(ភ្នំពេញ)៖ ភាពយន្តបែបកំប្លុកកំប្លែង ភ័យរន្ធត់ ព្រឺព្រួច មានចំណងជើងថា«៣០ថ្ងៃ» ដែលជាវណ្ណកម្មថ្មីមួយទៀត របស់ផលិតកម្ម មហាហង្ស នឹងត្រៀមចាក់បញ្ចាំងជូនទស្សនិកជន ទស្សនានៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦នេះ នៅតាមបណ្ដារោងភាពយន្តទំនើបនានា ក្នុងក្រុងភ្នំពេញ និងខេត្តសៀមរាប។
ភាពយន្តរឿង «៣០ថ្ងៃ» បាននិយាយ អំពីដំណើរដើមទងរបស់ក្រុមហ៊ុនមួយ ដែលបានមកជួលផ្ទះក្នុងតម្លៃថោក ប៉ុន្តែម្ចាស់ផ្ទះបាន ប្រាប់ថា បើក្រុមហ៊ុននេះ អាចដំណើរការអាជីវកម្មរបស់ខ្លួន បានលើសពី៣០ថ្ងៃ ពោលឲ្យតែឈានចូលដល់៣១ថ្ងៃម្ចាស់ផ្ទះ នឹងប្រគល់ ឲ្យក្រុមហ៊ុននេះ បន្តអាជីវកម្មរហូតដល់ទៅ ៥ឆ្នាំ ។ លើសពីនេះ អ្វីដែលពិសេសទៅទៀតនោះ គឺម្ចាស់ផ្ទះបានបើកដៃ ឲ្យម្ចាស់ក្រុមហ៊ុន ដែលជាកំឡោះសង្ហា តាមញ៉ែកូនក្រមុំរបស់ខ្លួនឲ្យបានទៀតផង ហើយបើញ៉ែបាន និងត្រូវរ៉ូវគ្នា ម្ចាស់ផ្ទះនឹងលើកឲ្យម្ចាស់ក្រុមហ៊ុន នោះទៀតផង ។
យ៉ាងណាមិញ អ្វីដែលនៅពីក្រោយខ្នង នៃភាពងាយស្រួលនេះ គឺដោយសារតែផ្ទះនេះ មានខ្មោចរស់នៅមួយគ្រួសារមិនព្រមទៅ ចាប់ជាតិអ្វីទាំងអស់ ហើយម្ចាស់ផ្ទះចង់លក់ ឲ្យទៅនរណាផ្សេងក៏មិនបាន ។ ហេតុដូចនេះម្ចាស់ផ្ទះ ចង់សាកទៅលើម្ចាស់ក្រុមហ៊ុន ដែលទើបមកពីបរទេសមួយនេះ ដើម្បីចង់ដឹងថា តើពួកគេមានវិធីសាស្រ្តអ្វី ក្នុងការកំចាត់ខ្មោច ចេញពីផ្ទះនេះហើយក៏ក្នុងបំណងផ្សាសាច់ផ្សាឈាម ជាមួយគ្នាទៀតផង ។
ទោះជាយ៉ាងណា ក្នុងដំណាក់កាលនៃការ បើកអាជីវកម្មលក់ស្រោមអនាម័យ របស់ក្រុមហ៊ុនមកពីបរទេសខាងលើបានជួបប្រទះ នូវអហ្ភូតហេតុជាច្រើន មានទាំងភាពភ័យរន្ធត់ ព្រលឹងចុងសក់ និងកំប្លែងលាយឡំគ្នា ។ ប៉ុន្តែចុងក្រោយ ដោយសារតែមានគ្រូ បង្ក្រាបខ្មោច ដ៏ចម្លែកម្នាក់ប្រាប់ថា ខ្មោចទាំងនោះខ្វះមនោសញ្ចេតនា ទើបពួកគេប្រើយ័ន្តប្លែក និងវិធីកម្ចាត់ពិសេសមួយ ទើបខ្មោចទាំងនោះ ព្រមទៅចាប់ជាតិបានសម្រេច ហើយពួកគេក៏បានស្នាក់នៅគម្រប់៣០ថ្ងៃ ឆ្លងចូល៣១ថ្ងៃ សម្រេចតាមលក្ខខណ្ឌ របស់ម្ចាស់ផ្ទះ យ៉ាងសុខសាន្ត៕