(កណ្តាល)៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា គ្រោងបង្កើតមជ្ឈមណ្ឌលពីរបន្ថែមទៀត នៅបុរីកុមារមិត្តភាពកម្ពុជា-បា រាំង-ហុងគ្រី ស្ថិតក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល សម្រាប់ផ្តល់សេវាជូនជនវិកលចរិត និងទុកដាក់ជនរងគ្រោះ អនាថា ដែលជាអនីតិជន។
ក្នុងដំណើរចុះពិនិត្យហេដ្ឋរចនាសម្ព័ន្ធ ក៏ដូចជាសំណេះសំណាល ជាមួយកុមារនៅបុរីកុមារមិត្តភាពកម្ពុជា-បារំាង-ហុងគ្រី នៅថ្ងៃទី២៩ ខែកក្តដា ឆ្នាំ២០១៦ លោក ឃួន រ៉ានីន រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា បានឲ្យដឹងថាមណ្ឌលដែលគ្រោងបង្កើតនេះ ដើម្បីជួយផ្តល់សេវាព្យាបាល និងពិគ្រោះយោបល់ដល់ជនវិកលចរិត ហើយក៏ដើម្បីទុកដាក់ជនរងគ្រោះ ជនអនា ថាជាអនីតិជនឲ្យបានល្អប្រសើរ។
បើតាមលោក ឃួន រ៉ានីន ដើម្បីដំណើរការមណ្ឌលនេះ ក្រសួងគ្រោងនិងជួសជុលអគារចាស់ ដែលមានស្រាប ព្រមទាំងស្នើរាជរដ្ឋាភិបាល បង្កើតមណ្ឌលថ្មីមួយអគារថែមទៀត។ លោក ឃួន រ៉ានីន បន្តថា មណ្ឌល ដែលគ្រោងបង្កើតថ្មីក្រៅពី ផ្តល់សេវាព្យាបាល និង ពិគ្រោះយោបល់ហើយនោះ ក៏មានការបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈផ្សេងៗដល់ជនអនាថា និងគ្មានទីពឹងផងដែរ។
លោក ឃួន រ៉ានីន បានហៅអ្វី ដែលក្រសួងកំពុងគិតគូរនេះ គឺជាការយកចិត្តទុកដាក់ចំពោះជនវិកលចរិត និងជនអនាថាពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ដើម្បីជួយសម្រាលទុក្ខលំបាក របស់ប្រជាពលរដ្ឋ ក៏ដូចជាដោះស្រាយបញ្ហានៅក្នុងសង្គម។
សូមបញ្ជាក់ថា នៅក្នុងដំណើរចុះពិនិត្យអគារ និងសំណេះសំណាលនេះ លោក ឃួន រ៉ាននីន ក៏បានបានផ្តល់គ្រឿងឧបភោគ និង បរិ ភោគ រួមនិងថវិកាមួយចំនួនដល់បុរីកុមារមិត្តភាព កម្ពុជា-បារាំង-ហុងគ្រីផងដែរ៕