(ភ្នំពេញ)៖ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជាប្រធាន, កិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលធ្វើឡើងដោយទម្រង់ផ្ទាល់ ពីថ្ងៃទី១០ ដល់១៣ ខែវិច្ឆិកា ឆ្នាំ២០២២ បានដំណើរការទៅយ៉ាងរលូន ប្រកបដោយសន្តិសុខសុវត្ថិភាព កិច្ចសហប្រតិបត្តិការ និងសមិទ្ធផលផ្លែផ្កាជាប្រវត្តិសាស្ត្រ។

ភាពជាម្ចាស់ផ្ទះ ក្នុងការរៀបចំកិច្ចប្រជុំដ៏ធំក្នុងតំបន់មួយនេះ បានទទួលនូវការកោតសរសើរ និងគាំទ្រយ៉ាងខ្លាំងពីសំណាក់មេដឹកនាំនានា នៅលើពិភពលោក។ ជោគជ័យដ៏ត្រចេះត្រចង់ក្នុងការដឹកនាំ កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ បានបង្កើតជាកិត្តិយសជាតិ មោទនភាពជាតិ និងកិត្យានុភាពជាតិ ដ៏សម្បើមមួយសម្រាប់ប្រជាជាតិ និងប្រជាជនកម្ពុជាទាំងមូល។

ភាពជោគជ័យនៃកិច្ចប្រជុំកំពូលអាស៊ាន ត្រូវបានគេមើលឃើញថា គឺជាការបង្ហាញពីសមត្ថភាពដឹកនាំដ៏អស្ចារ្យ របស់សម្តេចតេជោ ហ៊ុន សែន។

បើតាមលោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា កម្ពុជាក្នុងនាមជាប្រធានអាស៊ាន ទទួលបានជោគជ័យចំនួន ៣ចំណុច រួមមាន៖

* ទី១៖ អញ្ជើញមហាអំណោចដែលមិនធ្លាប់ចូលរួមប្រជុំជាមួយអាស៊ាន ខណៈកន្លងមកមហាអំណោចទាំងនោះត្រឹមតែបញ្ជូនជំនួយការ ឬទីប្រឹក្សាមកចូលរួមប្រជុំ ប៉ុន្តែ ផ្ទុយទៅវិញនៅពេលដែលកម្ពុជា ក្លាយជាប្រធានអាស៊ាន អញ្ជើញប្រធានាធិបតីមហាអំណាច ឬតំណាងប្រធានាធិបតី ឬនាយករដ្ឋមន្ត្រីមកប្រជុំនៅកម្ពុជា ហើយបានឃើញមុខមាត់របស់កម្ពុជា ថាកម្ពុជា មិនដូចអ្វីដែលគេបានបកស្រាយនោះទេ។

* ទី២៖ ប្រទេសតូច ប៉ុន្តែ រក្សាបាននូវសន្តិសុខដ៏ល្អ ដែលគ្មានអ្វីដែលចោទជាបញ្ហាក្នុងឱកាសដែលកម្ពុជា ធ្វើជាប្រធានអាស៊ាន ហើយក៏គ្មានបញ្ហាឆកល្វែង បើទោះបីជាជំងឺកូវីដ១៩ វាយលុយក៏ដោយ ក៏កម្ពុជាអាចធ្វើម្ចាស់ការចំពោះករណីនេះបាន។

* និងទី៣៖ នៅពេលដែលសម្តេចតេជោ ហ៊ុន សែន អញ្ជើញទៅទ្វីបអឺរ៉ុប ក្នុងនាមជាប្រធានអាស៊ាន និងក្នុងនាមជានាយករដ្ឋមន្ត្រីរបស់កម្ពុជា ប្រធានាធិបតីបារាំង បានទទួលសម្តេចតេជោ ហ៊ុន សែន ពេញមុខ ពេញមាត់ ដើម្បីផលប្រយោជន៍របស់អាស៊ាន។

កម្ពុជាបានក្លាយជាសមាជិកអាស៊ាន កាលពីខែមេសា ឆ្នាំ១៩៩៩ ហើយបានធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូលអាស៊ាន ២លើករួចមកហើយ កាលពីឆ្នាំ២០០២ និង២០១២។ ចំពោះភាពជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២២ ក៏ត្រូវបានប្រជាពលរដ្ឋខ្មែរយល់ឃើញថា កាន់តែបាននាំមកនូវកិត្តិយស និងកិត្យានុភាពជាតិថែមទៀត។

លោក នួន ភារម្យ អតីតនិស្សិតនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច បានលើកឡើងថា ក្នុងនាមលោកជាប្រជាពលរដ្ឋមួយរូប ក៏ដូចជាប្រជាពលរដ្ឋទូទៅ លោកពិតជាមានមោទនភាព និងភាពសប្បាយរីករាយយ៉ាងខ្លាំងក្លា ក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាននេះ ព្រោះមានបណ្តាប្រទេសមហាអំណាចចូលរួមផង។

លោកបន្តថា ក្នុងនេះផងដែរ កិច្ចប្រជុំនេះគឺពិតជាផ្តល់សារៈសំខាន់ចំពោះប្រទេសកម្ពុជា និងបណ្តាលប្រទេសអាស៊ាន ដោយក្នុងនោះ៖

* ១៖ ជួយលើកតម្កើងកិត្តិយស និងកិត្យានុភាពជាតិ៖ ក្នុងនាមជាប្រទេសប្រធានអាស៊ានប្តូរវេន ដែលអាចរៀបចំកិច្ចប្រជុំកំពូលដោយមានការចូលរួមពីបណ្តាប្រទេសមហាអំណាចធំៗ ជាពិសេសសហរដ្ឋអាមេរិក ដែលនេះបង្ហាញពីភាពសុខដុមរមនា សន្តិភាពពេញលេញ សន្តិសុខ និងសណ្តាប់ធ្នាប់ ដែលជាទំនុកចិត្តពេញទីរបស់ប្រទេសសមាជិកនៃកិច្ចប្រជុំ។

* ២៖ ពង្រីកទីផ្សារ និងបង្កើនឱកាសសេដ្ឋកិច្ច៖ ពិតណាស់កិច្ចប្រជុំកំពូលអាស៊ាន នឹងមានគណៈប្រតិភូនៃបណ្តាប្រទេសជាច្រើន ស្របជាមួយគ្នានេះ បណ្តាវិនិយោគិន នឹងសម្លឹងឃើញភាពរីកចម្រើន ជាពិសេសកាលានុវត្តភាពនៃការវិនិយោគបណ្តាក់ទុន នៅក្នុងប្រទេសកម្ពុជា តាមរយៈនៃកិច្ចប្រជុំនេះ ឬតាមរយៈប្រព័ន្ធផ្សព្វផ្សាយនិយាយដោយឡែក។

* ៣៖ មួយវិញទៀត កិច្ចប្រជុំនេះ ក៏ជាវិធីសាស្ត្រនៃការទាក់ទាញបណ្តាភ្ញៀវទេសចរណ៍ ចូលមកទស្សនានៅក្នុងប្រទេសកម្ពុជា ដោយក្នុងកិច្ចប្រជុំនេះ នឹងមានទស្សនកិច្ចរបស់ប្រទេសនៃសមាជិកនៃកិច្ចប្រជុំទៅទស្សនានៅតំបន់អង្គរ ដែលជាធាតុចម្បងក្នុងការផ្សព្វផ្សាយទៅកាន់ពិភពលោក ពីតំបន់ទេសចរណ៍នៅក្នុងប្រទេសកម្ពុជាផងដែរ។

លោក នួន ភារម្យ បានបន្ថែមថា សម្រាប់ក្របខណ្ឌអាស៊ាន ដូចដឹងស្រាប់ហើយថា អាស៊ានបានខកខានកិច្ចប្រជុំដោយសារវិបត្តិនៃការឆ្លងរាតត្បាតនៃកូវីដ ដូចនេះកិច្ចប្រជុំក្នុងឆ្នាំនេះ គឺពិតជាផ្តល់សារៈសំខាន់សម្រាប់ប្រទេសជាសមាជិកអាស៊ាន ដោយក្នុងនោះដូចជា ការពង្រឹងទំនាក់ទំនង សាមគ្គីភាព នៃបណ្តាលប្រទេសជាសមាជិក ដោយជ្រកនៅក្រោមធម្មនុញ្ញ នៃសមាគមប្រជាជាតិអាស៉ីអាគ្នេយ៍ និងការស្វែងរកដំណោះស្រាយ ដ៏ជាក់ច្បាស់ ក្នុងនាមជាប្រទេសជាសមាជិក ដើម្បីដោះស្រាយវិបត្តិនយោបាយនៅក្នុងប្រទេសមីយ៉ាន់ម៉ា។

«ជារួមមក កិច្ចប្រជុំកំពូលអាស៊ានលើកនេះ ពិតជាផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនសម្រាប់ប្រទេសកម្ពុជា និងបណ្តាប្រទេសដែលជាសមាជិកនៃកិច្ចប្រជុំ»។ នេះបើតាម លោក នួន ភារម្យ។

ស្របពេលជាមួយគ្នានេះ លោក ប៊ុនថន សុខាណារិទ្ធ កម្មសិក្សាការីនៃសាលាភូមិន្ទរដ្ឋបាល ក៏បានសម្តែងមោទនភាព ដែលលោកបានកើតទាន់ ពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះ​ រៀបចំកិច្ចប្រជុំកំពូលអាស៊ាន ដល់ទៅ៣លើក។ លោកបានលើកឡើងពីគុណសម្បត្តិនៃសន្តិភាព ដែលនាំឲ្យកម្ពុជាក្លាយជាទីកន្លែងរៀបចំមហាព្រឹត្តិការណ៍បែបនេះ។

លោកថ្លែងថា «មុនឆ្លើយសំណួរនេះ ខ្ញុំសូមលើកយកចំណុចចាប់អារម្មណ៍ធំពីរ គឺទី១៖ សូមនិយាយពាក្យថាអរគុណសន្តិភាព! បើគ្មានសន្តិភាពទេយើងមិនអាចរៀបចំព្រឹត្តិការណ៍ដ៏មានសារៈសំខាន់បែបនេះបានទេ, ទី២៖ បើគ្មានអភិបាលកិច្ចល្អក្នុងការគ្រប់គ្រង និងចាត់ចែងព្រមទាំងការចូលរួមរបស់ប្រជាជនក្នុងការទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩ គឺយើងក៏បាត់បង់ឱកាសក្នុងការរៀបចំកិច្ចប្រជុំដោយផ្ទាល់បានដែរ។ ខ្ញុំពិតជាមានមោទនភាពក្នុងនាមជាខ្មែរ ឆ្នាំ២០២២នេះជាលើកទី៣ហើយ ដែលយើងមានកិត្តិយសបានធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ បន្ទាប់ពីឆ្នាំ ២០០២ និង២០១២»

លោកបន្ថែមថា ជាការពិត តួនាទីជាប្រធានអាស៊ានអាចជាមោទនភាពផង ជាសម្ពាធផង និងជាឱកាសផង។ អ្វីដែលជាឱកាសសម្រាប់កម្ពុជានាពេលនេះ គឺអាចបង្ហាញដោយក្តីមោទនភាពថា កម្ពុជាពីមុន ជាប្រទេសត្រូវទទួលរងការហ៊ុមព័ទ្ធ និងឯកោទាំងផ្នែកនយោបាយ និងសេដ្ឋកិច្ច តែឥឡូវកម្ពុជាបានសមាហរណកម្មខ្លួនយ៉ាងសកម្ម និងដើរតួនាទីដោយស្មើសិទ្ធិ និងស្មើភាពក្នុងគ្រប់កិច្ចការតំបន់និងនៅលើឆាកអន្តរជាតិ។ ជាមួយគ្នានេះដែរ តួនាទីកម្ពុជាជាប្រធានអាស៊ានឆ្នាំ២០២២នេះ វាជាឱកាសដែលកម្ពុជាអាចបង្ហាញពីសមត្ថភាព និងហិរញ្ញវត្ថុក្នុងការរៀបចំព្រឹត្តិការណ៍អន្តរជាតិដ៏ធំបែបនេះ ហើយព្រឹត្តិការណ៍នេះ នឹងជួយលើកមុខមាត់កម្ពុជា ទាំងវិស័យនយោបាយ ការទូត សេដ្ឋកិច្ច វប្បធម៌ និងទេសចរណ៍។

លោក ប៊ុនថន សុខាណារិទ្ធ បន្តថា «បើខ្ញុំចាំមិនភ្លេចទេ ខ្ញុំធ្លាប់បានស្តាប់លឺការលើកឡើងរបស់ ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងការបរទេសកម្ពុជាថា កិច្ចការទាំងនេះ គឺកម្ពុជាបានចាប់ផ្តើមគិតគូរប្រកបដោយការពិចារណា និងសិក្សារួចរាល់ ហើយបានធ្វើការសិក្សាយ៉ាងស៉ីជម្រៅ ដោយបានរៀបចំតាំងពីមុនពេលដែលកម្ពុជា បានទទួលតំណែងជាប្រធានប្តូរវេនអាស៊ាននាឆ្នាំ២០២២ នេះមកម្ល៉េះ ហើយខណៈដែលពិភពលោកនាពេលបច្ចុប្បន្ននេះពោរពេញដោយបញ្ហាចាក់ស្រេះទាំងក្នុងតំបន់ និងពិភពលោក»

ទន្ទឹមនេះ លោក គង់ សុទ្ធារិទ្ធ ជាសិល្បករមួយរូប បានឲ្យដឹងដែរថា លោកពិតជាមានក្ដីសោមនស្សរីករាយ ដែលព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាប្រធានប្ដូរវេនអាស៊ាន នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១។

សិល្បករដែលនឹងត្រូវសម្តែង ក្នុងព្រឹត្តិការណ៍អាស៊ានដែរនោះ បានបន្ថែមថា ជាការពិតណាស់ កិច្ចប្រជុំកំពូលអាស៊ាន គឺបានផ្តល់អត្ថប្រយោជន៍ច្រើនដល់សហគមន៍រួម ជាពិសេសក្រោយបរិបទកូវីដ-១៩ បានធ្វើឲ្យប្រជាជាតិនីមួយៗ បានឃើញ និងយល់កាន់តែច្បាស់អំពីការរួមគ្នាដោះស្រាយបញ្ហាប្រឈម ការគិតគូពីភាពធន ការពង្រឹងគុណភាពសន្តិសុខ ការជំរុញកំណើនសេដ្ឋកិច្ច សាមគ្គីភាព សុខដុមភាព វិបុលភាព ការលើកស្ទួយសហមគមន៍ សង្គមវប្បធម៌ និងការរីកចម្រើនរួមគ្នា ឆ្ពោះទៅសម្រេចគោលដៅរួមនៃអាស៊ាន។

«ក្នុងនាមសិល្បករ ១រូប ដែលនឹងចូលរួមក្នុងកម្មវិធីសម្ដែងសិល្បៈ ក្នុងព្រឹត្តិការណ៍ដ៏មហស្ចារ្យនេះ ដែល ១០ឆ្នាំទើបដល់ពេលប្ដូរវេនម្ដង ខ្ញុំពិតជាមានក្តីសប្បាយរីករាយ និងមានកិត្តិយសធំធេងដែលទទួលបានឱកាសចូលរួមច្រៀងសម្តែងជូនថ្នាក់ដឹកនាំនៃបណ្ដាប្រទេសនានា»។ នេះបើតាមលោក គង់ សុទ្ធារិទ្ធ។

សម្រាប់ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា តាមរយៈ Facebook បានបង្ហាញអត្ថន័យដ៏ជ្រាលជ្រៅចំនួន៥ចំណុច នៅពេលដែលកម្ពុជា កំពុងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២។

ខ្លឹមសារដែលភ្ជាប់ជាមួយរូបភាព សម្ដេចតេជោ ហ៊ុន សែន និងមេដឹកនាំអាស៊ាន ចូលគាល់ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ហ៊ុន ម៉ានី សរសេរសារ រៀបរាប់ថា នេះមិនត្រឹមតែជាអត្ថរូប ប៉ុន្តែថែមទាំងជាអត្ថន័យដ៏ជ្រាលជ្រៅ ដែលបង្ហាញថា៖

* ទី១៖ កម្ពុជា មានសន្តិភាពពេញលេញ ដែលអនុញ្ញាតឲ្យប្រទេសនេះ មានលទ្ធភាពគ្រប់គ្រាន់ក្នុងការទទួលស្វាគមន៍នូវរាល់វត្តមានរបស់ថ្នាក់ដឹកនាំកំពូលៗ របស់ពិភពលោក និងតំបន់ ក៏ដូចជាប្រធានស្ថាប័ន និងអង្គការអន្តរជាតិធំៗនានា

* ទី២៖ កម្ពុជា មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការរៀបចំ និងដឹកនាំកិច្ចប្រជុំកំពូលនានាជាអាទិ៍ កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ដែលនេះឆ្លុះបញ្ជាំងឲ្យឃើញពីសមត្ថភាពនៃការដឹកនាំ ធនធានមនុស្សដ៏មានសក្តានុពល និងបរិយាកាសប្រកបដោយភាពអំណោយផល

* ទី៣៖ កម្ពុជា មានសិទ្ធិ និងអំណាច ស្មើមុខស្មើមាត់ដូចបណ្តាប្រទេសនានាក្នុងពិភពលោក ដែលជាអាទិ៍រួមមានសិទ្ធិក្នុងការផ្តួចផ្តើម កំណត់ចក្ខុវិស័យ បង្កើតយន្តការដោះស្រាយបញ្ហាតំបន់ និងពិភពលោក

* ទី៤៖ កម្ពុជា បានប្រែក្លាយពីប្រទេសដែលធ្លាប់បានញ៉ាំញីដោយផេះផង់នៃភ្លើងសង្រ្គាម និងជម្លោះផ្ទៃក្នុងដ៏រ៉ាំរ៉ៃ ភាពអត់ឃ្លាន ការរំលោភសិទ្ធិមនុស្ស មកជាប្រទេសដែលមានការអភិវឌ្ឍលើគ្រប់វិស័យ ការគោរពសិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងជាប្រទេសនីតិរដ្ឋពិតៗ

* ទី៥៖ កម្ពុជា កំពុងដើរលើផ្លូវដ៏ត្រឹមត្រូវបំផុត ក្រោមការដឹកនាំដ៍ឈ្លាសវៃ និងប៉ិនប្រសព្វរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ ក្នុងន័យនេះ យើងទាំងអស់គ្នា ត្រូវពួតដៃគ្នារក្សាសន្តិភាព និងបន្តជំរុញនូវភាពរុងរឿងនេះតទៅមុខទៀត ដើម្បជាតិ និងមាតុភូមិយើង»។

កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង ៤១ និងកិច្ចប្រជុំកំពូលអាស៊ានពាក់ព័ន្ធ បានអនុម័ត និងកត់សម្គាល់នូវបញ្ជីឯកសារសមិទ្ធផលដ៏វែងចំនួនប្រហែល ១០០ ឯកសារ ដើម្បីជាមគ្គុទេសក៍សម្រាប់សកម្មភាព និងសហប្រតិបត្តិការរបស់អាស៊ាននាឆ្នាំតទៅមុខទៀត។

សម្រាប់អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ មើលឃើញថា កិច្ចប្រជុំទាំងនេះជោគជ័យជាសារវ័ន្តទាំងខ្លឹមសារ និងរូបភាព។

លោកបណ្ឌិត យ៉ង ពៅ គ្រូបង្រៀនវិទ្យាសាស្ត្រនយោបាយ បានលើកឡើងថា កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង ៤១ និងកិច្ចប្រជុំកំពូលអាស៊ានពាក់ព័ន្ធ បានធ្វើឡើងក្នុងខណៈដែលពិភពលោកកំពុងតែឡើងកម្តៅខ្លាំងទាំងនយោបាយ ទាំងបញ្ហាសុខភាពសាធារណៈ និងទាំងបញ្ហាអាស៊ាន និយាយរួម គឺឡើងកម្តៅទាំងព្រម ទាំងបញ្ហាតំបន់ និងបញ្ហាសាកល។

លោកបណ្ឌិត យ៉ង ពៅ បន្តថា បញ្ហាតំបន់ គឺបញ្ហាមីយ៉ាន់ម៉ា ឯបញ្ហាសាកល គឺរុស្ស៉ីឈ្លានពានអ៊ុយក្រែន និងបញ្ហាអូសបន្លាយនៃវិបត្តិកូវីដ និងការរុញច្រើនទៅដល់បញ្ហាវិបត្តិសេដ្ឋកិច្ចពិភពលោក ដូច្នេះកម្ពុជា ពេលពិភពលោកកំពុងមានភាពតានតឹងនេះ បែរជាបានរៀបចំកិច្ចប្រជុំកំពូលប្រកបដោយជោគជ័យ សម្រេចបានឯកសារជាផ្លូវការជាង ១០០ឯកសារ ហើយថ្នាក់ដឹកនាំកំពូលៗពិភពលោក និងថ្នាក់ដឹកនាំតំបន់ បានអញ្ជើញមក។ ក្នុងនោះ លោកបណ្ឌិត ក៏បានកត់សម្គាល់ខ្លាំងជាងគេ​ គឺលោក ចូ បៃដិន បានបង្ហាញភាពរីករាយ និងកក់ក្តៅ ក្នុងការចូលរួមកិច្ចប្រជុំនៅកម្ពុជា តាមរយៈការថតរូបសេលហ្វី (Selfie) ជាមួយភាពញញឹម។

លោកបណ្ឌិត យ៉ង ពៅ បានថ្លែងទៀតថា កម្ពុជា បានក្លាយជាវេទិកាសន្ទនានយោបាយពិភពលោក ទាំងនយោបាយ សេដ្ឋកិច្ច និងការទូត ដោយពន្យល់ថា កម្ពុជាធ្លាប់តែជាប្រទេសដែលពឹងពាក់បរទេសជួយចរចាស្វែងរកសន្តិភាព ជួយដោះស្រាយបញ្ហានយោបាយជាដើម ក៏ប៉ុន្តែពេលនោះកម្ពុជា ជាកន្លែងណាត់ជួបរបស់មេដឹកនាំកំពូលៗ មកជជែកជាមួយគ្នាលើបញ្ហាធំៗ របស់ពិភពលោក។

លោកបណ្ឌិត បានថ្លែងថា «ឧទាហរណ៍ថា លោក ចូ បៃដិន ជួបប្រជុំជាមួយមេដឹកនាំនានា។ ការផ្តល់ឱកាស ឲ្យរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន បានលើកឡើងពីបញ្ហាសង្គ្រាម និងការរកដំណោះស្រាយ និងការសន្ទនាក្រៅផ្លូវការជាច្រើនទៀត របស់ថ្នាក់ដឹកនាំពិភពលោក និងតំបន់។ រាជធានីភ្នំពេញ ត្រូវបានគេចងចាំថា ជាកន្លែងសន្ទនាមេដឹកនាំកំពូលៗ ទៅលើវិបត្តិតំបន់ និងពិភពលោក»

បើតាមលោកបណ្ឌិត យ៉ង ពៅ ជោគជ័យមួយទៀត គឺបញ្ជាក់ថា កម្ពុជាដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន មានសមត្ថភាពដ៏អស្ចារ្យ ដោយមេដឹកនាំពិភពលោក មិនមាននរណាម្នាក់ដើរចេញពីកិច្ចប្រជុំទេ ដែលនេះបង្ហាញថា កម្ពុជាមានសមត្ថភាពសម្របសម្រួល និងរៀបចំ។ នេះក៏ជាការបង្ហាញថា កម្ពុជាពិតជាមានសន្តិភាពពេញលេញ ដែលផ្តល់ជំនឿដល់មហាអំណាច ដោយហ៊ានអញ្ជើញមកដោយមិនខ្លាចអ្វី ក៏ដូចជាសមត្ថភាពគ្រប់គ្រងជោគជ័យពីកូវីដ១៩ និងការរៀបចំពិធីការជាដើម៕

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ានប្តូរវេន ២០២២

លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា

លោក ប៊ុនថន សុខាណារិទ្ធ កម្មសិក្សាការីនៃសាលាភូមិន្ទរដ្ឋបាល

លោក នួន ភារម្យ អតីតនិស្សិតនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច

លោក គង់ សុទ្ធារិទ្ធ សិល្បករ

លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា

លោកបណ្ឌិត យ៉ង ពៅ គ្រូបង្រៀនវិទ្យាសាស្ត្រនយោបាយ