(ភ្នំពេញ)៖ បាំងតែពីរថ្ងៃទៀតនោះ ការបោះឆ្នោតជ្រើសតាំងតំណាង​រាស្ត្រ​នីតិ​កាល​ទី៧ ពេលវេលាប្រជាពលរដ្ឋបញ្ចេញសិទ្ធិជ្រើសរើសមេដឹកនាំដែលខ្លួន​ពេញ​​ចិត្តនឹងឈានចូលមកដល់ហើយ។

ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រដែលមានរយៈពេល៥ឆ្នាំម្តង ជាពេល​វេ​លា​ដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋផ្តល់ការសម្រេចចិត្ត និងផ្តល់ក្តីសង្ឃឹមលើ​គណ​បក្សនយោបាយមានសមត្ថភាពបន្តដឹកនាំប្រទេសឱ្យមានសុខសន្តិភាព និងការរីកចម្រើនទៅមុខជាបន្តទៀត។

គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សបានដឹកនាំប្រទេសកម្ពុជា​អស់​រយៈ​​ពេល​​ជាង៤០ឆ្នាំមកហើយនោះ បានក្លាយទៅជាគណបក្សនយោ​បាយ​មួយ​ទទួលបានការពេញចិត្តខ្ពស់ពីប្រជាពលរដ្ឋជាម្ចាស់ឆ្នោត។ ប្រជាពលរដ្ឋ​ពេញ​ចិត្ត ក៏ដោយសារពួកគេបានមើលឃើញជាក់ស្តែងចំពោះ​ការដឹកនាំ​ប្រទេស​ពី​សំណាក់គណបក្សប្រជាជនកម្ពុជា បានធ្វើឱ្យប្រទេសជាតិមាន​សុខ​សន្តិភាព មានការរីកចម្រើន ហើយជីវភាពរបស់ប្រជាពលរដ្ឋក៏មានភាពល្អ​ប្រសើរ​ជា​លំ​ដាប់​។

ដើម្បីទទួលបានគណបក្សនយោបាយណាមួយមកដឹកនាំប្រទេសតាមបំណងរបស់ខ្លួននោះ ការបោះឆ្នោតនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ គឺជារឿងមួយដ៏ចាំបាច់មិនអាចរំលងចោលបាននោះឡើយ។

ប្រជាពលរដ្ឋដែលស្រឡាញ់គណបក្សប្រជាជនកម្ពុជា ហើយចង់ឱ្យបក្សប្រជា​ជនកម្ពុជាដឹកនាំប្រទេសជាបន្តទៀតនោះ បានត្រៀមខ្លួនរួចរាល់ហើយក្នុងការ​ទៅ​​បោះឆ្នោត។ ប្រជាពលរដ្ឋដែលស្រឡាញ់បក្សប្រជាជនកម្ពុជា បានបង្ហាញ​ការ​ជឿជាក់ថា បក្សប្រជាជននៅតែមានសមត្ថភាព និងឆន្ទៈកសាងសង្គម​កម្ពុជា​​ឱ្យរីកចម្រើន រក្សាបាននូវសុខភាព ជួយឱ្យពលរដ្ឋរស់នៅដោយ​សុខ​សុភមង្គល៕