(ព្រៃវែង)៖ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងក្រុមការងារ បានអញ្ជើញចុះពិនិត្យ ការអនុវត្តប្រព័ន្ធធារាសាស្ត្រ នៅក្នុងឃុំអង្គរទ្រេត ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង នៅព្រឹកថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០១៦ ។
ការធ្វើអនុត្តរភាពប្រព័ន្ធធារាសាស្ត្រនៅតំបន់នេះ គឺដើម្បីពង្រីកលទ្ធភាព ស្រោចស្រពរបស់ប្រព័ន្ធមេវ៉ៃកូ ឱ្យបានដល់ដីស្រែរបស់ បងប្អូនប្រជាកសិករបន្ថែមទៀត ។ នាពេលកន្លងមក តំបន់នេះគឺជា តំបន់ ស្ងួតហួតហែង និងគ្មានប្រភពទឹក ហើយប្រជាកសិករ អាចធ្វើការបង្កបង្កើនផលដំណាំស្រូវ បានតែ ០១ ដង ក្នុង ០១ ឆ្នាំ ប៉ុណ្ណោះ ជាមួយនឹងទិន្នផលដែលទទួលបានទាបបំផុត ។ ប៉ុន្តែបន្ទាប់ពី ប្រព័ន្ធមេវ៉ៃកូ ជំហានទី ១ ត្រូវបានសាងសង់រួច ក៏ដូចជាការអនុត្តរភាពប្រព័ន្ធធារាសាស្ត្រ តំបន់នេះបានក្លាយទៅជា តំបន់ដែលអាចបង្កបង្កើនផល បានរហូតដល់ទៅ ០៣ ដង ក្នុង ០១ ឆ្នាំ ដោយទទួលបាន ទិន្នផលយ៉ាងល្អប្រសើរ ។
នៅក្នុងឱកាសចុះពិនិត្យនោះ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ក៏បានណែនាំដល់អ្នកបច្ចេកទេស បន្តសិក្សា ដើម្បីពង្រីកបន្ថែមនូវ លទ្ធភាពស្រោចស្រព របស់ប្រព័ន្ធ មេវ៉កូជំហានទី ១ ឱ្យបានដល់ដីស្រែរបស់បងប្អូន ប្រជាកសិករបន្ថែមទៀត និងត្រៀមលក្ខណៈអនុវត្តគម្រោងសាងសង់ប្រព័ន្ធមេវ៉ៃកូជំហានទី ២ បន្តទៀត ៕