(កំពង់ឆ្នាំង)៖ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣នេះ គឺជាថ្ងៃបិទបញ្ចប់ នៃការឃោសនារកសំឡេងឆ្នោតពីគ្រប់បណ្ដាគណបក្សនានា ក្នុងការឃោសនារកសំឡេងឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។

នៅថ្ងៃនេះផងដែរ នៅខេត្តកំពង់ឆ្នាំង គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សដ៏ធំជាងគេ ក្នុងចំណោមគណបក្សនយោបាយទាំង១៤ ដែលបានចុះបញ្ជីនៅគណៈកម្មការជាតិរៀបចំការបោះឆ្នោតក្នុងខេត្តកំពង់ឆ្នាំង ក៏បានរៀបចំក្បួនដង្ហែដ៏មហាអស្ចារ្យ មានភាពគគ្រឹកគគ្រេងនិងទ្រង់ ទ្រាយធំ នៅទូរទាំងខេត្ត ដែលមានសមាជិកសមាជិកា ប្រជាពលរដ្ឋ សិស្សានុសិស្ស ចូលរួមដង្ហែជាច្រើនម៉ឺននាក់គឺ ច្រើនជាងថ្ងៃដែលចាប់ផ្តើមដង្ហែឃោសនា ថ្ងៃដំបូងទ្វេរដង។

ក្បួនដង្ហែនេះផងដែរ ក៏មានការតុបតែងលម្អរថយន្តនិមួយៗ រំលេចទៅដោយផ្លាកសញ្ញាឡូហ្គោបស់គណបក្សប្រជាជនកម្ពុជា ទង់ជាតិ ទង់បក្ស និងទង់សាសនាយ៉ាងព្រោងព្រាត ដោយបានបំពាក់ទៅលើរថយន្តតូចធំ និងម៉ូតូដែលមានចំនួន រាប់ម៉ឺនគ្រឿង ដង្ហែពីតំបន់មួយទៅតំបន់មួយពីភូមិមួយទៅភូមិមួយ លាយឡំទៅនិងការបន្លឺសំឡេងតាមវិឃោសនសព្វ ដែលមានន័យថា ជយោគណបក្ស ប្រជាជនកម្ពុជា បោះឆ្នោតជូនគណបក្ស ប្រជាជនកម្ពុជា ទទួលបានសុខសន្តិភាព និងមានការអភិវឌ្ឍ គណបក្សប្រជាជនកម្ពុជាមានលេខរៀងទី១៨។ល។ ទាំងនេះគឺជាព្រឹត្តិការណ៍ដ៏មហាអស្ចារ្យ នៃថ្ងបិទបញ្ចប់នៅថ្ងៃឃោសនារកសំឡេងឆ្នោតជាថ្ងៃចុងក្រោយផងដែរ។

លោកស្រី នួន ចាន់នី ប្រធានការិយាល័យគណៈកម្មការជាតិរៀបចំការបោះឆ្នោតខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា សម្រាប់ថ្ងៃបិទបញ្ចប់នៃការឃោសនារកសំឡេងឆ្នោតក្នុងខេត្តកំពង់ឆ្នាំង គឺមានតែគណបក្សប្រជាជនកម្ពុជា តែមួយគត់ដែលបានជូនដំណឹងអំពីដង្ហែក្បួនដែលមានទ្រង់ទ្រាយធំនៅក្នុងខេត្ត ក្នុងចំណោមទាំង១៤គណបក្សនយោបាយ ដែលបានចុះបញ្ជីនៅក្នុងខេត្តកំពង់ឆ្នាំង គណបក្សក្រៅពីនោះគ្រាន់តែមានសកម្មភាពបន្តិចបន្តួច នៅតាមផ្ទះសមាជិកសមាជិការបស់ខ្លួនតែប៉ុណ្ណោះ៕