(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣នេះ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាបេសកជនពិសេស នៃកម្ពុជាប្រចាំអង្គការសហប្រតិបត្តិការឥស្លាម (OIC) បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក Amb. Yousef Al-Dobeay អគ្គលេខាធិការរង អង្គការសហប្រតិបត្តិការឥស្លាម ទទួលបន្ទុកផ្នែកកិច្ចការនយោបាយ នៅការិយាល័យរាជធានីភ្នំពេញ។
ជំនួបនេះ ត្រូវបានធ្វើឡើង ឆ្លៀតក្នុងឱកាស លោក Amb. Yousef Al-Dobeay បានអញ្ជើញមកកាន់កម្ពុជា ដើម្បីចូលរួមសង្កេតការណ៍ សម្រាប់ការបោះឆ្នោតសកលជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧ នៅថ្ងៃអាទិត្យទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។
លោកទេសរដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍ និងថ្លែងអំណរអរគុណ ដល់អង្គការសហប្រតិបត្តិការឥស្លាម ដែលបានបញ្ជូនតំណាងរបស់ខ្លួន មកចូលរួមសង្កេតការណ៍បោះឆ្នោតនៅកម្ពុជា ជាលើកដំបូង ខណ:ការបោះឆ្នោតលើកនេះ មានមន្ត្រីសង្កេតការណ៍បរទេសជាង៣៣៣នាក់ មកពី៦៥ប្រទេស។
នាឱកាសនោះ លោកបណ្ឌិត បានលើកឡើង ពីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឲ្យមានសុខដុមនីយកម្មជាតិសាសន៍ និងសាសនានៅកម្ពុជា។ ជាពិសេសសហគមន៍ឥស្លាម ក៏ទទួលបាននូវការយកចិត្តទុកដាក់ និងការផ្តល់ជូនឲ្យមានតំណាងសហគមន៍ ក្លាយជាថ្នាក់ដឹកនាំក្នុងស្ថាប័ន ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ មន្ត្រីការទូតជាន់ខ្ពស់ អាជ្ញាធរថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងមន្ត្រីរាជការនានា។
ឆ្លៀតក្នងឱកាសនេះ លោកបណ្ឌិត លើកឡើងថា កន្លងមករដ្ឋាភិបាលកម្ពុជា មានបំណងចូលជាសមាជិកសង្កេតការណ៍ នៅក្នុងអង្គការ OIC ប៉ុន្តែមិនទាន់ទទួលបានជោគជ័យនោះទេ ដូច្នេះឯកឧត្តមបណ្ឌិតបានស្នើ ឯកឧត្តមអគ្គលេខាធិការរងអង្គការសហប្រតិបត្តិការឥស្លាមជួយសម្របសម្រួលក្នុងការជួយកម្ពុជា ឱ្យចូលជាសមាជិកសង្កេតការណ៍ OIC ខណៈបណ្តាប្រទេសជាច្រើនបានគាំទ្រកម្ពុជា។
លោក Amb. Yousef Al-Dobeay បានថ្លែងអំណរអរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានអញ្ជើញអង្គការ OIC មកចូលសង្កេតការណ៍បោះឆ្នោត នៅកម្ពុជា។ ជាមួយគ្នាដែរ លោកបានជម្រាបថា អង្គការ OIC ជាអង្គការដែលពង្រឹងទំនាក់ទំនងគ្នា រវាងបណ្តាប្រទេសផ្សេងៗ ជាពិសេសសប្រទេសឥស្លាម ដោយតែងតែផ្តោតលើការយកចិត្តទុកដាក់ និងតាមដានចំពោះកិច្ចការរបស់សហគមន៍ឥស្លាម ទាំងនៅក្នុងប្រទេសជាសមាជិក និងមិនមែនសមាជិក។
លោកបន្តថា ជានិច្ចជាកាល អង្គការ OIC តែងតែគាំទ្រកម្ពុជាឱ្យចូល ជាសមាជិកសង្កេតការណ៍ របស់ OIC ហើយក្នុងនោះមាន ៥៥ ប្រទេសបានគាំទ្រកម្ពុជាផងដែរ ខណៈមានប្រទេស ២ប៉ុណ្ណោះ បានជំទាស់ ដោយសារបញ្ហានយោបាយរបស់ពួកគេ។ ដូច្នេះ អង្គការ OIC នឹងខិតខំប្រឹងប្រែងជ្រោមជ្រែងកម្ពុជាក្នុងការស្នើសុំជាសមាជិកសង្កេតការណ៍ម្តងទៀត នៅសម័យប្រជុំលើកក្រោយ និងជួយសម្របសម្រួល ជាមួយសមាជិកពាក់ព័ន្ធ ដ៏ទៃទាក់ទងនឹងករណីកម្ពុជា។
សូមជម្រាបជូនថា អង្គការសហប្រតិបត្តិការឥស្លាម (Organization of Islamic Cooperation) ហៅកាត់ថា OIC ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៦៩ ដែលមានអន្តររដ្ឋប្រទេសជាសមាជិកចំនួន ៥៧ប្រទេស តំណាងប្រជាជនជិត២០០០ លាននាក់ នៅលើសកលលោក និងជាអង្គការធំទីពីរ បន្ទាប់ពីអង្គការ UN៕