(ភ្នំពេញ)៖​ លោក​ ហង្ស ពុទ្ធា សមាជិកគណ:កម្មាធិកាជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) និងជាប្រធានក្រុមអ្នកនាំពាក្យ គ.ជ.ប នាថ្ងៃទី២០​ ខែកក្កដា​ ឆ្នាំ២០២៣នេះ​ បានទទួលជួបលោក ណាអូតូ សាកាហ្គុជិ (Mr. Naoto Sakaguchi) ប្រធានក្រុមអ្នកសង្កេតការណ៍បោះឆ្នោតអន្តរជាតិមកពីប្រទេសជប៉ុន​ រួមទាំងសហការីចំនួន ៧រូប ដើម្បីសម្តែងការគួរសម និងស្វែងយល់ពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។

ជាកិច្ចចាប់ផ្តើមលោក​ ហង្ស ពុទ្ធា បានថ្លែងស្វាគមន៍ក្រុមអ្នកសង្កេតការណ៍បោះឆ្នោតអន្តរជាតិមកពីប្រទេសជប៉ុន ដែលបានអញ្ជើញមកចូលរួមសង្កេតមើលការបោះឆ្នោតនៅកម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ នាពេលដ៏ខ្លីខាងមុខនេះ។ 

លោក ណាអូតូ សាកាហ្គុជិ បានថ្លែងអំណរគុណដល់ក្រុមអ្នកនាំពាក្យ គ.ជ.ប  ដែលបានចំណាយពេលទទួលជួបគណៈប្រតិភូសង្កេតការណ៍បោះឆ្នោតអន្តជាតិមកពីប្រទេសជប៉ុន ក្នុងខណៈពេលដែល គ.ជ.ប មានការមមាញឹករៀបចំការបោះឆ្នោត។ លោកបានរំលឹកអំពីការងាររបស់លោកធ្លាប់ធ្វើនៅប្រទេសកម្ពុជាក្នុងនាមជាអ្នកស្ម័គ្រចិត្តកាលពី ៣១ ឆ្នាំ កន្លងមកនាសម័យកាលអ៊ុនតាក់ និងលោកធ្លាប់ជាសមាជិករដ្ឋសភាជប៉ុនចំនួន ២ អាណត្តិ។

លោកបានបញ្ជាក់ថា ការចូលរួមរបស់គណៈប្រតិភូសង្កេតការណ៍បោះឆ្នោតអន្តរជាតិមកពីប្រទេស ជប៉ុននៅពេលនេះ មិនមែនចូលរួមក្នុងនាមរដ្ឋាភិបាលជប៉ុនទេ គឺក្រុមរបស់លោកមកតាមអង្គការមិនមែន រដ្ឋាភិបាលដែលមានទីស្នាក់ការនៅប្រទេសជប៉ុន ហើយជំនួបនៅពេលនេះលោកចង់ស្វែងយល់ និងមានសំណួរមួយចំនួនពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ឆ្នាំ២០២៣នេះ។

លោក​ ហង្ស ពុទ្ធា ក៏បានជម្រាបជូនគណៈប្រតិភូ អំពីប្រវត្តិនៃការបោះឆ្នោតនៅកម្ពុជាថានៅឆ្នាំ១៩៩៣ គឺជាការបោះឆ្នោតជ្រើសរើសសភាធម្មនុញ្ញ ដែលការបោះឆ្នោតនោះ បានរៀបចំដោយអាជ្ញាធរបណ្តោះអាសន្ននៃអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ហៅកាត់ថា “UNTAC”។ ឯកឧត្តមបានបន្តថា នៅឆ្នាំ១៩៩៨ ប្រទេសកម្ពុជាបានរៀបចំការបោះឆ្នោតដោយខ្លួនឯង និងបានរៀបចំការបោះឆ្នោតជាបន្តបន្ទាប់មកទៀតរហូតមកដល់បច្ចុប្បន្ន។

រហូតមកទល់ពេលនេះ គ.ជ.ប បានរៀបចំការបោះឆ្នោតដោយខ្លួនឯងយ៉ាងទៀងទាត់ ទាំងសកល និងអសកល ចំនួន ១៦ លើករួចមកហើយ។ លោកក៏បានលើកឡើងអំពីដំណាក់កាលសំខាន់ៗទាំង៤ នៃការបោះឆ្នោតដើម្បីឱ្យក្រុមអ្នកសង្កេតការណ៍អន្តរជាតិបានយល់ ដែលរួមមាន៖ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត,​ ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ,​ ការឃោសនាបោះឆ្នោត និងការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផលនៃការបោះឆ្នោត។

លោក​ ហង្ស ពុទ្ធា បានបញ្ជាក់បន្ថែមជូន គណៈប្រតិភូថា បើនៅមានចម្ងល់ពាក់ព័ន្ធនឹងការបោះឆ្នោត គឺអាចទាក់ទងជាមួយក្រុមអ្នកនាំពាក្យ គ.ជ.ប ជាបន្តទៀត ដើម្បីសាកសួរបន្ថែមអំពីការបោះឆ្នោតនៅកម្ពុជា។ លោកក៏បានថ្លែងអរគុណដល់រដ្ឋាភិបាលជប៉ុន ដែលបានផ្តល់ជំនួយដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនាពេលកន្លងមក។

លោកបានសង្ឃឹមថា តាមរយៈអ្នកសង្កេតការណ៍បោះឆ្នោតអន្តរជាតិមកពីប្រទេសជប៉ុន ដែលមានលោក ណាអូតូ សាកាហ្គុជិ នឹងជួយជម្រាបអំពីតម្រូវការរបស់ គ.ជ.ប ជូនរដ្ឋាភិបាលជប៉ុន ដើម្បីផ្តល់ជំនួយបន្ថែមទៀត ដើម្បីឱ្យ គ.ជ.ប រៀបចំការចុះឈ្មោះបោះឆ្នោតឡើងវិញ នៅឆ្នាំ២០២៦ ដោយហេតុថាសម្ភារចុះឈ្មោះបោះឆ្នោតដែលបានប្រើមានរយៈពេល ១០ ឆ្នាំមកហើយ៕