(ភ្នំពេញ)៖ ខណៈដែលកម្ពុជា-ចិន បានឯកភាពគ្នាកំណត់យកឆ្នាំ២០២៣ ជាឆ្នាំមិត្តភាពកម្ពុជា-ចិន ស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា បានប្រារព្ធខួបលើកទី៦៥ នៃទំនាក់ទំនងការទូតកម្ពុជា-ចិនដ៏យូរអង្វែង នៅថ្ងៃពុធ ទី១៩ ខែកក្កដា នៅក្នុងបរិវេណស្ថានទូតចិន។
ដើម្បីអបអរសាទរទំនាក់ទំនងប្រកបដោយផ្លែផ្ការវាងប្រទេសទាំងពីរ លោក វ៉ាង វិនធាន (Wang Wentian) ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានដឹកនាំនិស្សិតកម្ពុជាមួយក្រុមជាង ២០នាក់ ដែលសិក្សាជំនាញទំនាក់ទំនងអន្តរជាតិនៃសាកលវិទ្យាល័យអាស៊ីអឺរ៉ុប មកទស្សនកិច្ចនៅស្ថានទូត។
លោកឯកអគ្គរដ្ឋទូត បានចែករំលែកទិដ្ឋភាពសំខាន់ៗមួយចំនួននៃចំណងមិត្តភាពកម្ពុជា-ចិន ដោយក្នុងឱកាសនោះ លោកបានលើកឡើងពីការដឹកនាំជាយុទ្ធសាស្ត្រ ដំណើរទស្សនៈកិច្ចផ្លូវការជាប្រវត្តិសាស្ត្ររបស់មេដឹកនាំនៃប្រទេសទាំងពីរ ក៏ដូចជាការអភិវឌ្ឍ និងការគាំទ្រគ្នាទៅវិញទៅមក ដើម្បីធ្វើឱ្យសម្រេចបាននូវសហគមន៍រួមមួយដ៏ល្អប្រសើរ។
លោក វ៉ាង បានបន្ថែមថា ចំណងមិត្តភាពជាប្រពៃណីរវាងកម្ពុជា និងចិន ដែលបង្កើតឡើង និងថែរក្សាយ៉ាងយកចិត្តទុកដាក់ដោយព្រះបរមរតនកោដ្ឋ ព្រះករុណា សម្តេចព្រះនរោត្តម សីហនុ និងលោក ម៉ៅ សេទុង និងលោក ចូវ អេនឡាយ ព្រមទាំងអ្នកដឹកនាំជំនាន់មុនរបស់ចិន គឺជាកំណប់ទ្រព្យដែលប្រជាជនទាំងពីរចែករំលែកជាមួយគ្នា។
ជាមួយគ្នានេះ លោកឯកអគ្គរដ្ឋទូត ក៏បានរំលឹកឡើងវិញនូវកិច្ចសហប្រតិបត្តិការត្បូងពេជ្ររវាងកម្ពុជា និងចិន ដែលផ្តល់អាទិភាពលើវិស័យសំខាន់ៗចំនួន៦ រួមមានកិច្ចសហប្រតិបត្តិការនយោបាយ សមត្ថភាពផលិតកម្ម និងគុណភាព កសិកម្ម ថាមពល សន្តិសុខ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ។
«ទំនាក់ទំនងប្រកបដោយផ្លែផ្ការវាងកម្ពុជា និងចិនត្រូវបានសម្រេចបានគួរឱ្យកត់សម្គាល់ ដោយសារតែគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ (BRI)។ កម្ពុជាទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនពីគំនិតផ្តួចផ្តើមនេះ ដែលស្តែងឡើងតាមរយៈការបង្កើតតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ និងពហុកីឡដ្ឋានជាតិមរតកតេជោ។» នេះជាបញ្ជាក់របស់លោកឯកអគ្គរដ្ឋទូត វ៉ាង វិនធាន។
លោកឯកអគ្គរដ្ឋទូតបានបន្តទៀតថា «នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ ចិន និងកម្ពុជាបានចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (CCFTA) ហើយកិច្ចព្រមព្រៀងនេះបានចូលជាធរមានជាផ្លូវការនៅថ្ងៃទី ១ ខែមករា ឆ្នាំ២០២២កន្លងទៅ។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិន គឺជាព្រឹត្តិការណ៍ដ៏សំខាន់ថ្មីមួយ ក្នុងការអភិវឌ្ឍទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី ដែលនឹងធ្វើឱ្យប្រសើរឡើងនូវសុខុមាលភាពរបស់ស្ថាប័នឯកជន និងប្រជាជននៃប្រទេសទាំងពីរ។»
ទាក់ទិននឹងកិច្ចព្រមព្រៀង CCFTA ឯកអគ្គរដ្ឋទូតបានគូសបញ្ជាក់ថា បច្ចុប្បន្នភាគីចិនកំពុងជំរុញការនាំចេញផ្លែដូងទៅកាន់ទីផ្សារចិន បន្ទាប់ពីកម្ពុជាសម្រេចបាននូវការនាំចេញផ្លែស្វាយ ចេក មៀន និងកសិផលផ្សេងៗទៀតទៅកាន់ទីផ្សារចិន។
ក្រៅពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ឯកអគ្គរដ្ឋទូតក៏បានកោតសរសើរចំពោះវឌ្ឍនភាពនៃការកសាងសហគមន៍នៃអនាគតរួមរវាងកម្ពុជា និងចិន ដោយលោកបានមានប្រសាសន៍ថា «ការកសាងសហគមន៍នៃអនាគតរួមសម្រាប់មនុស្សជាតិ គឺជាចំណុចសំខាន់មួយដើម្បីជំរុញវិបុលភាព និងការអភិវឌ្ឍ។»
នាឱកាសនោះ និស្សិតកម្ពុជា បានឆ្វេងយល់កាន់តែស៊ីជម្រៅអំពីទំនាក់ទំនងកម្ពុជា-ចិនដែលមិនអាចកាត់ផ្តាច់បាន ព្រមទាំងទទួលបានអនុសាសន៍ល្អៗ ដែលចែករំលែកដោយលោកឯកអគ្គរដ្ឋទូត។ ក្រុមនិស្សិតក៏ត្រូវបានអញ្ជើញឱ្យចូលរួមយ៉ាងសកម្មក្នុងសកម្មភាពផ្សេងៗដូចជា ការស្លៀកសម្លៀកបំពាក់ហានហ្វូ ដែលជាសម្លៀកបំពាក់របស់ជនជាតិហាន ការកាត់ក្រដាសជាទម្រង់ផ្សេងៗ និងការសរសេរអក្សរផ្ចង់ចិន ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏ចំណាស់បំផុតរបស់ប្រទេសចិន ក៏ដូចជាប្រពៃណី និងវប្បធម៌ដ៏សម្បូរបែប។
ជាចុងក្រោយ លោកឯកអគ្គរដ្ឋទូត វ៉ាង វិនធាន បានប្តេជ្ញានឹងសហការជាមួយភាគីកម្ពុជាក្នុងការផ្តល់អាហារូបករណ៍បន្ថែមទៀតដល់និស្សិតកម្ពុជា និងលើកទឹកចិត្តឱ្យមានការផ្លាស់ប្តូរយុវជនរវាងប្រទេសទាំងពីរ។
កម្មពិធីនេះបានបញ្ចប់ដោយវគ្គភ្លក់អាហារសម្រន់ចម្រុះរបស់ប្រទេសចិនជាច្រើនមុខ។
គួរបញ្ជាក់ផងដែរថា ឆ្នាំ២០២៣ គឺជាខួបលើកទី៦៥ នៃទំនាក់ទំនងការទូតរវាងប្រទេសចិន និងកម្ពុជា និងខួបលើកទី១០ នៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ។
មិត្តភាពរវាងកម្ពុជា និងចិន ត្រូវបានចាក់ឫស តាមរយៈគោលការណ៍ចំនួន ៥នៃការរួមរស់ជាមួយគ្នាដោយសន្តិវិធី រួមមាន ការគោរពបូរណភាពទឹកដី និងអធិបតេយ្យភាពរបស់គ្នាទៅវិញទៅមក ការមិនឈ្លានពានគ្នាទៅវិញទៅមក ការមិនជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់គ្នាទៅវិញទៅមក សមភាព និងផលប្រយោជន៍ទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការដោយសន្តិភាព និងអត្ថិភាព។ ប្រទេសទាំងពីរកំពុងរួមគ្នាដោះស្រាយបញ្ហាប្រឈមទូទៅ និងជាសកល ពង្រឹងទំនាក់ទំនងនៅគ្រប់កម្រិត និងគ្រប់វេទិកាទាំងអស់ ព្រមទាំងពង្រឹងការយល់ដឹងអំពីគ្នាទៅវិញទៅមក ដើម្បីធានាថាប្រទេសទាំងពីរនឹងបន្តសមិទ្ធិផលដ៏អស្ចារ្យទាំងនៅថ្នាក់ជាតិ តំបន់ និងពិភពលោក៕