(ភ្នំពេញ)៖ នៅវេលាម៉ោង១៣៖០០នាទី ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៦នេះ ជាពេលវេលាបិទបញ្ចប់ការបោះឆ្នោត (Like) ! ជយលាភី Top-1 (ជាប់ចំណាត់ថ្នាក់លេខ១) នៃកម្មវិធី «ខ្ញុំជាយុវជនគំរូកម្ពុជា» លើកទី៦ ត្រូវបានទៅលើ កញ្ញា ហង្ស ម៉ារីនី ដោយនឹងត្រៀមទទួលបានម៉ូតូធំមួយគ្រឿង នៅថ្ងៃស្អែក នាវិមានសន្តិភាព ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
វិដេអូដែលទទួលបានចំនួន Like ច្រើនជាងគេ រួមមាន៖
១៖ Video: «ការចែករំលែកសេចក្តីស្រឡាញ់ និង ភាពកក់ក្តៅជូនប្រជាជនក្រីក្រ» ដោយ ហង្ស ម៉ារីនី (Like: 17K)
២៖ Video: «ឈាមខ្ញុំសង្គ្រោះប្រជាជនខ្ញុំ» ដោយ ជា វណ្ណារិទ្ធ (Like: 16K)
២៖ Video: «រឿងពិតនៃជីវិតក្មេងប្រុសម្នាក់» ដោយ ឃឹម សុចន្ទ័វិរៈ (Like: 16K)
សូមបញ្ជាក់ថា នៅថ្ងៃទី៣១ ខែកក្កដាខាងមុខនេះ សម្តេចតេជោ ហ៊ុន សែន នឹងផ្តល់កិត្តិយសប្រគល់ពានរង្វាន់ដល់ បេក្ខជន បេក្ខនារី ជ័យលាភីលេខ១ ដល់លេខ១០។ សម្រាប់ការប្រកួតប្រជែងក្នុងកម្មវិធី «ខ្ញុំជាយុវជនគំរូកម្ពុជា» លើកទី៦ ដែលជាវគ្គពិសេសនេះ ម្ចាស់ជយលាភីលេខ១ (Top-1) នឹងទទួលបានរង្វាន់ធំម៉ូតូមួយគ្រឿង និងរង្វាន់ផ្សេងៗជាច្រើនទៀត។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានសម្រេចបង្កើតកម្មវិធី «ខ្ញុំជាយុវជនគំរូកម្ពុជា| Am a Role Model» ក្នុងបំណងជំរុញយុវជន យុវនារី ឲ្យក្លាយទៅជាពលរដ្ឋគំរូល្អក្នុងសង្គម ដោយផ្តល់នូវការគាំទ្រលើកទឹកចិត្ត ឲ្យពួកគេចូលរួមនៅក្នុង Facebook របស់សម្តេច ដើម្បីមានឱកាសចូលរួមកាន់តែច្រើនក្នុងកិច្ចការសង្គម។