(ភ្នំពេញ)៖ សមាគមអ្នកស្រលាញ់បរិស្ថាន និងសង្គម នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ បានអំពាវនាវដល់ម្ចាស់ឆ្នោត កុំជឿតាមអ្នកឃោសនាមិនឱ្យទៅបោះឆ្នោត។

បើតាមសេចក្តីអំពាវនាវ ដែលបណ្តាញ Fresh News ទទួលបាន ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នឹងប្រព្រឹត្តទៅ នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុននេះ ជាការប្រព្រឹត្តទៅដោយត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបទបញ្ហា និងការបោះឆ្នោត។

រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំការបោះឆ្នោតទៀងទាត់ រាល់អាណត្តិដោយភាពឯករាជ្យ និងការទទួលខុសត្រូវខ្ពស់ ក្នុងបរិយាកាសនយោបាយ អព្យាក្រឹត និងសុវត្ថិភាព។ នេះបង្ហាញជាប្រវត្តិសាស្ត្រ ដែលឆ្លុះបញ្ចាំងឱ្យឃើញកាន់តែច្បាស់នូវការប្ដេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជា ក្នុងការបន្តដំណើរទៅមុខឥតងាករេលើមាគ៌ា សន្តិភាព ប្រជាធិបតេយ្យសេរី ពហុបក្ស និងអភិវឌ្ឍ។

សមាគមអ្នកស្រលាញ់បរិស្ថាន និងសង្គម សូមប្រជាពលរដ្ឋម្ចាស់ឆ្នោត កុំជឿតាមការឃោសនារបស់ខាងប្រឆាំង ក៏ដូចជាក្រុមអគតិទាំងនោះ ដែលញុះញង់មិនឱ្យប្រជាពលរដ្ឋទៅបោះឆ្នោត។ ប្រសិនបើប្រជាពលរដ្ឋជាម្ចាស់ឆ្នោត ជាម្ចាស់ប្រទេសមិនទៅបោះឆ្នោត ដល់ពេលប្រទេសជាតិ ឬពលរដ្ឋខ្លួនឯង មានបញ្ហាណាមួយ ក្រុមជនអគតិទាំងនោះមិនបានមកជួយដោះស្រាយបញ្ហាជាមួយប្រជាពលរដ្ឋឡើយ ដូច្នេះសូមកុំទោរទន់ទៅនឹងការឃោសនាពីមជ្ឈដ្ឋានខាងក្រៅ។

សមាគមអ្នកស្រលាញ់បរិស្ថាន និងសង្គម សូមលើកឡើងនូវសេចក្តីអំពាវនាវ សូមកុំឱ្យយកសម្តីខាងក្រៅជាគោល ប្រជាពលរដ្ឋ ជាម្ចាស់ឆ្នោតកំពុងតែរស់នៅលើទឹកដីប្រទេសកម្ពុជា ត្រូវគោរពបានល្អនូវច្បាប់របស់ប្រទេសកម្ពុជា ហើយជាប្រាសចាកគន្លងច្បាប់ បញ្ហាអាចនឹងកើតមានឡើងសម្រាប់ផ្ទាល់ខ្លួន ហើយផលវិបាកមិនមែនអ្នកស្រែកអំពាវនាវឱ្យប្រជាពលរដ្ឋមិនទៅបោះឆ្នោតទេ ច្បាស់ណាស់ថាផលវិបាកនឹងធ្លាក់មកលើប្រជាពលរដ្ឋកម្ពុជាខ្លួនឯង។

ជាថ្មីម្តងទៀត សូមអំពាវនាវដល់បងប្អូនជនរួមជាតិនៅគ្រប់ទិសទីរួម សាមគ្គីទៅបោះឆ្នោត នៅថ្ងៃអាទិត្យទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ឱ្យបានគ្រប់ៗគ្នា ពីព្រោះជាឱកាសតែមួយគត់រៀងរាល់៥ឆ្នាំម្តង ដើម្បីថែក្សាសន្តិភាព ស្ថិរភាព និងជំរុញការអភិវឌ្ឍសង្គមជាតិឱ្យកាន់តែរីកចម្រើនគ្រប់វិស័យ៕