(កំពង់ធំ)៖ លោកបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកំពង់ធំ នារសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្តុចំនួន ៦២៣ប័ណ្ណ ជូនដល់បងប្អូនប្រជាពលរដ្ឋនៅភូមិក្តីតាចិន ឃុំទ្រៀល ស្រុកតាំងគោកចំនួន ៣២២គ្រួសារ រួមមាន ដីលំនៅដ្ឋានចំនួន ២២៧ប័ណ្ណ ដីកសិកម្ម ៣៩៤ប័ណ្ណ ទ្រព្យវត្ត ០២ប័ណ្ណ និងដីគ្មានទិន្នន័យ ៤៦ប័ណ្ណ។
ពិធីនេះបានធ្វើឡើងនៅវត្តក្តីតាចិន ដោយមានការចូលរួមពីលោក ចាន់ តារា អភិបាលរងខេត្តកំពង់ធំ លោក អ៉ឹម សុឌីណា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តកំពង់ធំ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក រួមទាំងមានប្រជាពលរដ្ឋនៅភូមិក្តីតាចិន ឃុំទ្រៀល ស្រុកតាំងគោក ជាច្រើននាក់ទៀតផងដែរ។
លើកឡើងនាឱកាសនោះលោកបណ្ឌិត ថោង ខុន ក៏បានចូលរួមអបអរសាទរជាមួយបងប្អូនប្រជាពលរដ្ឋនៅភូមិក្តីតាចិន ឃុំទ្រៀល ស្រុកតាំងគោកទាំង ៣២២គ្រួសារ ដែលត្រូវទទួលប័ណ្ណកម្មសិទ្ធិចំនួន ៦២៣ប័ណ្ណ។ ការផ្តល់ប័ណ្ណកម្មសិទ្ធិនេះគឺកើតចេញពីការគិតគូរយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី មកលើជីវភាពរស់នៅប្រជាពលរដ្ឋមូលដ្ឋាន ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋមានឯកសារគតិយុត្ត និងសិទ្ធិស្របច្បាប់ក្នុងការកាន់កាប់ និងប្រើប្រាស់ដីធ្លីរបស់គាត់ពិតប្រាកដ។
លោកបណ្ឌិត ថោង ខុន បានបញ្ជាក់ទៀតថា ប័ណ្ណកម្មសិទ្ធិនេះគឺជាឯកសារគតិយុត្តិត្រូវបានការពារដោយច្បាប់ ធានាខុសត្រូវដោយរដ្ឋ និងមិនអាចមានជនណាម្នាក់មកលួចបន្លំ រំលោភបំពានបានឡើយ។ មិនតែប៉ុណ្ណោះវាជាវត្ថុមានតម្លៃដែលអាចយកទៅប្រើប្រាស់ដើម្បីទាញយកប្រយោជន៍ដូចជា ធានាសម្រាប់ការខ្ចីប្រាក់ពីធនាគារ ផ្ទេរលក់-ទិញឬធ្វើអំណោយដើម្បីលើកស្ទួយជីវភាពគ្រួសារ និងចូលរួមកាត់បន្ថយភាពក្រីក្រស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលដែលមាន សម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត។
លោកបណ្ឌិត ក៏បានសំណូមពរ ឱ្យបងប្អូនប្រជាពលរដ្ឋដែលត្រូវទទួលបណ្ណកម្មសិទ្ធិនេះ សូមរក្សាទុកដាក់ឲ្យបានត្រឹមត្រូវល្អ និងច្រកទុកក្នុងប្លាស្ទិក តែសុំកុំយកទៅអ៊ុតរឹងដូចអត្តសញ្ញាណប័ណ្ណ ព្រោះបើអ៊ុតរឹង នៅពេលមានតម្រូវលក់ដូរ ឬធ្វើអំណោយនៅថ្ងៃក្រោយ រដ្ឋបាលសុរិយោដីត្រូវធ្វើលេខាចារឹកលើប័ណ្ណ និងនាំឱ្យខូចខាតបាត់អក្សរពេលបកចេញ។
លោកបណ្ឌិត ថោង ខុន ក៏បានផ្តល់អនុសាសន៍ផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋដែរថា ដីជាជីវិត យើងត្រូវការពារ និងប្រើប្រាស់ដីឱ្យមាននិរន្តរភាពយូរអង្វែង តកូន តចៅជំនាន់ក្រោយ។ គ្រប់ភូមិដែលមានការចុះបញ្ជី គឺជាឱកាសល្អសម្រាប់ការរៀបចំភូមិរបស់ខ្លួន (រៀបចំដែនដី) មានន័យថា គណ:កម្មការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ត្រូវពិនិត្យមើលទំហំផ្លូវដែលគ្រោងនឹងពង្រីកទៅអនាគត ត្រូវរក្សាទុក និងចុះបញ្ជីជាដីសាធារណៈរបស់រដ្ឋ ដូចជា ដីបឹងបួរ ត្រពាំង ប្រឡាយទឹកជាដើម។ ដីដែលជាទ្រព្យរបស់រដ្ឋ ដូចជា៖ សាលារៀន មណ្ឌលសុខភាព វត្តអារាម ត្រូវចុះបញ្ជី ឬត្រូវដោះស្រាយករណីមានការរំលោភអោយបានច្បាស់លាស់ ជៀសវៀងមានការរំលោភបន្ថែម។
លោកបណ្ឌិត ក៏បានសំណូមពរឱ្យប្រជាពលរដ្ឋចូលរួមជាមួយមន្ត្រីជំនាញសុរិយោដី ក្នុងការចូលរួមវាស់វែងដីធ្លីឲ្យបានយ៉ាងសកម្ម ដើម្បីទទួលបានប្លង់កម្មសិទ្ធស្របច្បាប់នៅគ្រប់ភូមិដែលមានការចុះវាស់វែងជាប្រព័ន្ធ។ គ្រប់ក្បាលដីត្រូវបោះបង្គោលព្រំឱ្យបានមុនការចុះវាស់វែងរបស់ក្រុមការងារមកដល់។ អាជ្ញាធរត្រូវចូលរួម និងចលនាប្រជាពលរដ្ឋឱ្យចូលរួមជាមួយក្រុមការងារចុះបញ្ជីឲ្យទាន់ពេលវេលា ជៀសវាងការមិនបានចូលរួម ដែលធ្វើឱ្យក្បាលដីហ្នឹងជាក្បាលដីគ្មានទិន្នន័យ។ ត្រូវដោះស្រាយសម្របសម្រួលវិវាទដែលពាក់ព័ន្ធនិងព្រំប្រទល់ឱ្យបានចប់មុនការវាស់វែងមកដល់។
បន្ថែមពីនេះលោកកបណ្ឌិត ថោង ខុន ក៏បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ ត្រូវបំពេញកាតព្វកិច្ចជាពលរដ្ឋល្អ នឹងទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នាថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខឱ្យបានគ្រប់ៗគ្នា។
លោក ចាន់ តារា បានឱ្យដឹងដែរថា ស្រុកតាំងគោក ត្រូវបានក្រុមការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធរបស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពង់ធំ បានចាប់អនុវត្តពីកំឡុងឆ្នាំ២០១៨ ដោយគិតរហូតមកដល់ថ្ងៃនេះអនុវត្តបានចំនួន១៦ភូមិ ដែលស្ថិតក្នុងឃុំទ្រៀល ដែលក្នុងនោះបានចេញប័ណ្ណជូនប្រជាពលរដ្ឋរួចបានចំនួន០៩ភូមិ និងត្រៀមចេញប័ណ្ណចំនួន ០២ភូមិ សម្រាប់ភូមិក្តីតាចិន ជាភូមិទី១០ ដែលត្រូវប្រគល់ប័ណ្ណជូនប្រជាពលរដ្ឋនៅថ្ងៃនេះផងដែរ។
លោក ចាន់ តារា ក្នុងនាមអភិបាលខេត្ត ក៏បានសំណូមពរដល់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពង់ធំ ជម្រុញការចុះបញ្ជីដីធ្លីឱ្យបានឆាប់ និងគ្រប់ភូមិ/ឃុំ ជូនដល់ប្រជាពលរដ្ឋ ដើម្បីចូលរួមចំណែកកាត់បន្ថយទំនាស់ និងកាត់បន្ថយភាពក្រីក្រ ព្រោះបើដីមានប្លង់កម្មសិទ្ធ គឺមានការពារដោយច្បាប់ធានាដោយរដ្ឋ ហើយប្រជាពលរដ្ឋអាចយកប្លង់ទៅប្រើប្រាស់ទាញយកប្រយោជន៍ដើម្បីលើកស្ទួយជីវភាពគ្រួសារ។ លោកក៏បានសំណូមពរដល់ប្រជាពលរដ្ឋត្រូវចូលរួមជាមួយក្រុមការងារបច្ចេកទេសរបស់មន្ទីរ ក្នុងការវាស់វែង បំពេញទិន្នន័យឱ្យបានគ្រប់ៗគ្នា ជៀសវាងក្រុមការងារវាស់វែងរួចសល់ដីរបស់បងប្អូន ដាក់ជាជីគ្មានទិន្នន័យ ពិសេសករណីមានទំនាស់រវាងអ្នកជាប់ព្រំគួររួមគ្នាដោះស្រាយតាមវិធីសាស្ត្រឈ្នះៗទាំងអស់គ្នា៕