(ពោធិ៍សាត់)៖ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣នេះ គឺជាថ្ងៃបិទបញ្ចប់នៃ យុទ្ធនាការឃោសនាបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ រយៈពេល២១ថ្ងៃ ដោយមានការហែក្បួនទ្រង់ទ្រាយធំ នៅទូទាំងប្រទេស។

នៅស្រុកវាលវែង ខេត្តពោធិ៍សាត់ ការហែក្បួនរបស់គណបក្សប្រជាជនកម្ពុជា ក៏បានធ្វើឡើងយ៉ាងផុសផុលផងដែរ។ ក្បួននេះដឹកនាំដោយ លោកបណ្ឌិត ទី ថានី តំណាងរាស្រ្តមណ្ឌលពោធិ៍សាត់ និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកវាលវែង ដោយមានការចូលរួមពី ឈុំ សុជាត សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាសមាជិកក្រុមការងាររដ្ឋាភិបាលចុះជួយខេត្តពោធិ៍សាត់។

យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្ត្តិទី៧ មានរយៈពេល ២១ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី០១ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ ហើយការបោះឆ្នោតនឹងធ្វើឡើងនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ដោយមានគណបក្សចំនួន១៨ ចូលរួមប្រកួតប្រជែង៕