(កំពត)៖ នៅព្រឹកថ្ងៃទី២១ ខែកក្កដា​ ឆ្នាំ២០២៣ គណបក្សប្រជាជនកម្ពុជាខេត្តកំពត បានរៀបចំពិធីដង្ហែក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ក្រោមអធិបតីភាពលោកបណ្ឌិត ប៉ែន ស៊ីម៉ន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពត។

ពិធីនេះរៀបចំឡើង នៅរង្វង់មូលទុរ៉េន ក្រុងកំពត ដោយមានសមាជិក-សមាជិការចូលរួមប្រមាណជិត១៥,០០០នាក់។ បន្ទាប់ពីកម្មវិធីបិទ​ សមាជិក-សមាជិកាតាមបណ្តាឃុំ បានដង្ហែក្បួនយុទ្ធនាការឃោសនាបោះឆ្នោតទៅតាមមូលដ្ឋានរៀងៗខ្លួន។

សមាជិក សមាជិកាទាំងអស់សុទ្ធតែបានប្រកាស អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានសញ្ញាទេវតាបាចផ្កា លេខរៀងទី១៨ ដើម្បីគាំទ្រសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៅអាណត្តិទី៧ និងគាំទ្របណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត ដើម្បីបន្តដឹកនាំប្រទេសឆ្ពោះទៅកាន់សុខសន្តិភាព និងការអភិវឌ្ឍ។

សូមបញ្ជាក់ថា សម្រាប់យុទ្ធនាការឃោសនា បោះឆ្នោតជ្រើសរើសតំណាងរាស្រ្តអាណត្តិទី៧ រយៈពេល២១ថ្ងៃ ដែលបានចាប់ផ្តើមកាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣ ត្រូវបិទបញ្ចប់នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣នេះ ដោយជាទូទៅយុទ្ធនាការ ក្នុងរយៈពេលជាង២០ថ្ងៃកន្លងទៅនេះ បានប្រព្រឹត្តិទៅក្រោមបរិយាកាសល្អប្រសើរ គ្មានអំពើហិង្សាកើតឡើងឡើយ៕