(សំបូរ-ក្រចេះ)៖ លោក ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈនិងជាបេក្ខជនតំណាងរាស្រ្តសម្រាប់មណ្ឌលខេត្តក្រចេះរួមជាមួយសហការីក្នុងក្រុមការងារនិងគណបក្សខេត្ត ស្រុក ឃុំ ដោយមានការចូលរួមពីសំណាក់សកម្មជន និងអ្នកគាំទ្រគណបក្សមកពីឃុំទាំង៦ បានរៀបចំពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៧ មានអ្នកចូលរួមសរុប ៦០០០នាក់។
នេះជាព្រឹត្តិការណ៍ដំបូងលើទឹកដីសម្ភៈបុរៈ(ចេនឡាទឹក)របស់អាណាចក្រខ្មែរស្ថិតនៅឃុំសំបូរ មានទីតាំង នៅវត្តព្រះវិហារធំសសរ១០០ ហៅវត្តសសរ១០០ជាទីសក្ការៈដ៏ពិសិទ្ឋសម្រាប់ជនានុជនកម្ពុជាទូទៅ។
តាំងពីព្រឹកព្រលឹមស្រាងៗក្រោមតំណក់ភ្លៀងរលឹមថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ ក្បួនយុទ្ធនាការបានដង្ហែយ៉ាងគគ្រឹកគគ្រេងចេញពីឃុំដីគោកទាំង៣គឺឃុំសំបូរ សណ្តាន់ កោះខ្ញែរ និងតាមផ្លូវទឹកទន្លេមេគង្គនៃឃុំដីកោះ៣ផ្សេងទៀតគឺឃុំបឹងចារ វឌ្ឍនៈ និងកំពង់ចាម។
លោករដ្ឋមន្រ្តី ព្រុំ សុខា បានថ្លែងអំណរគុណចំពោះសកម្មភាពដ៏ក្លៀវក្លា នៃយុទ្ធនាការបិទការឃោសនាបោះឆ្នោតលើកនេះនៅស្រុកសំបូរដែលជាការសរបញ្ជាក់យ៉ាងប្រត្យក្សពីជ័យជម្នះដ៏ធំមហិមារបស់គណបក្ស ប្រជាជនកម្ពុជាដែលកំពុងរង់ចាំយើងទាំងអស់គ្នាក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ នេះជាក់ជាមិនខាន។
ខ្លឹមសារបទអន្តរាគមន៍ជាបន្តបន្ទាប់ពីវាគ្មិនក្នុងអង្គពិធីមិទ្ទិញប្រមូលផ្តុំចូលរួមដ៏ច្រើនកុះករក្រោមដំណក់ភ្លៀងរលឹមនៅទីលានបាល់ទាត់ស្រុកសំបូរ រួមមានលោកសាស្រ្តាចារ្យបណ្ឌិត ធុយ ចាន់ធួន លោកស្រី ប្រាក់ ចន្ថា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈនិងជាអតីតអគ្គលេខាធិការងគណបក្សហ្វ៊ុនស៊ិនប៉ិច និងជាអតីតសមាជិកអចិន្រ្តៃយ៍គណបក្សខ្មែររួបរួមជាតិ និងលោក សឿ សុភី អតីតសមាជិកគណៈកម្មាធិការនាយកគណបក្សភ្លើងទៀនបានរួមចំណែកញ៉ាំងឲ្យពិធីបិទយុទ្ធនាការ បោះឆ្នោតលើកនេះកាន់តែអធិកអធមពោរពេញដោយខ្លឹមសារ និងការប្តេជ្ញាចិត្តវាយសម្រុកផ្តាច់ព្រ័ត្រដើម្បីដណ្តើមជ័យជម្នះក្នុងការបោះឆ្នោតជាតិសម្រាប់គណបក្សប្រជាជនខេត្តក្រចេះក៏ដូចជាជោគជ័យដ៏មហិមារបស់ប្រជាជនកម្ពុជាក្នុងមហាគ្រួសារគណបក្សប្រជាជនកម្ពុជាទូទាំងប្រទេស៕