(បាត់ដំបង)៖ មូលនិធិសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ត្រូវបានលោក សួស អង្គារ៍ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះជួយឃុំតាម៉ឺន និងឃុំអូរតាគី នាំយកទៅចែកជូនស្រី្ដសម្រាលកូន និងគ្រួសារមរណភាព៨៣នាក់ ស្ថិតនៅឃុំទាំង២ ក្នុងស្រុកថ្មគោល នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៦នេះ។
ថវិកាដែលយកទៅចែកជូនប្រជាពលរដ្ឋខាងលើនេះ មានប្រមាណ១៦លាន៦សែនរៀល ត្រូវបានយកទៅចែកជូនស្រ្តីសម្រាលកូន និងក្រុមគ្រួសារអ្នកទទួលមរណភាព ចំនួន៨៣នាក់។ ក្នុងឱកាសនោះដែរ លោក សួស អង្គារ៍ បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្ស និងជាប្រធានក្រុមការងារចុះជួយខេត្ត។ លោកបានថ្លែងថា មានតែគណបក្សប្រជាជនកម្ពុជាទេ ដែលបាននាំមកនូវសុខសន្តិភាពនិងការ អភិវឌ្ឍន៍ប្រជាតិលើគ្រប់វិស័យរហូតមកទល់បច្ចុប្បន្ន។ បន្ថែមពីនេះលោក សួស អង្គារ៍ បានលើកឡើងថា ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ក៏ដូចសម្តេចក្រឡាហោម ស ខេង តែងតែយកចិត្តទុក្ខដាក់គិតគូពីសុខទុក្ខ និងស្ថានភាពជីវភាពរស់នៅរបស់ បងប្អូនជានិច្ចរហូតមក ហើយនេះជាវប្បធម៌ចែករំលែកដ៏ល្អ មួយរបស់គណបក្សប្រជាជនកម្ពុជា។ ជាងនេះទៅទៀត លោកប្រធានក្រុមការងារក៏បានផ្តាំផ្ញើ ដល់មាតាទាំងអស់ដែលទើបសម្រាលកូន ត្រូវមើលថែកូនឲ្យមានសុខភាពល្អ មានអនាម័យក្នុងការ រស់នៅនិងត្រូវនាំកូនទៅចាក់ថ្នាំវ៉ាក់សាំង ការពារឲ្យបានទៀងទាត់ តាមការណែនាំរបស់គ្រូពេទ្យជំនាញ។ អំណោយដែលចែកជូនពេលនោះគឺ ស្រ្តីសម្រាលកូន និងក្រុមគ្រួសារជនមរណភាពក្នុងម្នាក់ៗ ទទួលបានថវិកា២០ម៉ឺនរៀល។ ដោយឡែក សម្រាប់ស្ត្រីសម្រាលកូនឃុំទាំងពីរ៤៨នាក់ ម្នាក់ៗទទួលបាន ឃីតមួយកញ្ចប់បន្ថែម ដែលមាន៦មុខសម្រាប់ទារកប្រើប្រាស់ផងដែរ។
ស្ត្រីសម្រាលកូន និងក្រុមគ្រួសារ ជនមរណភាពទាំងពីរឃុំ ដែលទទួលបានថវិកាពីមូលនិធិសម្តេចក្រឡាហោម ស ខេង តាមរយៈលោក បានគោរពថ្លែងអំណរ គុណដល់ក្រុមការងារគណបក្សប្រជាជនកម្ពុជា ដែលចុះពង្រឹងមូលដ្ឋាន បានលះបង់ពេលវេលាដ៏មានតម្លៃ ព្រមទាំង ថវិកា និងសម្ភារចែកជូនពួកគាត់ដោយមិនប្រកាន់និន្នាការបក្សនយោបាយណាឡើយ។ បន្ទាប់មកលោកប្រធានក៏បានប្រជុំប្រចាំាខែកក្កដា ពង្រឹងសមាជិកបក្សមូលដ្ឋាន សកម្មជនបក្សឃុំទាំង២ ស្តីពីការងារបច្ចុប្បន្នភាព ពាក់ព័ន្ធឯកសារក្នុងគ្រួសារជាសមាជិកបក្សនៅតាមខ្នងផ្ទះនិងពន្លឿនការងារឲ្យបានឆាប់រហ័ស ដើម្បីត្រៀមខ្លួនចុះឈ្មោះបោះឆ្នោត ឲ្យមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សម្រាប់ទៅបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០១៧និងបោះឆ្នោតតំណាងរាស្រ្តឆ្នាំ២០១៨ខាងមុខ ដើម្បីទាញយកសម្លេងឆ្នោតទទួលបានជ័យជំនះបន្តការដឹកនាំប្រទេសដើម្បីកសាងនិងអភិវឌ្ឍន៍ជាតិកាន់តែរីកចម្រើនបន្ថែមទៀត។ បន្ទាប់សំណេះសំណាលចប់លោកប្រធានបានឧត្ថមថវិកាដល់សមាជិកបក្សចូលរួមប្រជុំចំនួន៧៤នាក់ម្នាក់ៗទទួលបាន២ម៉ឺនរៀលផងដែរ៕