(ក្រចេះ)៖ លោក ព្រុំ សុខា ប្រធានក្រុមការងារមូលដ្ឋានចុះជួយខេត្តក្រចេះ និងលោក វ៉ា ថន ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តក្រចេះ ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែកក្តដា ឆ្នាំ២០២៣នេះ បានដឹកនាំសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាចំនួន៦០០០នាក់ នៅស្រុកសំបូរ ដង្ហែក្បូនបិទយុទ្ធនាការឃោសនារកសម្លេងឆ្នោតដើម្បីបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៧ ដែលជាថ្ងៃឃោសនា ស្វែងរកសំឡេងឆ្នោតជាថ្ងៃចុងក្រោយ។
លោក វ៉ា ថន ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តក្រចេះ បានបញ្ជាក់ឱ្យដឹងថា ថ្ងៃនេះសមាជិកកណបក្យប្រជាជនកម្ពុជាទាំង៧ក្រុងស្រុកទូទាំងខេត្តក្រចេះចំនួន៤៨០០០នាក់ បានចេញដំដើររួមគ្នាបិទយុទ្ធនាការ ឃោសនារកសម្លេងឆ្នោត។ នៅក្នុងឱកាសនោះ មានក្រុងក្រចេះ ស្រុកចិត្របុរី ស្រុកឆ្លូង ស្រុកស្នួល ស្រុកសំបូរ ស្រុកព្រែកប្រសព្វ និងស្រុកអូរគ្រៀងសែនជ័យ។
លោក ព្រុំ សុខា បានអំពាវនាវសមាជិកសមាជិការគណបក្សប្រជាជន ទាំងសូមកៀរគរសាច់ញាតិឲ្យទៅចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត នីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ឲ្យបានគ្រប់គ្នា ជូនគណបក្សប្រជាជនមានលេខរៀងទី១៨ ដើម្បីបន្តសុខសន្តិភាព និងការអភិវឌ្ឍគ្រប់វិស័យ។
ក្នុងការហែក្បូនបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៧ បានធ្វើឡើងទៅតាមរដ្ឋបាលស្រុករបស់ខ្លួនយ៉ាងអធិកអធមតាមរថយន្ដតូច ធំ ម៉ូតូជាច្រើនគ្រឿង ដោយមានការលាយឡំសម្លេង ឃោសនសព្វ និងសម្រែកឃោសនា។
សូមបញ្ជាក់ថា សម្រាប់យុទ្ធនាការឃោសនា បោះឆ្នោតជ្រើសរើសតំណាងរាស្រ្តអាណត្តិទី៧ រយៈពេល២១ថ្ងៃ ដែលបានចាប់ផ្តើមកាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣ ត្រូវបិទបញ្ចប់នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣នេះ ដោយជាទូទៅយុទ្ធនាការ ក្នុងរយៈពេលជាង២០ថ្ងៃកន្លងទៅនេះ បានប្រព្រឹត្តិទៅក្រោមបរិយាកាសល្អប្រសើរ គ្មានអំពើហិង្សាកើតឡើងឡើយ៕