(ភ្នំពេញ)៖ អតីតសកម្មជនក្រុមប្រឆាំងលោក ហុក លាងហេង តំណាងរាស្ត្រលេខរៀងទី៦ ខេត្តបន្ទាយមានជ័យ ជាអនុប្រធានទី២ នៃក្រុមទ្រទ្រង់គណបក្សភ្លើងទៀនប្រចាំប្រទេសថៃ និងជាជនភាសខ្លួននយោបាយ និងលោក ជា សុខនីម លេខាធិការក្រុមទ្រទ្រង់ប្រចាំប្រទេសថៃ ជាជនភាសខ្លួននយោបាយ បានដឹកនាំប្រធានតំបន់ចំនួន៣០០កន្លែង មានសមាជិក-សមាជិកា សរុបចំនួន ៣៥០០នាក់ ជាប្រភេទពលករសំណង់ និងពលករមិនរាប់រយ បានស្ម័គ្រចិត្តមកចូលរួមជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា។
លោក ហុក លាងហេង និងលោក ជា សុខនីម តាម រយៈវីដេអូ ដោយឡែកពីគ្នា ចំនួន ២ នៅថ្ងៃទី២០ ខែកក្កដា បានស្នើសុំសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីបានរួមចំណែកអភិវឌ្ឍ និងកសាង ប្រទេសជាតិទៅថ្ងៃអនាគត។
លោក ហុក លាងហេង និងលោក ជា សុខនីម បានលើកឡើងថា «នៅពេលដែលខ្ញុំធ្វើការជាមួយថ្នាក់ដឹកនាំសង្គ្រោះជាតិមានដូចជាទណ្ឌិត សម រង្ស៊ី អ្នកស្រី មួរ សុខហួរ លោក អៀង ឆៃអៀង ថ្នាក់ដឹកនាំនៃគណបក្សសង្គ្រោះជាតិ និងវិទ្យុអាស៊ីសេរីឱ្យពួកយើងខ្ញុំដើរនិយាយញុះញុងពលករខ្មែរដែលកំពុងស្នាក់នៅ និងធ្វើការប្រទេសថៃ ស្អប់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេច ហ៊ុន សែន។ ពិសេសឱ្យពួកខ្ញុំដើរប្រមូលស្នាមផ្ដិតមេដៃពលករ នៅប្រទេសថៃ ប្ដូរមកវិញនៅកាត UNHCR ថវិកាប្រចាំខែរាប់ម៉ឺនដុល្លារ និងសន្យាឱ្យយើងខ្ញុំទៅប្រទេសទី៣ អ្វីដែលសន្យាគឺជាការបោកប្រាស់ពួកខ្ញុំទាំងអស់»។
លោកទាំង២ បានបន្តថា ផ្ទុយពីការដឹនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃរបស់ សម្តេចតេជោ ហ៊ុន សែន ប្រទេសកម្ពុជាមានការអភិវឌ្ឍលើគ្រប់វិស័យដែលលោក ជាអ្នកជំនាន់ក្រោយមិនអាចបំភ្លេចបានចំពោះស្នាដៃដ៏មហិមានេះបានឡើយ។ ជាពិសេសមានគោលនយោបាយចតុកោណរបស់រាជរដ្ឋាភិបាល ពីមួយឆ្នាំទៅមួយឆ្នាំ មានការរៀបចំប្រទេសកាន់តែមានវឌ្ឍនភាពឥតឈប់ឈរ។ សម្តេចតេជោបានដឹកនាំប្រទេសចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត រហូតប្រទេសទទួលបានសន្តិភាពពេញលេញលើផ្ទៃប្រទេស ជាងនេះទៅទៀត សម្ដេចតជោ ហ៊ុន សែន ជាបិតាស្ថាបនិកសន្តិភាព ជាវីរបុរស សម្រាប់លោកចងចាំមិនអាចបំភ្លេចបានឡើយ ។
លោកទាំង២ បានគាំទ្រគោលនយោបាយគណបក្សប្រជាជនកម្ពុជា និងគាំទ្រយ៉ាងពេញទំហឹងចំពោះលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខជនអនាគតនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា។
ពួកគាត់ ក៏បានរិះគន់មេដឹកនាំក្រុមប្រឆាំង ដែលមិនមានគោលជំហរច្បាស់លាស់ មានតែការបង្កភាពវឹកវរ ប្រទូសរាយ ចលាចល ក្នុងប្រទេស៕