(កំពង់ចាម)៖ នៅរសៀលថ្ងៃទី​២០ ខែកក្កដា​ ឆ្នាំ​២០២៣ លោក​ ឌិត​ ទីណា​ អនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ចាម បានចុះសំណេះសំណាល លើកទឹកចិត្ត និងពង្រឹងស្មារតីសមាជិកបក្ស នៅឃុំអូរស្វាយ និងឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដោយមានសកម្មបក្សចូលរួមសរុប ១៥៤នាក់ ស្រី ៣៧នាក់។

ក្នុងពិធីសំណេះសំណាលនេះ លោក ឌិត ទីណា បានត្រួតពិនិត្យពីការត្រៀមលក្ខណៈសម្រាប់ថ្ងៃឃោសនាចុងក្រោយ និងការជំរុញតាមខ្នងផ្ទះសមាជិកបក្សទៅបោះឆ្នោតឱ្យបានគ្រប់គ្នា នៅថ្ងៃបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ខាងមុខនេះ ព្រមទាំងការគ្រប់គ្រងតួលេខអ្នកបោះឆ្នោតឱ្យបានច្បាស់លាស់។

បន្ទាប់បានស្តាប់ការធ្វើបទបង្ហាញ លោក ឌិត ទីណា បានថ្លែងអំណរគុណចំពោះសកម្មជនបក្សដែលបានយកចិត្តទុកដាក់ត្រៀមរៀបចំបានយ៉ាងល្អ ព្រមទាំងបានប្តេជ្ញាសម្រេចឱ្យបានចំនួនអ្នកទៅបោះឆ្នោតឱ្យបាន៩០% ចំនួនសន្លឹកឆ្នោតជូនគណបក្សប្រជាជនកម្ពុជាច្រើនជាង៩០% និងចំនួនសន្លឹកឆ្នោតខូចឱ្យតិចបំផុតធៀបនឹងពេលកន្លងមក ដោយខិតទៅរកសូន្យ។

ជាមួយគ្នានេះដែរ ឯកឧត្តម ក៏បានណែនាំអ្នកគ្រប់គ្រងនិងអ្នកអង្កេតការបក្សត្រូវធ្វើការគ្រប់គ្រងតួលេខទាំង ៣ ខាងលើឱ្យបានច្បាស់លាស់ និងបញ្ជូនឱ្យបានទាន់ពេលវេលា ព្រមទាំងជូនពរឱ្យសម្រេចបានតាមផែនការ ដើម្បីយកជ័យជំនះជូនគណបក្សប្រជាជនកម្ពុជា ឈ្នះឱ្យដាច់ ឈ្នះឱ្យស្អាត ដើម្បីបន្តមាគ៌ាសន្តិភាព និងអភិវឌ្ឍទៅមុខទៀត។
សូមជម្រាបជូនថា យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ មានរយៈពេល ២១ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣ ហើយដែលនឹងត្រូវបិទបញ្ចប់យុទ្ធនាការឃោសនានៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។ នៅក្នុងមណ្ឌលខេត្តកំពង់ចាម មានគណបក្សនយោបាយចូលរួមប្រកួតប្រជែងចំនួន ១២ ដូចជា គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ គណបក្សខ្មែរតែមួយ គណបក្សសញ្ជាតិខ្មែរ គណបក្សខ្មែររួបរួមជាតិ គណបក្សកម្លាំងប្រជាធិបតេយ្យ គណបក្សខ្មែរឈប់ក្រ គណបក្សហ៊្វុនស៉ិនប៉ិច គណបក្សធម្មាធិបតេយ្យ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សយុវជនកម្ពុជា គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា និងគណបក្សប្រជាជនកម្ពុជា៕