(រតនគិរី)៖ លោក ជៀង អំ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តរតនគិរី នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣នេះ បានដឹកនាំសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាជាង៤ពាន់នាក់ បិទយុទ្ធនាការឃោសនាស្វែងរកសំឡេងឆ្នោតនៅក្រុងបានលុង សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ។
អញ្ជើញចូលរួមក្នុងពិធីបិទយុទ្ធនាឃោសនារកសំឡេងឆ្នោតនេះដែរ មានការចូលរួមពីអនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានខេត្តរតនគិរី, លោក គិត ទ្រី បេក្ខជនពេញសិទ្ធិតំណាងរាស្ត្រមណ្ឌលរតនគិរី អាណត្តិទី៧, លោក ញ៉ែម សំអឿន ប្រធានគណៈកម្មាធិការបក្សខេត្ត, លោក ណាប់ ប៊ុនហេង អនុប្រធានគណៈកម្មាធិការបក្សខេត្ត ព្រមទាំងលោក លោកស្រីសមាជិកអចិន្ត្រៃយ៍បក្សខេត្ត សមាជិកគណៈកម្មាធិការបក្សខេត្ត និងក្រុមការងារចុះជួយក្រុងបានលុង, ក្រុមការងារចុះជួយសង្កាត់ទាំង៤ ក្នុងក្រុងបានលុងជាច្រើនរូប និងមានសមាជិក សមាជិកាចូលរួមចំនួន៤,៤១៩នាក់ (ស្រី២,១៧៥នាក់)។
នៅក្នុងឱកាសចុះឃោសនារកសំឡេងឆ្នោតលោក ជៀង អំ បានថ្លែងអំពាវនាវសមាជិក សមាជិការបស់គណបក្សប្រជាជនទាំងអស់ សូមកៀរគរបងប្អូនសាច់ញាតិឲ្យទៅចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដាឆ្នាំ ២០២៣ ខាងមុខនេះឲ្យបានគ្រប់ៗគ្នានៅលេខរៀងទី១៨ ដើម្បីបន្តបានសុខសន្តិភាពនិងការអភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់ទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា និងគាំទ្របេក្ខភាពលោកបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត។
សូមបញ្ជាក់ថា សង្កាត់ទាំង៤ក្រុងបានលុងរួមមាន៖ សង្កាត់ឡាបានសៀក, សង្កាត់កាចាញ, សង្កាត់បឹងកន្សែង, សង្កាត់យក្សឡោម។ សូមជម្រាបថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា ការឃោសនាបោះឆ្នោតត្រូវប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ សរុបមានរយៈពេល២១ថ្ងៃ។
គណបក្សនយោបាយ ដែលត្រូវបានទទួលស្គាល់ជាផ្លូវការដោយ គ.ជ.ប ចំនួន១៨ មានសិទ្ធិធ្វើការឃោសនារកសំឡេងឆ្នោត ដោយគោរពទៅតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត សេចក្តីណែនាំ ស្តីពីការឃោសនាបោះឆ្នោត ក្នុងស្មារតីទទួលខុសត្រូវ និងត្រូវមានការយោគយល់ អធ្យាស្រ័យគ្នាទៅវិញទៅមក។
សូមបញ្ជាក់ថា ក្នុងថ្ងៃបិទបញ្ចប់យុទ្ធនាការឃោសនារកសំឡេងឆ្នោតប្រើប្រាស់មធ្យោបាយរថយន្តចំនួន៣២៩គ្រឿង (ធុនតូច៣១៩គ្រឿង) ម៉ូតូចំនួន៩០៩គ្រឿង កង់បីចំនួន៨គ្រឿង រឺម៉កចំនួន៥គ្រឿង៕