(កំពង់ធំ)៖ លោក សោម ស៊ុន សមាជិកអចិន្ត្រៃយ៍គណបក្សខេត្តកំពង់ធំ អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង និងជាប្រធានក្រុមការងាររបស់គណបក្សចុះមូលដ្ឋានឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ និងភរិយាបានដឹកនាំក្រុមការងាររួមជាមួយ សមាជិកគណបក្សជាង ៥០០នាក់ រថយន្ដតូច ធំ ចំនួន៣៣គ្រឿង និងម៉ូតូចំនួន១៧៥គ្រឿង ដង្ហែក្បួនបិទបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣។
លោក សោម ស៊ុន បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមការងារចុះមូលដ្ឋានឃុំភូមិ រួមជាមួយគណបក្សឃុំ សាខាបក្សភូមិ ដែលបានយកអស់ស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការដឹកនាំយុទ្ធនាការឃោសនាបោះឆ្នោតប្រចាំថ្ងៃនៅតាមភូមិនីមួយៗក្នុងរយៈពេល ២០ថ្ងៃ កន្លងមក ព្រមទាំងបានរៀបចំការដង្ហែក្បួនឃោសនាបោះឆ្នោតធំៗចំនួន៣លើករួចមកហើយ ដោយទទួលបានជោគជ័យ ព្រមទាំងមានការចូលរួមគាំទ្រស្វាគមន៍យ៉ាងច្រើនកុះករ ពីប្រជាពលរដ្ឋចំពោះគណបក្សប្រជាជនកម្ពុជានៅគ្រប់មូលដ្ឋាន។
លោកបានអំពាវនាវដល់សមាជិកបក្ស និងប្រជាពលរដ្ឋទាំងអស់ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសូមមេត្តាអញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ នៅលើសន្លឹកឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះឱ្យបានគ្រប់ៗគ្នា ព្រោះមានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលនាំមកនូវសន្តិភាពថែរក្សា បានសន្តិភាពនិងការឯកភាពជាតិពេញលេញជូនប្រជាជនកម្ពុជា ព្រមទាំងបាននិងកំពុងដំណើរការអភិវឌ្ឍប្រទេសជាតិយើងឲ្យមានការរីកចម្រើនរុងរឿងលើគ្រប់វិស័យបន្តទៅទៀត ដូច្នេះសូមមេត្តាអញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដើម្បីជូនសម្តេចតេជោ ហ៊ុន សែន និងបណ្ឌិត ហ៊ុន ម៉ាណែត ដែលជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេន និងបន្តដឹកនាំនាវាកម្ពុជាក្នុងសុខសន្តិភាពនិងការអភិវឌ្ឍន៍។
លោក សោម ស៊ុន និងភរិយា រួមជាមួយក្រុមការងារចុះមូលដ្ឋានឃុំ បានដឹកនាំដង្ហែក្បួនឃោសនារកសំឡេងឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅតាមដងផ្លូវក្នុងថ្ងៃបិទបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោត ដោយបានចេញដំណើរពីទីស្នាក់ការគណបក្សឃុំបន្ទាយស្ទោង ឆ្ពោះទៅកាន់ទីរួមស្រុកស្ទោង និងទៅកាន់ទីកន្លែងប្រមូលផ្ដុំនៅរមណីយដ្ឋាន តំបន់កែងគោលស្រុកស្ទោង ដើម្បីជួបជុំសមាជិកបក្ស និងមហាជននៅគ្រប់ឃុំទាំងអស់ក្នុងស្រុកស្ទោង ដោយត្រូវធ្វើពិធីបិទបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោត៕