(ត្បូងឃ្មុំ)៖ ប្រជាពលរដ្ឋនៅក្នុងឃុំទ្រា និងឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ បានប្រកាសប្តេជ្ញាបោះឆ្នោតជូនគណបក្សប្រជាជន ដើម្បីទទួលបានសុខសន្តិភាព និងការអភិវឌ្ឍន៍ភូមិឋានរបស់ខ្លួនឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។
ការប្រកាសរបស់ប្រជាពលរដ្ឋក្នុងឃុំទាំងពីរនេះ បានធ្វើឡើងនៅចំពោះមុខលោក ផារ៉ា មង្គល ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកក្រូចឆ្មាររបស់គណបក្សប្រជាជនកម្ពុជា។ លោក ផារ៉ា មង្គល នាព្រឹកថ្ងៃព្រហស្បតិ៍ ៣កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣នេះ បានបន្តដឹកនាំក្រុមការងារចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋចំនួន ៣០០នាក់ នៅឃុំទ្រា និង ៥០០នាក់នៅឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដើម្បីបន្តផ្សព្វផ្សាយគោលនយោបាយរបស់គណបក្ស និងសុំឱ្យប្រជាពលរដ្ឋគូសសាកល្បងលើសន្លឹកឆ្នោតគំរូ។ ការគូសសាកល្បងនោះ ប្រជាពលរដ្ឋបានគូសលើសន្លឹកឆ្នោតគំរូបានត្រឹមត្រូវ ១០០ភាគរយ។
នៅចំពោះមុខលោក ផារ៉ា មង្គល ប្រជាពលរដ្ឋនៅឃុំទ្រា និងឃុំស្វាយឃ្លាំង ប្ដេជ្ញាគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ឱ្យឈ្នះភ្លូកទឹកភ្លូកដី។
ប្រជាពលរដ្ឋក្នុងឃុំទាំងពីរ បានប្រកាសបែបនេះ ដោយសារតែពួកគាត់បានមើលឃើញជាក់ស្តែងនូវសមិទ្ធផលជាតិ ក៏ដូចជាសមិទ្ធផលក្នុងភូមិឋានរបស់ពួកគាត់ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។ ពួកគាត់នៅតែមានជំនឿចិត្តមុតមាំថា ក្រោមការដឹកនាំរបស់បក្សប្រជាជនកម្ពុជា នឹងធ្វើឱ្យសង្គមកម្ពុជាកាន់តែរីកចម្រើន ហើយភូមិឋានរបស់ពួកគាត់ក៏នឹងទទួលបានសមិទ្ធផលថ្មីៗបន្ថែមទៀត។
លោក ផារ៉ា មង្គល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រជាពលរដ្ឋក្នុងឃុំទាំងពីរខាងលើ ចំពោះភក្តីភាព និងការជឿជាក់មុតមាំចំពោះការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា ហើយប្តេជ្ញាបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខដ៏ខ្លីនេះ។
លោក ផារ៉ា មង្គល បានប្រកាសថា តបនឹងទឹកចិត្តរបស់ប្រជាពលរដ្ឋដែលគោរពស្រឡាញ់ចំពោះបក្សប្រជាជនកម្ពុជា រូបលោក ក៏ដូចជាក្រុមការងារ នឹងបន្តប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត បញ្ញាញាណ ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ និងកសាងសមិទ្ធផលនានាក្នុងស្រុកក្រូចឆ្មារបំពេញសេចក្តីត្រូវការក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ៕