព្រះគ្រូអនុគណខណ្ឌ និងព្រះចៅអធិការគ្រប់វត្តក្នុង រាជធានីភ្នំពេញ ព្រះមេត្តាជ្រាបថា នៅថ្ងៃអាទិត្យ ៦កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នឹងឈានមកដល់នាពេលខាងមុខនេះ។ ការបោះឆ្នោតដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខ គឺជាការ បោះឆ្នោតជាទូទៅ ជាសកល ដោយសេរី ត្រឹមត្រូវ យុត្តិធម៌ ស្មើភាព និងដោយសម្ងាត់ ស្របតាមគោល ការណ៍លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស។
សាលាគណរាជធានីភ្នំពេញ សូមព្រះគ្រូអនុគណ និងព្រះចៅអធិការគ្រប់វត្ត ព្រះថេរានុត្ថេរៈគ្រប់អង្គ គប្បីត្រិះរិះពិចារណា ធ្វើការសិក្សាស្វែងយល់ឱ្យបានច្បាស់លាស់ពីឆ្នាំ១៩៧៩ មកដល់បច្ចុប្បន្ននេះ ក្រោមការដឹកនាំប្រកប ដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានខិតខំ ស្វែងរកសុខសន្តិភាព ឱ្យកើតមានមកដល់ពេលនេះ គឺមិនមែនកើតដោយឯងៗនោះឡើយ។
ទន្ទឹមនឹងនេះ ដោយទទួលបានសុខសន្តិភាព សេរីភាព នាពេលកន្លងមក និងបច្ចុប្បន្ននេះ សាលាគណសូមប្រគេនព្រះគ្រូអនុគណ និងព្រះចៅអធិការគ្រប់វត្ដ ព្រះមេត្តានិមន្ត ភិក្ខុ សាមណេរ ដែលមានសិទ្ធិបោះឆ្នោត គង់នៅតាមបណ្តាវត្តក្នុងខណ្ឌនីមួយៗ ឱ្យទៅចូលរួមបោះឆ្នោតគ្រប់ៗរូប ជ្រើសរើសអ្នកដឹកនាំប្រទេសជាតិ ដើម្បីការអភិវឌ្ឍ និងការរីកចម្រើនរុងរឿងថ្កើងថ្កានលើគ្រប់វិស័យ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ និងដើម្បីជ្រើសរើសអ្នកដឹកនាំប្រទេសជាតិ ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌បំផុត៕