(បាត់ដំបង)៖ ក្នុងថ្ងៃបិទបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ដែលត្រូវថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣នេះ លោក សុខ លូ សមាជិកគណៈកណ្តាលគណបក្សប្រជាជនកម្ពុជា និងប្រធានគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង, លោក អ៊ុយ រី អនុប្រធានអចិន្រ្តៃយ៍បក្សខេត្ត និងលោក ងិន ឃន បេក្ខជនអ្នកតំណាងរាស្រ្តមណ្ឌលបាត់ដំបង បានដឹកនាំសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាជិត ១ម៉ឺននាក់ជួបជុំ និងដង្ហែក្បូនឃោសនាបោះឆ្នោតនៅក្នុងក្រុងបាត់ដំបង។

សមាជិក សមាជិកាទាំងអស់សុទ្ធតែបានប្រកាស អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានសញ្ញាទេវតាបាចផ្កា លេខរៀងទី១៨ ដើម្បីគាំទ្រសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៅអាណត្តិទី៧ និងគាំទ្របណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត ដើម្បីបន្តដឹកនាំប្រទេសឆ្ពោះទៅកាន់សុខសន្តិភាព និងការអភិវឌ្ឍ។

បន្ទាប់ពីកម្មវិធីសំណេះសំណាល សមាជិក-សមាជិកាតាមបណ្តាឃុំ បានដង្ហែក្បួនយុទ្ធនាការឃោសនាបោះឆ្នោត ទៅតាមមូលដ្ឋានរៀងៗខ្លួន។

សូមបញ្ជាក់ថា សម្រាប់យុទ្ធនាការឃោសនា បោះឆ្នោតជ្រើសរើសតំណាងរាស្រ្តអាណត្តិទី៧ រយៈពេល២១ថ្ងៃ ដែលបានចាប់ផ្តើមកាលពីថ្ងៃទី១ ខែកក្កដា  ឆ្នាំ២០២៣ត្រូវបិទបញ្ចប់នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣នេះ ដោយជាទូទៅយុទ្ធនាការ ក្នុងរយៈពេលជាង២០ថ្ងៃកន្លងទៅនេះ បានប្រព្រឹត្តិទៅក្រោមបរិយាកាសល្អប្រសើរ គ្មានអំពើហិង្សាកើតឡើងឡើយ៕