(ភ្នំពេញ)៖ បន្ទាប់ពីខកខានអស់ជាច្រើនដង ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតស៉ីហ្គេម ក្នុងរយៈពេលប្រមាណ ៦៤ឆ្នាំ ព្រោះតែវិបត្តិនៃភ្លើងសង្គ្រាម និងតម្រូវការនៃការកសាងប្រទេសពីភ្លើងសង្គ្រាមឡើងវិញនោះ កម្ពុជាបានសម្រេចបំណង និងមហិច្ឆតារបស់ខ្លួន ទទួលរៀបចំការប្រកួតស៉ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅឆ្នាំ២០២៣នេះ។

ដើម្បីផ្តល់ភាពកក់ក្តៅបន្ថែម ដល់ប្រតិភូកីឡាស៉ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា ឲ្យទទួលបានជោគជ័យ ម្ចាស់ផ្ទះកម្ពុជាមិនតម្រូវឲ្យប្រតិភូកីឡាអាស៉ីអាគ្នេយ៍ទាំងអស់ បង់ថ្លៃហូបចុក-ស្នាក់នៅ ដែលក្នុងម្នាក់ៗ មានតម្លៃ ៥០ដុល្លារអាមេរិក ក្នុង១ថ្ងៃៗនោះឡើយ។ ប្រតិភូកីឡា និងអត្តពលិកអាស៊ានទាំងអស់ ទទួលបានការហូបចុក-ស្នាក់នៅ ដោយឥតគិតថ្លៃ ដែលជាហេតុការណ៍មួយ មិនធ្លាប់មានទាល់តែសោះ ក្នុងប្រវត្តិស៉ីហ្គេម នាពេលកន្លងមក។

ក្រៅពីមិនយកថ្លៃអាហារនិងការស្នាក់នៅ ពីអត្តពលិកនិងប្រតិភូកីឡា កម្ពុជាក៏មិនយកថ្លៃសំបុត្រចូលទស្សនាកីឡា និងសិទ្ធិផ្សព្វផ្សាយថែមទៀតផង។ ការប្រកួតស៉ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលមានកម្ពុជាធ្វើជាម្ចាស់ផ្ទះនោះ ទទួលបានភាពជោគជ័យយ៉ាងត្រចេះត្រចង់ និងទទួលបានការកោតសរសើរ ពីមតិជាតិ និងអន្តរជាតិយ៉ាងខ្លាំង។

សម្រាប់ការប្រកួតកីឡាស៉ីហ្គេម លើកទី៣២ កាលពីថ្ងៃទី០៥-១៧ ខែឧសភា ឆ្នាំ២០២៣ ក្រុមអត្តពលិកជាតិកម្ពុជា ដណ្ដើមបានមេដាយសរុប ២៨២គ្រឿង (មាស ៨១ ប្រាក់ ៧៤ និងសំរឹទ្ធ ១២៧) ឈរចំណាត់ថ្នាក់លេខរៀងទី៤ ក្នុងចំណោម ១១ប្រទេស។ ចំណែកការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ចាប់ពីថ្ងៃទី០៣-០៩ ខែមិថុនា ឆ្នាំ២០២៣ ក្រុមអត្តពលិកជនពិការកម្ពុជា ដណ្ដើមមេដាយសរុប ៧១គ្រឿង (មាស ៩ ប្រាក់ ១៨ និងសំរឹទ្ធ ៤៤) ឈរចំណាត់ថ្នាក់លេខរៀងទី៨ ក្នុងចំណោម ១១ប្រទេសចូលរួម។

នេះគឺជាសមិទ្ធផលធំមួយរបស់រាជរដ្ឋាភិបាលកម្ពុជា នៅអាណត្តិទី៦ ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានឧទ្ទិសស្នាដៃនេះ ជូនបុព្វបុរសខ្មែរគ្រប់ជំនាន់។

ទោះជាយ៉ាងនេះក្តី សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា ជោគជ័យដែលបានពីការរៀបចំព្រឹត្តិការណ៍ស៉ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម មិនមែនជាកម្មសិទ្ធិរបស់សម្ដេចតេជោ ឬរបស់រាជរដ្ឋាភិបាល ឬគណបក្សប្រជាជនកម្ពុជានោះទេ តែជាសមិទ្ធផលរបស់ប្រជាជាតិកម្ពុជាទាំងមូល។

ព្រឹត្តិការណ៍ស៉ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ធ្វើឲ្យមនុស្សម្នាកាន់តែយល់ច្បាស់ពីគុណតម្លៃនៃសន្តិភាព សមដូចពាក្យស្លោកដែលបានរំលេចថា «កីឡារស់ក្នុងសន្តិភាព»