(សៀមរាប)៖ ដើម្បីបង្កើនគុណភាពនៃការទស្សនា និងលើកតម្លៃប្រាសាទ ក៏ដូចជាផ្តល់នូវបទពិសោធន៍ល្អៗជូនភ្ញៀវទេសចរ អាជ្ញាធរជាតិអប្សរាបានសិក្សាស្រាវជ្រាវ និងរៀបចំខ្សែទស្សនាថ្មីនៅប្រាសាទចំនួន២ គឺប្រាសាទអង្គរវត្ត និងប្រាសាទបន្ទាយស្រី។
បើតាមសេចក្ដីជូនដំណឹងរបស់អាជ្ញាធរជាតិអប្សរា ខ្សែទស្សនាថ្មីមានជម្រើសដូចខាងក្រោម៖
១. ប្រាសាទអង្គរវត្ត មានបីជម្រើសដូចជា៖ ខ្សែទស្សនារយៈពេលខ្លី «ទិសដៅទស្សនាបែបទេសចរ» រយៈពេល២ម៉ោង។ ខ្សែទស្សនារយៈពេលមធ្យម «ទិសដៅទស្សនាបែបជំនឿ-សាសនា» រយៈពេល២ម៉ោង៣០នាទី និងខ្សែទស្សនារយៈពេលវែង «ទិសដៅទស្សនាបែបប្រវត្តិសាស្ត្រ» រយៈពេល៣ម៉ោង។
២. ប្រាសាទបន្ទាយស្រី មានពីរជម្រើសដូចជា៖ ជម្រើសរយៈពេលខ្លីមានរយៈពេល១ម៉ោង២០នាទី និងជម្រើសរយៈពេលវែងមាន រយៈពេល១ម៉ោង៤០នាទី។
ខ្សែទស្សនាថ្មីនេះ គ្រោងនឹងដាក់ឱ្យដំណើរការសាកល្បងចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣តទៅ។ តាមរយៈនេះ ហេដ្ឋារចនាសម្ពន្ធ និងបរិក្ខារចាំបាច់នានា ដូចជាជណ្តើររនាំង ខ្សែរបារ ស្លាកសញ្ញាប្រាប់ទិសដៅទស្សនា ផ្ទាំងព័ត៌មានបរិយាយពីចម្លាក់ នៅតាមជញ្ជាំងថែវជាដើម ត្រូវបានរៀបចំថ្មីបន្ថែមរួចរាល់ ដើម្បីសម្រួលដល់ការដាក់ដំណើរការសាកល្បងនេះ៕