(ភ្នំពេញ)៖ អតីតតំណាងរាស្រ្ត និងបេក្ខជនតំណាងរាស្រ្តក្រុមប្រឆាំង ៣នាក់ រួមមាន លោក ជីវ កត្តា, លោក ខឿយ ស៊ីនឿន និងលោក កង គឹមហាក់ បានចេញសេចក្ដីអំពាវនាវរួមមួយ ឱ្យថ្នាក់ដឹកនាំសកម្មជន អ្នកគាំទ្រគណបក្សប្រឆាំង និងប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោត ទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។
សេចក្តីអំពាវនាវរួមនោះ បានបញ្ជាក់ថា ការបោះឆ្នោតតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស គឺជាមធ្យោបាយដែលល្អបំផុត សម្រាប់ការ ជ្រើសរើសមេដឹកនាំប្រទេស ដោយធានាបាននូវសុខសន្តិភាព ស្ថេរភាពសង្គម និង ការអភិវឌ្ឍ។
លើសពីនេះទៅទៀត អតីតតំណាងរាស្រ្តក្រុមប្រឆាំង អំពាវនាវឱ្យជនរួមជាតិ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលមានជំនឿទុកចិត្តសម្រាប់ការដឹកនាំប្រទេស មានរូបសញ្ញាទេវតាបាចផ្កា លេខរៀងទី១៨ ដើម្បីបន្តរក្សាការពារ សុខសន្តិភាព ស្ថិរភាពសង្គម ប្រជាធិបតេយ្យ នីតិរដ្ឋ ការអភិវឌ្ឍ រីកចម្រើនរុងរឿង លើកកម្ពស់លក្ខខណ្ឌការងារ និងជីវភាពរស់នៅរបស់ពុកម៉ែបងប្អូនឲ្យកាន់តែល្អ ប្រសើរឡើង ដែលមាន សម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រីនីតិកាលទី៧ និងគាំទ្រ លោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាព នាយករដ្ឋមន្ត្រីបន្តវេនសម្រាប់ពេលអនាគត។
ជាថ្មីម្ដងទៀត សូមពុកម៉ែបងប្អូនជនរួមជាតិ កុំជឿការឃោសនាញុះញង់តាមបណ្តាញសង្គម ឬដោយផ្ទាល់ ពីក្រុមណាមួយ បុគ្គលណាមួយ ឬគណបក្សណាមួយដែលកំពុងព្យាយាមឃោសនាបំពុលសង្គម បង្កបង្កើតភាពវឹកវរ ធ្វើឲ្យបែកបាក់ សង្គមជាតិ បាត់បង់សីលធម៌សង្គម និងមិនផ្តល់ផលប្រយោជន៍ជាតិ និងប្រជាជន៕