(ភ្នំពេញ)៖ រាជបណ្ឌិត្យសភាកម្ពុជា នៅរសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣នេះ បានរៀបចំការប្រឡងបញ្ចប់វគ្គបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈលើជំនាញភេសជ្ជៈ «កាហ្វេ ស្រាក្រឡុក ភេសជ្ជៈសុខភាព និងផ្លែឈើក្រឡុក» នៅអគារឥន្រ្ទទេវី (បន្ទប់RAC-1-04)។
កម្មវិធីនេះដែរ ដោយមានការអញ្ជើញចូលរួមពី លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា លោក សាន សុរាវនិត ប្រធានស្តីទីមជ្ឈមណ្ឌលបណ្តុះបណ្តាលនិងស្រាវជ្រាវ ព្រមទាំងគណៈកម្មាធិការ និងសិក្ខាកាមជាច្រើនរូប។
ការប្រឡងបញ្ចប់វគ្គនេះ សិក្ខាកាមទាំងអស់ត្រូវឆ្លងកាត់ទាំងវិញ្ញាសាសរសេរ និងវិញ្ញាសាអនុវត្តផ្ទាល់លើភេសជ្ជៈ។ ដើម្បីទទួលបានវិញ្ញាបនបត្របញ្ជាក់សិក្សាពីស្ថាប័នរាជបណ្ឌិត្យសភាកម្ពុជា សិក្ខាកាមទាំងអស់ចាំបាច់ត្រូវពឹងលើ សមត្ថភាពផ្ទាល់ខ្លួន ហើយប្រឡងឱ្យជាប់ទាំងពីរវិញ្ញាសាដោយពុំមានលក្ខខណ្ឌលើកលែងណាមួយឡើយ។ ជាសក្ខីភាព ទស្សនទានមួយនៃវគ្គបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈនៅរាជបណ្ឌិត្យសភាកម្ពុជា គឺ«ចេះគឺជាប់»។
ក្នុងឱកាសនេះដែរ លោក សាន សុរាវនិត ប្រធានស្តីទីមជ្ឈមណ្ឌលបណ្តុះបណ្តាលនិងស្រាវជ្រាវ ក៏បានចូលរួមណែនាំ និងលើកទឹកចិត្តដល់សិក្ខាកាមទាំងអស ឱ្យខិតខំអស់ពីសមត្ថភាពក្នុងការប្រឡងនេះ។
បន្ថែមពីនេះ លោក សុរាវនិត ក៏បានលើកឡើងថា «ការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ នៅរាជបណ្ឌិត្យសភាកម្ពុជា ពិតជាបានចូលរួមចំណែកជាមួយរាជរដ្ឋភិបាល ក្នុងការផ្តល់ជំនាញជូនយុវជន និងលើកកម្ពស់ជីវភាពរបស់ពួកគាត់»។ លោកបានបន្តថា «រាជបណ្ឌិត្យសភាកម្ពុជា តែងតែយកចិត្តទុកដាក់ ក្នុងការជំរុញឱ្យយុវជនកម្ពុជា មានជំនាញមួយជាក់លាក់ និងមានលទ្ធភាពចូលរួមអភិវឌ្ឍសង្គមជាតិ»។
ជាមួយគ្នានេះ លោកបណ្ឌិត សុខ ទូច ក៏បានផ្ដល់អនុសាសន៍ទាក់ទងនឹងការបណ្ដុះបណ្ដាល នៃវិជ្ជាជីវៈ លើជំនាញ មានចំនួន៧ ចំណុច រួមមាន៖
*ទី១៖ ទៅជាអ្នកគ្រប់គ្រងជំនួញ
*ទី២៖ ទៅជាអ្នកបើកជំនួញ
*ទី៣៖ ធ្វើការមានជំនាញ និងលក់ជំនាញ
*ទី៤៖ ដើម្បីសុខភាព
*ទី៥៖ មនុស្សជាវិចិត្រករ ទៅលើជំនាញរបស់ខ្លួននៅពេលសមត្ថភាព
*ទី៦៖ ជាភ្នាក់ងារទេសចរណ៍ដ៏សំខាន់
*ទី៧៖ បង្កើតទីផ្សារក្នុងស្រុកទៅលើផលិតផលរបស់ ខ្លួន។
សូមជម្រាបដែរថា វគ្គបណ្តុះបណ្តាលលើជំនាញភេសជ្ជៈ មានដូចខាងក្រោម៖
១៖ ស្រាក្រឡុក ៣៦មុខ សិក្សារយៈពេល ៣៦ម៉ោង នៅថ្ងៃព្រហស្បតិ៍-សៅរ៍ (រសៀល)
២៖ ផ្លែឈើក្រឡុក ២៥មុខ សិក្សារយៈពេល ១៨ម៉ោង នៅថ្ងៃចន្ទ-ពុធ (រសៀល)
៣៖ កាហ្វេ ២៥មុខ សិក្សារយៈពេល ១៨ម៉ោងនៅថ្ងៃចន្ទ-ពុធ (ព្រឹក)។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកតាម៖ រយៈលេខទូរស័ព្ទ៖ ០១២ ៩៦៥ ៩២១ ឬ ០១០ ៩៦៥ ៩២១
ដែលមានអាសយដ្ឋាន នៅមហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ
តាមរយៈទំព័រហ្វេសប៊ុក រាជបណ្ឌិត្យសភាកម្ពុជា-Royal Academy of Cambodia ឬ មជ្ឈមណ្ឌលបណ្តុះបណ្តាលនិងស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា៕