(កំពង់ស្ពឺ)៖ នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ គណបក្សប្រជាជនកម្ពុជាសង្កាត់ព្រះស្រែ បានរៀបចំពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាងតំណាងរាស្ត្រអាណត្តិទី៧ ឆ្នាំ២០២៣ ដែលបានដំណើរការអស់រយៈពេល ២១ថ្ងៃកន្លងមកនេះ។

ពិធីនេះមានការអញ្ជើញចូលរួមពី លោកដាវ អានសាន ប្រធានក្រុមការងារគណបក្សចុះជួយសង្កាត់ព្រះស្រែ ព្រមទាំងមានការអញ្ជើញចូលរួមពី លោក លោកស្រីអនុប្រធាន និងសមាជិក សមាជិកាក្រុមការងារ, តំណាងគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាក្រុងឧដុង្គម៉ែជ័យ, គណៈកម្មាធិការគណបក្សសង្កាត់ព្រះស្រែ, ក្រុមសាខាបក្សភូមិទាំង១៨ និងសមាជិក សមាជិកកា សរុបចំនួន ២៥០នាក់។

ជាកិច្ចចាប់ផ្តើមសមាជិក សមាជិកាគណបក្សទាំងអស់បានមកជួបជុំគ្នានៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាសង្កាត់ព្រះស្រែ និងបានប្តេជ្ញាចិត្តអញ្ជើញទៅបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ នៅលើសន្លឹកឆ្នោត នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ចាប់ពីម៉ោង៧ព្រឹក រហូតដល់ម៉ោង ៣រសៀល។

ក្នុងឱកាសនោះក្នុងនាមគណបក្សសង្កាត់ និងក្រុមការងារគណបក្សចុះជួយសង្កាត់ លោក ដាវ អានសាន បានថ្លែងអំណរគុណសមាជិក សមាជិកាគណបក្សទាំង១៨ភូមិ ដែលតែងតែគាំទ្រ និងបោះឆ្នោតជូនគណបក្ស ប្រជាជនកម្ពុជា នៅគ្រប់ការបោះឆ្នោត។ លោកប្រធានក្រុមការងារ បានបញ្ជាក់ជូនសមាជិកទាំងអស់ ត្រូវភ្ជាប់ទៅជាមួយ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឯ.អ ដើម្បីអាចបោះឆ្នោតបាននៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។

ក្បួនដង្ហែបានហែចេញពីទីស្នាក់ការគណបក្សសង្កាត់ទៅកាន់ភូមិទាំង១៨ អមជាមួយសំឡេងឧឃោសនសព្ទ និងការចេញមកគាំទ្រពីសំណាក់សមាជិក សមាជិកានៅតាមខ្នងផ្ទះនីមួយៗដែលក្បួនដង្ហែរបានទៅដល់។

កាយវិការនេះបានបង្ហាញឱ្យឃើញនូវការគាំទ្រឥតងាករេរបស់សមាជិក សមាជិកាទាំងអស់តាមទិសស្លោក «សមាជិកគណបក្ស ១រូប ជាសំឡេងឆ្នោតគាំទ្រគណបក្សបក្សប្រជាជនកម្ពុជា ១សន្លឹក» ហើយសំឡេងឆ្នោតរបស់សមាជិកទាំងអស់គឺបោះដើម្បី «សន្តិភាព និងការអភិវឌ្ឍ»